កាលពីថ្ងៃអង្គារ លោក Devin Nunes ប្រធានគណៈកម្មាធិការខាងស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំងបានធ្វើឱ្យមានការសង្ស័យដល់ការស៊ើបអង្កេតមួយរបស់គណបក្សទាំងពីរអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតស.រ.អា.ដោយសារលោកបានច្រានចោលការអំពាវនាវឱ្យលោកដកខ្លួនចេញពីការស៊ើបអង្កេតនេះ ហើយលោកបានបញ្ឈប់ការងាររបស់គណៈកម្មាធិការនេះសម្រាប់រយៈពេលសេសសល់នៃសប្តាហ៍នេះ។
អ្នកតំណាងរាស្ត្រ Nunes បានលុបចោលការនិយាយត្រួសៗដោយបិទទ្វារជាមួយលោក James Comey នាយកការិយាល័យ FBI និងលោកឧត្តមនាវី Mike Rogers នាយក NSA ហើយការណ៍នេះបានធ្វើឱ្យពួកប្រជាធិបតេយ្យមានការតប់ប្រមល់ក្នុងចិត្តខ្លាំងជាងមុនដោយពួកគេបាននិយាយថា សកម្មភាពរបស់លោក Nunes កាលពីសប្តាហ៍មុន និងភាពគួរឱ្យជឿទុកចិត្តលោកដែលមានផលអាក្រក់ពាក់កណ្តាលនឹងធ្វើឱ្យមានផលមិនល្អដល់សមត្ថភាពរបស់លោកក្នុងការដឹកនាំការស៊ើបអង្កេតនេះ។
បើតាមអ្នកនាំពាក្យរបស់លោក លោក Nunes បានជួបប្រភពមួយនៅក្នុងបរិវេណសេតវិមាននៅមុនពេលលោកលាតត្រដាងឱ្យដឹងកាលពីសប្តាហ៍មុនថាលោកប្រធានាធិបតី Donald Trump មានទាក់ទិននឹងការឃ្លាំមើល «ដោយអចេតនា»។ អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមថាលោក Nunes ចង់ «នៅជិតកន្លែងមួយមានសន្តិសុខដែលនៅទីនោះលោកអាចមើលព័ត៌មានដែលប្រភពនេះបានផ្តល់ឱ្យលោក»។
ការលាតត្រដាងនេះបាននាំឱ្យលោក Adam Schiff សមាជិករបស់គណៈកម្មាធិការនេះខាងគណបក្សប្រជាធិបតេយ្យអំពាវនាវឱ្យលោក Nunes ចុះចេញពីការស៊ើបអង្កេតស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ី។
លោក Nunes បានសួរអ្នកកាសែតមួយក្រុមតូចនៅក្នុងវិមានសភា Capitol កាលពីថ្ងៃអង្គារថា «ហេតុដូចម្តេចបានជាខ្ញុំធ្វើដូច្នេះ? អ្វីៗមានចលនាទៅមុខតាមធម្មតា»។ លោកបានថ្លែងបន្ថែមថា ការកំណត់ការធ្វើសវនកម្មដំបូងមួយជា «ជំហានសមហេតុផលដំបូងមួយ» នៅក្រោយជំនួបជាមួយលោក Comey។ ក៏ប៉ុន្តែពួកប្រជាធិបតេយ្យបាននិយាយថា ការងាររបស់គណៈកម្មាធិការនេះបានគាំងដំណើរ៕