ប្រទេសកូរ៉េខាងជើងបានទាមទារមិនឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ចូលរួមនៅក្នុងការពិភាក្សាណាមួយជាបន្តទៀត ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោក Kwon Jong Gun មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងចង់បាននរណាម្នាក់ដែល «មានការប្រយ័ត្នប្រយែង និងមានភាពចាស់ទុំនៅក្នុងការទំនាក់ទំនង»។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង។
ការលើកឡើងរបស់លោក Kwon Jong Gun នេះ ត្រូវបានផ្សព្វផ្សាយប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើងបានប្រកាសថា ប្រទេសកូរ៉េខាងជើងបានសាកល្បង «អាវុធយុទ្ធសាស្ត្រ» ថ្មីមួយ ដែលជាការបង្ហាញថ្មីចុងក្រោយបង្អស់អំពីសមត្ថភាពយោធារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា លោក Kim Jong Un បានមើលការខុសត្រូវ និងបញ្ជាការសាកល្បងអាវុធនេះកាលពីថ្ងៃពុធម្សិលមិញ ដោយទីភ្នាក់ងារនេះបានហៅប្រតិបត្តិការនេះថាមាន «សារៈសំខាន់ខ្លាំងបំផុត»។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA នេះមិនបានរៀបរាប់លម្អិតអំពីប្រទេសនៃអាវុធដែលបានសាកល្បងនោះទេ ប៉ុន្តែពាក្យថា «យុទ្ធសាស្ត្រ» នេះគឺបានន័យថា មិនមែនជាគ្រាប់ផ្លោងមីស៊ីលនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងនេះនៅតែត្រូវបានគេមើលឃើញថា ជាការព្រមានចំពោះសហរដ្ឋអាមេរិក ស្របពេលដែលមានភាពជាប់គាំងនៅក្នុងការចរចារឿងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
មន្ត្រីយោធាសហរដ្ឋអាមេរិកបាននិយាយកាលពីយប់ថ្ងៃពុធម្សិលមិញថា ក្រសួងការពារប្រទេសអាមេរិកដឹងអំពីការសាកល្បងនេះ ប៉ុន្តែមិនបានបញ្ចេញមតិណាមួយនោះទេ៕