មន្ត្រីការទូតកំពូលមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រ ថាការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ប្រទេសកូរ៉េខាងជើងទាមទារឲ្យមាន ការបញ្ជាក់ឲ្យបានប្រាកដប្រជា ហើយការធ្វើដូច្នោះនឹងនាំទៅដល់ការលើកទណ្ឌកម្ម នានាប្រឆាំងនឹងក្រុងព្យុងយ៉ាងបានពេលណាកូរ៉េខាងជើងចាត់វិធានការជាក់ស្តែង បន្តឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
កិច្ចប្រជុំលើកដំបូងរបស់លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងKang Kyung-wha ក្នុងរដ្ឋធានីវ៉ាស៊ីន តោន កើតឡើងតែប៉ុន្មានសប្តាហ៍មុនពេលដែលមានគម្រោងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in មកកាន់សេតវិមាន ហើយក៏មុនពេលដែល កិច្ចប្រជុំកំពូលដែលគេរំពឹងទុកថានឹងកើតឡើងយ៉ាងប្រាកដរវាងលោកប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតី Kim Jong Un ប្រទេសកូរ៉េខាងជើង។
លោក ត្រាំបានប្រកាសថាលោកអាចនឹងជួបលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃ ទី១២ខែមិថុនា គឺ២ថ្ងៃមុនពេលខួបកំណើតលើកទី៧២របស់លោក។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍ក្នុងការធ្វើសន្និសីទព័ត៌មានរួមគ្នាថា៖ «សហរដ្ឋអាមេរិកនិងសាធារណរដ្ឋកូរ៉េប្តេជ្ញាធ្វើឲ្យបាន សម្រេចនូវការលុបបំបាត់អាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ ដែលអាចបញ្ជាក់បាន និង មិនអាចកើតឡើងវិញជាថ្មីលើឧបទ្វីបកូរ៉េ»។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha បានបញ្ជាក់ថា៖ «យើងមិន និយាយអំពីការបន្ធូរបន្ថយទណ្ឌកម្មពេលនេះទេ។ យើងបានបញ្ជាក់ច្បាស់ថាទណ្ឌ កម្មនានានៅតែបន្តដដែលរហូតទាល់យើងបានឃើញវិធានការប្រកបដោយអត្ថន័យច្បាស់លាស់ពីប្រទេសកូរ៉េខាងជើងចំពោះដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់បន្ថែមថា ការដោះលែងជនជាតិ អាមេរិកាំងបីនាក់ដែលជាប់ឃុំនោះ គឺជាលក្ខខណ្ឌដែលនាំទៅកាន់កិច្ចប្រជុំកំពូលប្រកបដោយភាពជោគជ័យរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង៕