លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានដាក់កម្រងផ្កាមួយនៅឯផ្នូរសពទាហានអនាមិកដែលជាផ្នែកមួយនៃការប្រារព្ធប្រចាំឆ្នាំនៃទិវារំឮកវិញ្ញាណក្ខណ្ឌយុទ្ធជននៅក្នុងស.រ.អា.។
ក្នុងពិធីនៅឯកន្លែងបញ្ចុះសពជាតិ Arlington មានការចូលរួមពីសំណាក់ក្រុមឥស្សរជន ក្រុមបុគ្គលិកយោធា និងគ្រួសារទាហានជើងចាស់។
ថ្លែងនៅក្នុងពិធីនោះ លោកអូបាម៉ាបានរំឮកដល់ក្រុមបុរសនិងក្រុមស្ត្រីដែលបានបូជាជីវិតដើម្បីថែរក្សាសេរីភាពស.រ.អា.និងធ្វើឱ្យពលរដ្ឋអាមេរិកាំងមានសុវត្ថិភាព។ លោកក៏បានកត់សម្គាល់ដែរថានេះជាទិវារំឮកវិញ្ញាណក្ខណ្ឌទីមួយចាប់តាំងពីសង្គ្រាមអាហ្វហ្គានីស្ថានបានចប់។ លោកប្រធានាធិបតីបានមានប្រសាសន៍ថាប្រទេសអាហ្វហ្គានីស្ថាននៅតែជាកន្លែងមួយដែលមានគ្រោះថ្នាក់ហើយនៅមានទាហានអាមេរិកាំងតិចជាងមួយម៉ឺននាក់ក្នុងប្រទេសនេះដើម្បីហ្វឹកហ្វឺននិងជួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
សហគមន៍ជាច្រើននៅទូទាំងប្រទេសអាមេរិកផ្តល់កិត្តិយសជូនក្រុមយុទ្ធជនដែលបានបូជាជីវិតក្នុងសង្គ្រាមជាមួយការដង្ហែរក្បួន ការប្រគុំតន្ត្រីនិងពិធីបុណ្យបែបជាតិនិយមរបស់ជនឯទៀតនឹងប្រារព្ធទិវានេះ ព្រមទាំងមានការជញ្ជឹងគិតដោយស្ងាត់ស្ងៀមអំពីជនដែលបានបាត់បង់ជីវិតនៅពេលបំពេញសេវាកម្មយោធាផងដែរ។
កាលពីថ្ងៃអាទិត្យក្រុមអ្នកជិះម៉ូតូរាប់ពាន់នាក់បានបើកម៉ូតូកាត់រដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ការប្រជុំ Rolling Thunder ប្រចាំឆ្នាំដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើក្រុមអ្នកទោសសង្គ្រាមនិងជនដែលបានបាត់ខ្លួនក្នុងសង្គ្រាម៕