ប្រទេសកូរ៉េខាងជើងអាចចាប់ផ្តើមងាកចេញពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បន្ទាប់ពីលោកខកខានមិនបានជួយឲ្យរួចផុតពីដាក់ទណ្ឌកម្មពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់សេតវិមាន។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញកាលពីថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតី ត្រាំ បាននិយាយក្នុងការិយាល័យរបស់លោក នៅសេតវិមានជាមួយប្រធានាធិបតីកូរ៉េខាងត្បូងថា៖ «យើងចង់ឲ្យការដាក់ទណ្ឌកម្មនេះនៅដដែល។និយាយការពិត ខ្ញុំមានជម្រើសដើម្បីដាក់ទណ្ឌកម្មយ៉ាងខ្លាំងដល់ពួកគេ។ ខ្ញុំមិនចង់ធ្វើដូច្នេះទេ ពីព្រោះតែទំនាក់ទំនងរបស់ខ្ញុំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន»។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន បានធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរឡើងជាមួយកូរ៉េខាងជើង និងបន្តគម្រោងអន្តរកូរ៉េដែលជាកត្តាដ៏សំខាន់នៃការកាន់ដំណែងរបស់លោក។ លោកបានជួបជាមួយប្រធានាធិបតី ត្រាំ នៅក្នុងការប៉ុនប៉ងមួយ ដើម្បីពង្រឹងការចរចាគ្មានអាវុធនុយក្លេអ៊ែរឡើងវិញ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលបានជាប់គាំង ចាប់តាំងពីការបរាជ័យនៃជំនួបកំពូលក្នុងទីក្រុងហាណូយ ដែលបានធ្វើឡើងរវាងប្រធានាធិបតី ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែកុម្ភៈ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី ត្រាំ បាននិយាយថា លោកចង់សន្ទនាជាមួយ គីម ជុងអ៊ុន ហើយថា ជំនួបលើកទី៣ អាចកើតមានឡើង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន បាននិយាយថា៖ «ភារៈកិច្ចដ៏សំខាន់ដែលខ្ញុំប្រឈមនៅពេលឥឡូវនេះ គឺរក្សាសន្ទុះនៃការសន្ទនា ហើយក៏សម្តែងនូវទស្សនវិស័យវិជ្ជមានចំពោះជំនួបកំពូលលើកទី៣ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
លោក Ken Gause នាយកនៃក្រុមកិច្ចការអន្តរជាតិនៅឯមជ្ឈមណ្ឌលសម្រាប់ការវិភាគខាងនាវា និយាយថា ការខកខានមិនបានធ្វើឲ្យសហរដ្ឋអាមេរិកលុបចោលការដាក់ទណ្ឌកម្ម អាចធ្វើឲ្យប្រធានាធិបតី មូន បាត់បង់ភាពទុកចិត្តរបស់លោកជាមួយ គីម ជុងអ៊ុន៕