ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​កូរ៉េខាងជើង​ហៅ​លោក Trump ថា​ជា «អ្នក​នយោបាយ​ឈ្លាសវៃ»


លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ និង​អ្នក​ជិះ​កង់​នៅ​កន្លែង​ជួបជុំ Rolling Thunder នៅ​ផ្សារ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។
លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ និង​អ្នក​ជិះ​កង់​នៅ​កន្លែង​ជួបជុំ Rolling Thunder នៅ​ផ្សារ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។

ខណៈ​ដែល​គណបក្ស​សាធារណរដ្ឋ​ចាប់​ផ្តើម​រួបរួម​គ្នា​ចំពោះ​បេក្ខភាព​លោក Donald Trump ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​នោះ មាន​ការ​គាំទ្រ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។ ​

នៅ​ក្នុង​បទវិចារណកថា​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​លើ​គេហទំព័រ Today បាន​ហៅ​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ដែល​ជា​មហាសេដ្ឋី​រូប​នេះ ថា​ជា «អ្នក​នយោបាយ​ឈ្លាសវៃ​ម្នាក់» និង​បាន​បង្កប់​ន័យ​ថា បេក្ខភាព​ប្រធានាធិបតី​របស់​លោក Trump នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កូរ៉េ​ខាង​ជើង។

អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​សរសេរ​ដោយ​បញ្ញវន្ត​កូរ៉េ​ប្រចាំ​នៅ​ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Han Yong Muk បាន​សរសេរ​ថា «តាម​ពិត លោក Trump មិនមែន​ជា​បេក្ខជន​ដែល​និយាយ​គ្រោតគ្រាត ចម្លែក និង​មិន​ដឹង​ខុសត្រូវ ដូច​ដែល​គេ​និយាយ​នោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ លោក​គឺ​ជា​អ្នកនយោបាយ​ឈ្លាសវៃ​ម្នាក់ ហើយ​ក៏​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ម្នាក់​ដែល​អាច​ប៉ាន់ស្មាន​រឿងរ៉ាវ​ទុក​ជា​មុន​ផង​ដែរ»។ នោះ​ក៏​ជា​បទ​វិចារណកថា​ដូចគ្នា​ដែល​បាន​និយាយ​ចំអក​ឲ្យ​លោកស្រី Hillary Clinton ដែល​សង្ឃឹម​ថា​ក្លាយ​ជា​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​បាន​ហៅ​លោកស្រី​ថា «ជា​បេក្ខជន​ដែល​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍»។ ​

លោក Trump បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ហើយ​លោក​នឹង​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​នេះ​ជា​ចំណាត់ការ​មួយ​ដែល​កូរ៉េខាងជើង​នឹង​សាទរ។
កូរ៉េខាង​ជើង​ចង់​ឲ្យ​អាមេរិក​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​យូរ​ណាស់​មក​ហើយ ដោយ​កូរ៉េ​ខាង​ជើង​មើល​ឃើញ​ថា វា​គឺ​ជា​ជំហាន​ទីមួយ​ក្នុង​ការឆ្ពោះ​ទៅ​រក​ការ​បង្រួប​បង្រួម​គ្នា។

បទ​វិចារណកថា​នោះ​បាន​បង្កប់​ន័យ​ថា លោក Trump នឹង​មិន​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ដែល​យោង​តាម​ទស្សនៈ​កូរ៉េ​ខាង​ជើង​ វា​គឺ​ជា​រឿង​ល្អ​សម្រាប់​ពួកគេ៕​

XS
SM
MD
LG