ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Clinton​ មិន​ស្រួល​ខ្លួន​ហើយ​បាន​ចាក​ចេញ​យ៉ាង​លឿន​ពី​ពិធី​រំឭក​ខួប​ថ្ងៃ​១១កញ្ញា


លោក​ស្រី​ Clinton ដើរ​ចូល​ក្នុង​ឡាន​មួយ​នៅ​ពេល​លោក​ស្រី​ចាក​ចេញ​ពី​អាផាតមិន​កាល​ពី​ថ្ងៃ​ទី​១១​កញ្ញា នៅ​បុរីញូវយ៉ក។ ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​របស់​លោក​ស្រី​និយាយ​ថា លោក​ស្រី​បាន​ចាក​ចេញ​ដោយ​សារ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង។
លោក​ស្រី​ Clinton ដើរ​ចូល​ក្នុង​ឡាន​មួយ​នៅ​ពេល​លោក​ស្រី​ចាក​ចេញ​ពី​អាផាតមិន​កាល​ពី​ថ្ងៃ​ទី​១១​កញ្ញា នៅ​បុរីញូវយ៉ក។ ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​របស់​លោក​ស្រី​និយាយ​ថា លោក​ស្រី​បាន​ចាក​ចេញ​ដោយ​សារ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង។

លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិន​ស្រួល​ខ្លួន​ បាន​ចាក​ចេញ​ជា​បន្ទាន់​ពី​ពិធី​មួយ​ក្នុងបូរី​ញូវយ៉ក​ កាល​ពី​ថ្ងៃអាទិត្យ​ដើម្បី​រំឭក​ខួប​ឆ្នាំ​ទី​១៥​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ឆ្នាំ២០០១​ ក៏​ប៉ុន្តែ​នៅ​ពេល​បន្ទាប់​មក​ក្រុម​អ្នក​ឃោសនាបោះ​ឆ្នោត​ជូន​លោក​ស្រី​បាន​និយាយ​ថា ​លោក​ស្រី​«បាន​ស្រួល​ខ្លួន​ជាង​មុន​ហើយ»។

​ក្រុម​អ្នកឃោសនា​បោះឆ្នោត​ជូន​លោក​ស្រី​បាន​និយាយ​ថា​ លោកស្រី​«រង​កម្តៅ​ខ្លាំង»​នៅ​ក្នុង​ពិធី​នៅ​ឯ​ Ground Zero​ ដែល​ជា​កន្លែង​ដែល​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ ឆ្នាំ​២០០១​ ពួក​ភេរវជន​អាល់​កៃ​ដា (al-Qaida) បាន​បើក​យន្តហោះ​ប្រតិកម្ម​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​ហោះ​បុក​ទម្លាយ​អាគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នាំ​ឱ្យ​អាគារ​ទាំង​ពីរ​នេះ​បាក់​រលំ​និង​នាំ​ឱ្យ​មនុស្ស​ជិត​៣ពាន់​នាក់​បាត់​បង់​ជីវិត។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​អ្នក​ឃោសនា​បោះ​ឆ្នោត​ជូន​លោកស្រី​បាន​និយាយ​ថា​លោក​ស្រី​ Clinton ​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ចំនួន​៩០​នាទី​«ដើម្បី​សម្តែង​ការគោរព​របស់​លោក​ស្រី​ និង​រាក់​ទាក់​ជាមួយ​គ្រួសារ​នៃ​ក្រុម​ជន​ដែល​បានស្លាប់។ ក៏​ប៉ុន្តែ​នៅ​ពេល​លោក​ស្រី​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង​ ពួក​អ្នក​ការពារ​សន្តិសុខ​លោក​ស្រី​បាន​ដឹក​បេក្ខជន​អាយុ​៦៨​ឆ្នាំ​នេះ​ទៅ​កាន់​ផ្ទះ​អាផាតមិន​ របស់​អ្នក​ស្រី ​Chelsea ​ជា​កូនស្រី​របស់​លោក​ស្រី​នៅ​ក្នុង​បូរី​ញូវយ៉ក។

ពីរបី​ម៉ោង​បន្ទាប់​មក​ លោកស្រី​ Clinton ​បាន​ចាក​ចេញ​ពីផ្ទះ​កូន​ស្រី​លោក​ស្រីហើយ​បាន​ចាប់​ឱប​កុមារ​ម្នាក់​និង​បាន​គ្រវី​ដៃ​ទៅ​ពួក​អ្នក​ឈរ​នៅ​ជិត​ទីនោះ​ ហើយ​បន្ទាប់​មក​លោក​ស្រី​បាន​ចេញ​ដំណើរ​តាម​ក្បួន​រថយន្ត​លោកស្រី។​

នៅ​ពេល​លោក​ស្រី​ចាក​ចេញ​ពី​ទីនោះ​ លោកស្រី Clinton​ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​មាន​អារម្មណ៍​ល្អ​អស្ចារ្យ​ នេះ​ជា​ថ្ងៃ​ល្អ​មួយ​នៅ​ New York»។

កាលពី​ពេល​មុន​នេះ​ នៅ​ក្នុង​វីដេអូ​មួយ​ផ្សព្វផ្សាយ​តាម​ Twitter ​បាន​បង្ហាញ​ឱ្យ​ឃើញ​លោកស្រី​ Clinton ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​បាន​ចំ​ពប់​ជើង​នៅ​ឯ​ចិញ្ចើម​ថ្នល់​មួយ ​នៅ​ពេល​លោក​ស្រី​ចាក​ចេញ​ពី​ពិធី​រំឭក​ការ​វាយ​ប្រហារ​ភេរវកម្ម​៩​កញ្ញា​ ដោយ​លោកស្រី​ទន់​ជង្គង់​ហើយ​ពួក​សហការី​បាន​ជួយ​លោកស្រី​ឱ្យ​ចូលក្នុង​ឡាន​វ៉ែន​មួយ​គ្រឿង។​ នៅ​ពេល​ដែល​លោក​ស្រី​ឋិតក្នុង​ពិធី​នោះ​ ធាតុ​អាកាស​ក្តៅ​ឧណ្ហៗ​ហើយ​មាន​សំណើម​ផងដែរ៕

XS
SM
MD
LG