មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចង់ឱ្យប្រទេសរបស់លោកបង្កើនផលិតកម្មវត្ថុធាតុដើមដែលអាចផលិតអាវុធនុយក្លេអ៊ែរបាន ស្របពេលដែលប្រទេសនេះសាកល្បងអាវុធរបស់ខ្លួន។
លោក Kim បានអំពាវនាវដូចនេះកាលពីថ្ងៃចន្ទក្នុងអំឡុងការប្រជុំមួយជាមួយនឹងអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលជាទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង។
លោកបានជំរុញអ្នកវិទ្យាសាស្ត្រឱ្យបង្កើនផលិតកម្មវត្ថុធាតុដើមសម្រាប់អាវុធនុយក្លេអ៊ែរដើម្បីពង្រីក «ឱ្យបានច្រើនលឿនបំផុត» នូវបរិមាណអាវុធនុយក្លេអ៊ែររបស់ប្រទេស។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន KCNA បានធ្វើឡើងដោយមានភ្ជាប់ជាមួយរូបថតមួយចំនួនដែលបង្ហាញពីលោក Kim ត្រួតពិនិត្យមើលក្បាលគ្រាប់ផ្ទុះផ្សេងៗ ដែលក្នុងនោះរួមមានទាំងក្បាលគ្រាប់កន្តុលមួយចំនួនដែលហៅថា «Hwasan-31» ដែលមានន័យជាភាសាកូរ៉េថា «ភ្នំភ្លើង» ផងដែរ។ រូបថតមួយសន្លឹកបានបង្ហាញអំពីរូបដ្យាក្រាមនៅលើជញ្ជាំង ដែលបង្ហាញឱ្យឃើញអំពីវិធីនៃការបន្តុបក្បាលគ្រាប់លើមីស៊ីលប្រភេទផ្សេងៗគ្នា។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលកងកម្លាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នាដែលរដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថាជាការត្រៀមលក្ខណៈសម្រាប់ការឈ្លានពានខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNA ក៏បានរាយការណ៍ផងដែរកាលពីថ្ងៃចន្ទថា យោធាកូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវដ្រូនវាយប្រហារក្រោមទឹកថ្មីមួយ បូករួមទាំងការសាកល្បងគ្រាប់ផ្លោងមីស៊ីលដែលបានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយផងដែរ។
សេចក្ដីរាយការណ៍អំពីការសាកល្បងថ្មីទាំងនេះបានធ្វើឡើងក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលនាវាដឹកយន្តហោះចម្បាំងដែលដើរដោយថាមពលនុយក្លេអ៊ែរ USS Nimitz របស់សហរដ្ឋអាមេរិកនិងក្រុមប្រយុទ្ធរបស់នាវានេះបានធ្វើសមយុទ្ធរួមគ្នាជាមួយនឹងក្រុមនាវាចម្បាំងរបស់កូរ៉េខាងត្បូងនៅឯសមុទ្រនៃកោះ Jeju នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសន្យាថា កូរ៉េខាងត្បូងនឹងមិនផ្ដល់ជំនួយហិរញ្ញវត្ថុណាមួយដល់កូរ៉េខាងជើងនោះទេនៅពេលដែលកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។