ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានចាកចេញពីប្រទេសអង់គ្លេស ហើយកំពុងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះ លោកនិងលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ នឹងពិភាក្សាបញ្ហាសេដ្ឋកិច្ចសកលលោក បញ្ហាភេរវកម្ម សន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិចនិងបញ្ហាផ្សេងៗជាច្រើនទៀត ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក អូបាម៉ា នៅក្នុងប្រទេសអាល្លឺម៉ង់នោះ។
លោក អូបាម៉ា នឹងពិភាក្សាជាមួយលោកស្រី Merkel ក្រោយពីលោកធ្វើដំណើរទៅដល់ទីក្រុងHannover នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអង់គ្លេស ដែលនៅទីនោះ លោក បានពិភាក្សាបញ្ហាផ្សេងៗជាច្រើន រួមទាំងបញ្ហាពាណិជ្ជកម្មផងដែរ។
ក្រោយពីថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លោក អូបាម៉ា និងលោកស្រី Merkel ក៏នឹងបើកសម្ភោធជាផ្លូវការ ពិពណ៌ពាណិជ្ជកម្ម Hannover Messe ដែលគេចាត់ទុកថា ជាពិពណ៌ពាណិជ្ជកម្មឈានមុខគេនៅលើពិភពលោក ខាងវិស័យបច្ចេកវិទ្យាឧស្សាហកម្ម។
ក្រុមអ្នករៀបចំការតាំងពិពណ៌នេះ រំពឹងថា នឹងមានក្រុមហ៊ុនដាក់តាំងបង្ហាញផលិតផល ចំនួន៦៥០០ ក្រុមហ៊ុន និងអ្នកទស្សនាជាង២សែននាក់ មកពីប្រទេសសរុបចំនួន៧០ប្រទេស ចូលរួមក្នុងពិធីតាំងពិពណ៌នេះ។
មន្ត្រីសេតវិមាន និយាយថា ព្រឹត្តិការណ៍នេះ បង្ហាញពីសារសំខាន់នៃកិច្ចសហការរវាងអាមេរិកនិងអាល្លឺម៉ង់ លើបញ្ហាជាច្រើន រួមទាំងពាណិជ្ជកម្មនិងជំនួញផងដែរ។
ប្រទេសទាំងពីរ សង្ឃឹមថា នឹងគាំទ្រឲ្យមានកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគឆ្លងមហាសមុទ្រអាត្លង់ទិច ឬ TTIP។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កំពុងត្រូវបានចរចាដោយសហរដ្ឋអាមេរិកនិងសភាពអឺរ៉ុប៕