ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងទៅកាន់សាធារណជន អាមេរិកថាការបាញ់ប្រហារកាលពីសប្តាហ៍មុន នៅរដ្ឋកាលីហ្វ័រញ៉ាគឺជា«អំពើភេរវកម្ម ដែលប្រព្រឹត្តឡើង ដើម្បី សម្លាប់មនុស្សដែលគ្មានកំហុស។»
នៅក្នុងការថ្លែងដ៏កម្រមួយចេញពីការិយាល័យរបស់លោក ដែលចាក់ផ្សាយតាមទូរទស្សន៍កាលពីយប់ថ្ងៃអាទិត្យ លោកអូបាម៉ា បានពិភាក្សាអំពិការវាយប្រហារនោះ ហើយព្យាយាមធានាជាថ្មីម្តងទៀត នៅចំពោះមុខ ពលរដ្ឋអាមេរិកអំពីយុទ្ធសាស្ត្ររបស់ស.រ.អា ដើម្បីយកឈ្នះលើភាពភ័យខ្លាច។
លោកប្រធានាធិបតី បាននិយាយថា ឃាតករទាំងពីរនាក់ប្តីប្រពន្ធនោះ បានជ្រើសយក «ផ្លូវងងឹតនៃភាពជ្រុលនិយម ហើយប្រកាន់យកការបកស្រាយអំពីសាសនាឥស្លាមដែលនាំទៅរកផ្លូវអាក្រក់»។
ប៉ុន្តែ លោកអូបាម៉ា និយាយថា នៅមិនទាន់មានភស្តុតាងដែលបញ្ជាក់ថា ប្តីប្រពន្ធមួយគូរ ដែលបានធ្វើការវាយប្រហារនោះ ធ្វើតាមបញ្ជាររបស់ក្រុមភេរវករនៅបរទេសណាមួយទេ ឬក៏ថា ពួកគេទាំងពីរនាក់ គឺជាផ្នែកមួយនៃការសមគំនិតប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងសហរដ្ឋអាមេរិកណាមួយឡើយ។
ប្តីឈ្មោះ Syed Rizwan Farook ដែលកើតនៅសហរដ្ឋអាមេរិក និងប្រពន្ធរបស់គាត់ ដែលជាជនជាតិប៉ាគីស្ថាន ឈ្មោះ Tashfeen Malik បានសម្លាប់មនុស្ស១៤នាក់ និងធ្វើឲ្យរបួស២១នាក់ទៀត នៅឯពិធីជប់លៀងជួបជុំបុគ្គលិករដ្ឋាភិបាលមួយកាលពីថ្ងៃពុធ សប្តាហ៍មុន ក្នុងទីក្រុង San Bernardino ដែលស្ថិតនៅចម្ងាយប្រមាណ១ម៉ោង បើធ្វើដំណើរតាមរថយន្តពីក្រុង Los Angeles ៕