លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកអំពីការមិនសប្បាយចិត្តរបស់លោកអំពី «កិច្ចការធ្វើមិនទាន់ចប់» ដើម្បីត្រួតត្រា «បញ្ហារាតត្បាតនៃអំពើហិង្សាដោយប្រើអាវុធ» នៅក្នុងសហរដ្ឋអាមេរិកដោយលោកបានមានប្រសាសន៍ថា «តើនឹងមានលទ្ធផលបែបណាប្រសិនបើសភាបានចាត់វិធានការណាមួយដើម្បីការពារក្រុមកុមាររបស់យើងពីអំពើឃោរឃៅដោយប្រើកាំភ្លើង»។
លោកប្រធានាធិបតីបានសាកសួរថា «យើងដឹងថាយើងមិនអាចបញ្ឈប់សកម្មភាពឃោរឃៅទាំងអស់បានទេ។ ក៏ប៉ុន្តែប្រសិនបើយើងព្យាយាមបញ្ឈប់អំពើហិង្សាតែមួយគត់ តើការណ៍នេះនឹងមានផលបែបណា «ដោយលោកនិយាយសំដៅយ៉ាងច្បាស់ដល់ក្រុមសមាជិកសភាស.រ.អា.ដែលគ្មានជោគជ័យច្រើនដងមកហើយក្នុងការចាត់វិធានការណាមួយដែលអាចកាត់បន្ថយអំពើហិង្សាដែលរាតត្បាតនេះ។
លោកអូបាម៉ាបានមានប្រសាសន៍ថា កាលពីបីឆ្នាំមុននេះ «សេចក្តីព្រាងច្បាប់សុភនិច្ឆ័យ» មួយរបស់គណបក្សទាំងពីរដែលតម្រូវឱ្យមានការពិនិត្យប្រវត្តិរបស់ «មនុស្សគ្រប់គ្នាដែលទិញកាំភ្លើង» ជាវិធានការមួយមានការគាំទ្រពី «ចំនួន៩០ភាគរយនៃពលរដ្ឋអាមេរិកាំង»។ លោកបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះក៏មានការគាំទ្រពីសមាជិកភាគច្រើននៃសមាគម
កាំភ្លើងវែងរបស់ជាតិដែរ ក៏ប៉ុន្តែ «ក្រុមអ្នកការពារការផលិតកាំភ្លើងបានប្រមូលគ្នាប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ហើយព្រឹទ្ធសភាស.រ.អា.ក៏បានរារាំងសេចក្តីព្រាងច្បាប់នេះ»។