ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អាដហុក​ឈប់​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​នាង ខុម ចាន់តារាទី


នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

សមាគម​អាដហុក​បាន​បញ្ជាក់​ថា​កាសម្រេច​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​ស្រីមុំ​​បាន​ផ្តល់​ចម្លើយ​ទៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ សំឡេង​ស្រ្តី​ក្នុង​ខ្សែ​អាត់​​ ដែល​គេ​សង្ស័យ​ថា​ ជា​ការ​សាសង​ស្នេហា​រវាង​រូប​នាង​ និង​លោក​ កឹម ​សុខា​ នោះ​គឺ​ជា​សំឡេង​របស់​នាង​។

សមាគម​អាដហុក​បាន​ចេញ​សេក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រនេះ​ថា​ នាង ខុម​ ចាន់តារាទី​ ហៅ​ស្រីមុំ​ លែងទទួល​បាន​មេធាវី​សម្រាប់​ការពារ​ក្តី​ក្តាំ​នាង​ទៀត​ហើយ​ បន្ទាប់​ពី​នាង​បាន​ផ្តល់​ចម្លើយ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ សំឡេង​ស្រ្តី​ក្នុង​ខ្សែ​អាត់ ដែល​គេ​សង្ស័យ​ថា​ ជា​ការ​សាសង​ស្នេហា​រវាង​រូប​នាង​ និង​លោក​ កឹម ​សុខា​ នោះ​គឺ​ជា​សំឡេង​របស់​នាង​។

នាង ខុម​ ចាន់តារាទី​ ហៅ​ ស្រីមុំ​ ឈប់ទទួល​បាន​ការ​គាំទ្រ​ជំនួយ​ផ្នែក​ច្បាប់​ពី​សមាគម​អាដហុក​ ទៀត​ហើយ បន្ទាប់​ពី​នាង​បាន​ទទួល​ស្គាល់​ថា គឺ​សំឡេង​របស់​នាង​នៅ​ក្នុង​ខ្សែអាត់​សំឡេង​សាសង​ស្នេហា​ ជាមួយ​បុរស​ម្នាក់ ដែល​គេ​ចោទ​ថា​ ជា​លោក​ ​កឹម ​សុខា ​ប្រធាន​ស្តី​ពី​គណបក្ស​ប្រឆាំង​នោះ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អាដហុក​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​ និង​អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​ស្រី​មុំ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ កើត​មាន​ឡើង​ជិត​មួយ​សប្តាហ៍​បន្ទាប់​ពី​ ស្រីមុំ​ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​ទី​ដែល​នាង​បាន​សារភាព​ថា​ នាង​ពិត​ជា​មាន​ទំនាក់ទំនង​ជាមួយ​លោក​ កឹម សុខា​ និង​បាន​ទទួល​ស្គាល់​ថា​ សំឡេង​ស្រ្តី​ម្នាក់​នៅ​ក្នុងខ្សែ​អាត់​សំឡេង​នោះ​ ថា​ជា​របស់​នាង​ពិត​មែន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អាដហុក​ បាន​សរសេរ​ថា​ សមាគម​អាដហុក​បានផ្តល់​មេធាវី​ការពារ​ក្តី​ឲ្យ​ស្រី​មុំ កាលពី​ពេល​កន្លង​មក​ ដោយ​ហេតុ​ថា​ អាដហុក​ពិនិត្យ​ឃើញ​ថា​ ស្រីមុំ​ មាន​ការ​ភិត​ភ័យ​ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ព្រម​ទាំង​ទទួល​រង​នូវ​ការ​គំរាមកំហែង​ ដែល​មាន​រូបភាព​ ជា​លក្ខណៈ​នយោបាយ​ ដែល​អាច​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ខាង​ស្មារតី នៅ​ពេល​ចូល​ឆ្លើយ​ចំពោះ​សមត្ថកិច្ច​ និង​ដើម្បី​ជៀស​វាង​ នូវ​ការ​គាប​សង្កត់​ជា​យថាហេតុ​ណាមួយ។​

សមាគម​អាដហុក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ស្រីមុំ​ បាន​ចូល​ទៅបំភ្លឺ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​ ហើយ​បន្ទាប់​ពី​តុលាការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រកាសការ​ទទួល​ស្គាល់​សំឡេង​នោះ​មក​ សមាគម​អាដហុកយល់ថា​ ករណី​របស់​ស្រី​មុំ​ មិនមែន​ស្ថិត​ក្នុង​ស្ថានភាព​គំរាមកំហែង​ធ្ងន់ធ្ងរ​ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៀត​ទេ។​

សមាគម​អាដហុក​ បាន​បន្ត​ថា​ ការ​បញ្ឈប់​ផ្តល់​មេធាវី​ការពារ​ស្រី​មុំ​ គឺ​ផ្អែក​លើ​ហេតុផល​ពីរ​ រួម​មាន​ទី​មួយ​ ករណី​បណ្តឹង​បរិហារកេរ្តិ៍​ វា​គ្រាន់​តែ​ជា​រឿង​វិវាទ​ធម្មតា​ រវាង​បុគ្គល​សាមញ្ញ​ និង​បុគ្គល​សាមញ្ញ​ ដែល​មិន​ស្ថិត​នៅ​ក្នុង​អាណត្តិ​របស់​សមាគម។ ទី​ពីរ​ ចំពោះ​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​ និង​មាន​អំពើ​ពេស្យាចារ​ សមាគម​អាដហុក​យល់​ថា​ កញ្ញា ​ស្រីមុំ​ អាច​គ្រាន់​តែ​ជា​សាក្សី​ នីតិវិធី​បន្ត​ទៀត​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​ ទ្រី​ ឈួន​ មេធាវី​ការពារ​ក្តី​ឲ្យ​ ស្រី​មុំ​ បាន​ប្រាប់​ VOA​ ថា​ សមាគម​អាដហុក​ មិន​ទាន់​ប្រាកដ​ថា​ នឹង​ជួយ​ ស្រីមុំ ​យ៉ាង​ទៀត​នោះ​ទេ​ បន្ទាប់​ពី​សមាគម​បញ្ឈប់​ផ្តល់​មេធាវី​ការពារ​ស្រីមុំ។​ អ្នកស្រី​ថា​ ការ​ប្រែប្រួល​ចម្លើយ​របស់​ ស្រីមុំ​ ក៏​មិន​ទាក់ទង​នឹង​ការ​ផ្តាច់ការ​ផ្តល់​សេវា​ច្បាប់​ដល់​នាង​ដែរ។​ អ្នកស្រី​បញ្ជាក់​ថា​ ការ​ប្រែប្រួល​ចម្លើយ​របស់​ ស្រីមុំ​ គឺ​ផ្អែក​លើ​ភស្តុតាង​ និង​វិធីសាស្ត្រ​នៃ​សួរ​យក​ចម្លើយ​របស់​តំណាង​អយ្យការ​ និង​មិន​រង​សំពាធ​ពី​ភាគី​ណា​ឡើយ។

អ្នក​ស្រី ទ្រី ឈួន ពន្យល់​ប្រាប់ VOA ថា៖

«ខ្ញុំ​មើល​ទៅ​កូន​ក្តី​ខ្ញុំ​មិន​មាន​រង​សំពាធ​អី​ទេ​ ព្រោះ​អ្វី​ដែល​ចម្លើយ​គាត់​ប្រែប្រួល​នេះ​គឺ​ និយាយ​ទៅ​ផ្អែក​ទៅ​ ទៅ​លើ​ភស្តុតាង​ហើយ​ និង​សមត្ថភាព​របស់​តំណាង​អយ្យការ​នៅ​ពេល​សាកសួរ»។​

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ស្រីមុំ​ ​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តល់​ចម្លើយ​ ទាក់​ទិន​ការ​ចោទ​ប្រកាន់​ថា​ នាង​បាន​«ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ» ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ។ ការ​ចោទ​ប្រកាន់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​ខ្សែ​អាត់​សំឡេង​ដែល​គេ​សង្ស័យ​ជា​យូរ​មក​ហើយ។​

បន្ទាប់​ពី​ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ សាកសួរ​អស់​រយៈពេល​ជាង​បួន​ម៉ោង​រួច​មក​ ស្រី​មុំ​មិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​បាន​សារភាព​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​នោះ​ទេ។ តែ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ដដែល​នោះ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រាប់​សាធារណៈ​ជន​ថា​ ស្រី​មុំ បាន​ទទួល​ស្គាល់​ថា​ នាង​ពិត​ជា​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ ឈ្មោះ​ កឹម​ សុខា​ និង​បាន​ទទួល​ស្គាល់​ «សំឡេង​ក្នុង​ខ្សែ​អាត់​ថា​ជា​សំឡេង​របស់ខ្លួន»។​

លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

លោក​ស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ ​ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​អភិបាលកិច្ច​សាធារណៈ ​ថ្លែង​ថា​ មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្ត្រី​នៅ​មាន​ក្តី​បារម្ភ​ចំពោះ​ក្តីក្តាំ​របស់​ស្រីមុំ​ ហើយ​ថា ការ​ជួប​ប្រជុំ​គ្នា​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាក់​ទិន​រឿង​ស្រីមុំ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ខាងមុខនេះ។​ អ្នកស្រី​បាន​ហៅ​ការ​បញ្ឈប់​ផ្តល់​សេវា​ផ្នែក​ច្បាប់​ដល់​ស្រី​មុំ​នេះ​ ថា​ហាក់​ដូច​ជា​លឿន​ពេក។​ ​

«ខ្ញុំ​ថា​ ប្រហែល​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា​ គាត់​នៅ​ត្រូវការ​ជំនួយ​ ប៉ុន្តែ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ខាង​អាដហុក​ ​ដក​ខ្លួន​ ខ្ញុំ​ថា​ ដូច​ដក​រហ័ស​ពេក។​ ប៉ុន្តែ​ខ្ញុំ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ និយាយ​ឲ្យ​ឆាប់​ចប់​ទៅ​ នៅ​តែ​មានការ​ព្រួយ​បារម្ភ»។​

​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​កម្ពុជា​ថ្លែង​ថា​ រឿងរ៉ាវ​ស្នេហា​លួចលាក់​នេះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ស្ថានការណ៍​នយោបាយ​កម្ពុជា​តែប៉ុណ្ណោះ។ សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ដដែល​នេះ​ ក៏​កំពុង​សាប​រលាប​ទៅ​វិញ​ដែរ​ ដោយ​សំណុំ​រឿង​ថ្មី​បាន​មក​ជំនួស។​ សំណុំ​រឿង​នោះ​ រួម​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លោក​ អ៊ុំ សំអាន​ និង​លោក​ ស៊ុត​ ឌីណា​អតីត​ឯករាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​នឹង​ករណី​វាយតប់​លើ​ស្មៀន​មេធាវី​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក ដែល​អង្គរក្ស​លោក​ឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត​ ត្រូវ​គេ​រាយការណ៍​ថា​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ៕​

XS
SM
MD
LG