ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្កាយ​រណប​វិទ្យាសាស្ត្រ​របស់​កូរ៉េ​ខាងជើង​ ធ្លាក់​ក្នុង​សមុទ្រ​ក្រោយពី​គ្រាប់​រ៉ុក្កែត​ខូច


មនុស្សកំពុង​មើល​ទៅកូរ៉េខាងជើង​ពី​ Unification Observation Post ក្នុងទីក្រុង Paju កូរ៉េខាងត្បូង​ក្បែរ​ព្រំដែនកូរ៉េខាងជើងកាលពីថ្ងៃទី៣១​ ឧសភាឆ្នាំ២០២៣។
មនុស្សកំពុង​មើល​ទៅកូរ៉េខាងជើង​ពី​ Unification Observation Post ក្នុងទីក្រុង Paju កូរ៉េខាងត្បូង​ក្បែរ​ព្រំដែនកូរ៉េខាងជើងកាលពីថ្ងៃទី៣១​ ឧសភាឆ្នាំ២០២៣។

ផ្កាយ​រណប​វិទ្យាសាស្ត្រ​របស់​កូរ៉េ​ខាងជើង​មួយ​គ្រឿង ​ដែល​បាញ់​បង្ហោះ​នៅ​ថ្ងៃពុធ​នេះ ​បាន​ខូច​ហើយ​ធ្វើឱ្យ​ម៉ាស៊ីន ​និង​ឧបករណ៍​ក្នុង​យាន​នោះ​ធ្លាក់ចូល​ក្នុង​សមុទ្រ។ នេះ​បើ​តាម​ការផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​រដ្ឋ ​ហើយ​យោធា​កូរ៉េ​ខាងត្បូង ​បាន​និយាយ​ថា​ខ្លួន​បាន​រកឃើញ​បំណែក​នៃ​យាន​នោះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

រ៉ុក្កែត​បាញ់បង្ហោះ​ផ្កាយរណប​វិទ្យាសាស្ត្រ​ថ្មី ​ឈ្មោះ «Chollima-1‍» ​បាន​ខូច​ពីព្រោះ​មិន​មាន​លំនឹងនៅ​ក្នុង​ម៉ាស៊ីន​និង​ក្នុង​ប្រព័ន្ធ​ផ្ទុក​ប្រេង​ឥន្ទនៈ។​ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង។

ការបង្ហោះ​នេះ​ជា​កិច្ចប្រឹងប្រែង​បង្ហោះ​ផ្កាយរណប​វិទ្យាសាស្រ្ត​លើក​ទី៦​របស់​កូរ៉េ​ខាងជើង ​ហើយ​ជា​ការបង្ហោះ​លើក​ទី១ ​តាំងពី​ឆ្នាំ២០១៦។

ការធ្លាក់​នេះ​នាំឱ្យ​មាន​សញ្ញា​ព្រមាន​គ្រាអាសន្ន ​និង ​ព្រមាន​ជម្លៀសខ្លួន​មួយ​រយៈខ្លី ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន។ ការព្រមាន​ទាំងនោះ​ក្រោយមក​ត្រូវ​បាន​លុបចោល​វិញ ​ដោយ​ពុំ​មាន​សេចក្តី​រាយការណ៍​អំពី​គ្រោះថ្នាក់ ​ឬ​ការខូចខាត​អ្វីទេ។

នាយអគ្គសេនាធិការ​ចម្រុះ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​និយាយ​នៅថ្ងៃពុធ​នេះ​ថា ​យោធា​កំពុង​ធ្វើ​បេសកកម្ម​រុករក​អ្វី​ដែល​គេជឿ​ថា​ជា​បំណែក​នៃ​យាន​បង្ហោះ​ផ្កាយរណប​នោះ។

យោធា​កូរ៉េ​ខាងត្បូង​បាន​ចេញផ្សាយ​រូបភាព​នៃ​បំណែក​ដែល​ត្រូវ​ស្រង់​ពី​ទឹក ​ដែល​មាន​រួម​ទាំង​វត្ថុ​រាង​ដូច​បំពង់​យ៉ាង​ធំ​មួយ​ ភ្ជាប់​ជាមួយ​ពោង​បណ្តែត​ទឹក​មួយ៕

XS
SM
MD
LG