ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ខ្លួន


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ កម្មករ​ម្នាក់​ជូត​សម្អាត​សាខា​ភោជនីយដ្ឋាន Haedanghwa ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ កម្មករ​ម្នាក់​ជូត​សម្អាត​សាខា​ភោជនីយដ្ឋាន Haedanghwa ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ពលករ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ នៅ​ពេល​ដែល​ប្រទេស​នានា​បោះជំហាន​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កំណើត​របស់​ខ្លួន។

កាលពី​ចុង​ខែ​កញ្ញា ក្រសួង​ការបរទេស​ប៉ូឡូញ​បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​កូរ៉េ​ថា ប្រទេស​ប៉ូឡូញ​មិន​មាន​បំណង​ចេញ​សៀវភៅ​ការងារ​ថ្មី​ឲ្យ​ពលករ​កូរ៉េ​ខាង​ជើង​នោះ​ទេ ដើម្បី​គោរព​ទៅ​តាម​សេចក្តី​សម្រេច​ពីរ​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ វិធានការ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​រយៈចម្ងាយ​ឆ្ងាយ​របស់​របប Kim Jong Un និង​ការ​ធ្វើ​តេស្ត​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី៦​របស់​ខ្លួន។

ការ​បោះ​ជំហាន​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឲ្យ​ពលករ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស​ប្រឈម​នឹង​ឧបសគ្គ។

ក្រសួង​ការបរទេស​ប៉ូឡូញ​បាន​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​មក​កាន់​ VOA ថា៖ «ក្រសួង​គ្រួសារ ការងារ និង​គោលនយោបាយ​សង្គម​បាន​ផ្ញើ​សារ​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ​តាម​ខេត្ត​ ដោយ​បាន​ស្នើ​ឲ្យ​ពួកគេ​បដិសេធ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ទាក់ទង​នឹង​ពាក្យ​ស្នើសុំ​សៀវភៅ​ការងារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ពលរដ្ឋ​កូរ៉េ​ខាង​ជើង រហូត​ទាល់​តែ​ដំណើរការ​នៃ​ការ​ផ្លាស់ប្តូរ និង​ការ​វិវត្ត​នៃ​ជំហរ​ទូទៅ​របស់​សមាជិក​រដ្ឋ​ក្នុង​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​កម្រិត និង​វិធីសាស្ត្រ​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​បញ្ចប់»។

បើ​គិត​ពី​ទិដ្ឋាការ​ការងារ​ទាំង​អស់ដែល​ចេញ​ទៅ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ២០១៦ និង​២០១៧​ ចំនួន​នៃ​ពលករ​កូរ៉េ​ខាង​ជើង​ដែល​មាន​ការងារ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​មាន​ចំនួន​ប្រមាណ​ជា​៤០០នាក់​គិត​នៅ​ត្រឹម​ខែ​មករា​នៅ​ឆ្នាំ​នេះ។ នេះ​ជា​ការ​ធ្លាក់​ចុះ​ពី​៥៥០នាក់​ ដែល​ជា​ចំនួន​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​មុន នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល​ប៉ូឡូញ។ នៅ​ក្នុង​ឆ្នាំ២០១៤ ស្ថានកុងស៊ុល​របស់​ប៉ូឡូញ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​បាន​ផ្តល់​ទិដ្ឋាការ​ការងារ​ចំនួន​១៤៧ និង​ក្នុង​ឆ្នាំ២០១៥ ចំនួន​១២៩។

ក្រសួង​ការបរទេស​ប៉ូឡូញ​និយាយ​ថា ប្រទេស​ប៉ូឡូញ​ដែល​ជា​ប្រទេស​មួយ​ក្នុង​សហភាព​អឺរ៉ុប​ដែល​បាន​ជួល​ពលករ​កូរ៉េ​ខាង​ជើង​ មិន​មាន​វិធានការ​ជា​ប្រព័ន្ធ​ណា​មួយ​កំពុង​ត្រូវ​បាន​អនុវត្ត​ ដើម្បី​រារាំង​ពលរដ្ឋ​នៃ​ប្រទេស​ផ្សេង រួម​ទាំង​កូរ៉េ​ខាង​ជើង​ផង​ដែរ មិន​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នេះ ដោយ​ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ការ​នោះ​ទេ។ នេះ​បង្ហាញ​ពី​ «ការ​ឆ្លុះ​បញ្ចាំង​មិន​ស្មើ​ភាព​គ្នា​នៃ​ការ​រើស​អើង​ដោយ​ផ្អែក​លើ​ជាតិសាសន៍»។

ក្រសួង​បាន​ឲ្យ​ដឹង​ថា៖ «នៅ​ក្នុង​បរិបទ​នេះ យើង​ស្វាគមន៍​សេចក្តី​សម្រេច​លេខ២៣៧១​ ចុះ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ និង​លេខ២៣៧៥​ចុះ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។សេចក្តី​សម្រេច​ទី១​និយាយ​ពី​ការ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស»។

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​យូរ​មក​ហើយ​ពី​ការ​ប្រើប្រាស់​ថវិកា​របស់​ពលករ​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ដល់​កម្មវិធី​ផលិត​អាវុធ។ ចាប់​តាំង​ពី​ពេល​នោះ​មក សេចក្តី​សម្រេច​ចំនួន​២ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ​នេះ​ជា​លើក​១​ដែលរួម​បញ្ចូល​វិធានការ​រឹតត្បិត​លើ​ពលករ​កូរ៉េ​ខាង​ជើង​នៅ​ក្រៅ​ប្រទេស។

វិធានការ​ស្រដៀង​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​គុយវែត​ដែល​បាន​ឈប់​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ផ្ទេរ​លិខិត​ស្នាក់នៅ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ទៅ នេះ​បើ​យោង​តាម​របាយការណ៍​អនុវត្ត​របស់​ប្រទេស​គុយវែត​នូវ​សេចក្តី​សម្រេច​លេខ២៣៧១​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ របាយការណ៍​នេះ​ត្រូវ​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​នេះ​កាលពី​ចុង​ខែសីហា៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG