កងទ័ពកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល cruise ជាច្រើនគ្រាប់ទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធនេះ។
អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូងបាននិយាយថា គ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីខេត្តជាប់ឆ្នេរសមុទ្រ Hamhung របស់ខ្លួន។ អគ្គសេនាធិការកូរ៉េខាងត្បូងនិយាយថា ក្រុមអាជ្ញាធរស៊ើបការណ៍របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងសិក្សាលម្អិតពីគ្រាប់មីស៊ីលដែលត្រូវបានបាញ់ទាំងនោះ។
ការបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់របស់កូរ៉េខាងជើងនៅថ្ងៃពុធនេះ ជាការបាញ់សាកល្បងលើកទី៤របស់ប្រទេសនេះ ចាប់តាំងពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលមានឈ្មោះថា «ខែលសេរីភាព ឬ Freedom Shield» កាលពីសប្តាហ៍មុនមក។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់ទុកការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ថាជាការរៀបចំការឈ្លានពានទៅលើប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីបាល្លីស្ទិករយៈចម្ងាយខ្លីមួយទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ ដោយអះអាងថា វាជាការរៀបចំសាកល្បង នូវការវាយបកដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តប្រទេសប្រជាធិបតេយ្យ។
សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូងនិងអាមេរិក ដែលមានឈ្មោះថា «ខែលសេរីភាព ឬ Freedom Shield» មានរយៈពេល១១ថ្ងៃ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ៕