ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា លោកនឹងយល់ព្រមការបញ្ជូនកងកម្លាំងពិសេសរហូតដល់២៥០នាក់ទៀត ទៅកាន់ប្រទេសស៊ីរីដើម្បីពង្រឹងកម្លាំងប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ប៉ុន្តែលោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវដល់សម្ព័ន្ធមិត្តអឺរ៉ុបឲ្យទទួលយក «បន្ទុកមួយចំណែកដែរ»។
ក្នុងពេលថ្លែងសុន្ទរកថានៅក្នុងប្រទេសអាល្លឺម៉ង់ លោក អូបាម៉ា មានប្រសាសន៍ថា កងកម្លាំងពិសេសរបស់អាមេរិកទាំងនេះ «នឹងមិនដឹកនាំការប្រយុទ្ធក្នុងសមរភូមិផ្ទាល់ទេ ប៉ុន្តែពួកគេនឹងដើរតួនាទីដ៏សំខាន់» ក្នុងដំណើរការ ដែលគេបានធ្វើក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដើម្បីនឹងប្រឆាំងកងកម្លាំងរបស់ក្រុមរដ្ឋឥស្លាម។
លោកប្រធានាធិបតីអាមេរិក បានបន្តថាសហរដ្ឋអាមេរិកមិនអាចឈ្នះសមរភូមិ តែម្នាក់ឯងបានទេ តែផ្ទុយទៅវិញសហរដ្ឋអាមេរិកនឹងពឹងលើ «សហភាពអឺរ៉ុបដ៏ខ្លាំងមួយ ដើម្បីទទួលយកបន្ទុកមួយចំណែក» សម្រាប់សន្តិសុខរួមគ្នា។
លោកថ្លែងថា «សាមគ្គីភាពនិងវិបុលភាពរបស់អឺរ៉ុបបានចាក់ឫសគល់ជាមួយនឹងវិបុលភាពផ្ទាល់របស់យើង ដូច្នេះសហភាពអឺរ៉ុបដែលរួបរួមគ្នាស្អិតរមួត គឺជាភាពចាំបាច់សម្រាប់ពិភពលោក»។
នៅថ្ងៃច័ន្ទនេះដែរ លោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំមកពី បារាំង អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី ដើម្បីពិភាក្សាថាតើប្រទេសទាំងនេះ អាចរួមចំណែកអ្វីបានខ្លះ ខាងកងកម្លាំង និងការឧបត្ថម្ភខាងហិរញ្ញវត្ថុដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម៕