លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អានឹងផ្តោតសំខាន់អាទិភាពរបស់លោកលើការរក្សាសុវត្ថិភាពពលរដ្ឋអាមេរិកាំង។ លោកនឹងថ្លែងដូច្នេះក្នុងសុន្ទរកថាដ៏កម្រមួយ ដែលនឹងធ្វើឡើងនៅយប់ថ្ងៃអាទិត្យនេះនៅការិយាល័យប្រធានាធិបតី Oval Office នៅសេតវិមាន។
អ្នកនាំពាក្យនិយាយថា លោកប្រធានាធិបតីនឹងថ្លែងអំពីព្រឹត្តិការណ៍ចុងក្រោយទាក់ទងនឹងការស៊ើបអង្កេតការបាញ់សម្លាប់រង្គាលនៅរដ្ឋ California កាលពីថ្ងៃពុធ ហើយលោកនឹងពិភាក្សាអំពីការគំរាមកំហែងច្រើនឡើងរបស់ភេរវកម្ម ហើយអំពីវិធីទប់ស្កាត់។ សុន្ទរកថានឹងជាសុន្ទរកថាទីបីដែលលោកថ្លែងពីការិយាល័យ Oval Office របស់លោក។ ការិយាល័យនេះជាកន្លែងសម្រាប់ប្រធានាធិបតីថ្លៃងសុន្ទរកថាសំខាន់ៗបំផុត។
លោកប្រធានាធិបតីអូបាម៉ាបានថ្លែងសុន្ទរកថាចុងក្រោយពីការិយាល័យ Oval Office នេះពេលលោកប្រការការបញ្ចប់ប្រតិបត្តិការប្រយុទ្ធរបស់កងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១០។ ការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធនៃស.រ.អា (FBI) កំពុងបន្តការស៊ើបអង្កេតអំពីអ្វីមូលហេតុដែលនាំឲ្យ Syed Rizwan Farook មានកំណើតនៅស.រ.អា និងប្រពន្ធរបស់គាត់ជាជនជាតិប៉ាគីស្ថានឈ្មោះ Tashfeen Malik ធ្វើការបាញ់សម្លាប់មនុស្ស១៤នាក់ និងធ្វើឲ្យរបួស២១នាក់ទៀតនៅកន្លែងជួបជុំរបស់បុគ្គលិករដ្ឋាភិបាលមូលដ្ឋាននៅទីក្រុង San Bernardino។
កាលពីថ្ងៃសៅរ៍អាជ្ញាធរបានចូលឆែកផ្ទះមួយនៅតំបន់ Redlands ដែលគេជឿថា ជាផ្ទះរបស់មនុស្សម្នាក់ដែលបានទិញកាំភ្លើងយន្ត Syed Rizwan Farook និង Tashfeen Malik ប្រើក្នុងការបាញ់ប្រហារនោះ។ លោក Farook ធ្លាប់បានរស់នៅជិតផ្ទះនោះ ហើយអ្នកជិតខាងនិយាយថា គាត់ជាមិត្តភក្តិនឹងបុរសដែលរស់នៅក្នុងផ្ទះនោះ។ តែការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធមិននិយាយលម្អិតអំពីការឆែកឆេរនៅទេ។
មិនទាន់មានការចោទប្រកាន់បុរសនោះទេ និងគាត់បានទៅពិនិត្យសុខភាពផ្លូវចិត្ត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃពុធ។ Syed Rizwan Farook និង Tashfeen Malik បានគេចខ្លួនពីកន្លែងកើតហេតុ តែប៉ូលិសបានរកឃើញឡានរបស់គាត់។ អ្នកទាំងពីរនេះបានស្លាប់ក្នុងការបាញ់ជាមួយប៉ូលិស។ ប៉ូលិសបានរកឃើញគ្រាប់បែក សម្ភារៈធ្វើគ្រាប់បែក និងគ្រាប់រំសេវច្រើនពាន់គ្រាប់ក្នុងផ្ទះរបស់ពួកគេ។ ការស៊ើបអង្កេតនៅបន្តទៀត៕