លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា និយាយថាក្រោយពេលក្រុមមន្ត្រីរដ្ឋាភិបាលបានដឹងថារុស្ស៊ីបានលួចចូលប្រព័ន្ធកុំព្យូទ័ររបស់គណកម្មការជាតិនៃគណបក្សប្រជាធិបតេយ្យរួចមក លោកបានប្រាប់លោកប្រធានាធិបតី Vladimir Putin ថាឲ្យឈប់ធ្វើបែបនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ G-២០ ក្នុងប្រទេសចិនកាលពីខែកញ្ញា។
ក្នុងអំឡុងសន្និសីទព័ត៌មានចុងឆ្នាំរបស់លោកនៅសេតវិមានកាលពីថ្ងៃសុក្រ ដែលអាចជាសន្និសីទព័ត៌មានពេញលេញចុងក្រោយរបស់លោកក្នុងតំណែងជាប្រធានាធិបតីនោះ លោកអូបាម៉ាបានថ្លែងថា ក្រុមមន្ត្រីស៊ើបការសម្ងាត់របស់ស.រ.អា បានដឹងអំពីទំហំនៃការលួចចូលប្រព័ន្ធកុំព្យូទ័រធ្វើឡើងដោយរុស្ស៊ីទៅក្នុងគណកម្មការជាតិនៃគណបក្សប្រជាធិបតេយ្យ កាលពី៦ខែមុន។ លោកប្រធានាធិបតីបានថ្លែងថា ការព្រួយបារម្ភចម្បងរបស់លោក គឺធានាថាការវាយប្រហារតាមអ៊ីនធឺណិត នឹងមិនកើនឡើង ហើយនឹងមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតពិតប្រាកដ។ ដើម្បីធានាថារឿងនេះមិនកើតឡើង លោកអូបាម៉ាបានថ្លែងថានៅពេលដែលលោកបានឃើញលោក Putin ក្នុងប្រទេសចិន លោកមានអារម្មណ៍ថាវិធីដែលមានប្រសិទ្ធិភាពបំផុត គឺនិយាយជាមួយលោក Putin ផ្ទាល់តែម្តង ហើយបា្រប់លោកថាឲ្យឈប់ធ្វើអំពើបែបនេះ ហើយថានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរបើសិនជាលោកមិនឈប់ទេនោះ៕