ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ជំទាស់​នឹង​គំនិត​នៃ​ការ​បង្កើត​សន្ធិសញ្ញា​សន្តិភាព​ជា​ថ្នូរ​នឹង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ


លោក Ri Yong-ho រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៣ កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ​បុរី​ញូវយ៉ក។
លោក Ri Yong-ho រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៣ កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ​បុរី​ញូវយ៉ក។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​មិន​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​នោះ​ទេ។

សង្គ្រាម​កូរ៉េ​រយៈពេល ៣ ឆ្នាំ ដែល​ធ្វើ​ឲ្យ​កូរ៉េ​បែក​ជា​ពីរ​គឺ​កូរ៉េ​កុម្មុយនិស្ត​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នេះ បាន​បញ្ចប់​ទៅ​នៅ​ឆ្នាំ ១៩៥៣ ដោយ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជាជាង​សន្ធិសញ្ញា​សន្តិភាព ដែល​ធ្វើ​ឲ្យ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​មិន​បញ្ចប់​ពេញលេញ​នោះ​ទេ។

គំនិត​នៃ​ការ​បង្កើត​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ​នេះ​បាន​លេច​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ការ​ធ្វើ​ទំនាក់ទំនង​ការទូត​នា​ពេល​ថ្មីៗ​នេះ​រវាង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​គោល​បំណង​ដើម្បី​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ប៉ុន្តែ​កន្លង​មក សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​កូរ៉េ​ខាង​ជើង​ដែល​ចង់​បាន​នូវ​ការ​ប្រកាស​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ មុន​ពេល​ដែល​កូរ៉េ​ខាង​ជើង​លះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំង​ស្រុង។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​សំណើ​កិច្ច​ព្រមព្រៀង​នេះ ដោយ​បញ្ជាក់​ថា សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ​មួយ «មិន​មែន​គ្រាន់តែ​ជា​អំណោយ​របស់​នរណា​ម្នាក់​ជូន​ដល់​នរណា​ម្នាក់​នោះ​ទេ»។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​បន្ថែម​ថា៖ «ខ្លួន​នឹង​មិន​ធ្វើ​ជា​កូន​អុក​របស់​គេ​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ឲ្យ​ខ្លួន​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​នោះ​ទេ»។

នៅ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Ri Yong Ho បាន​បញ្ជាក់​ថា «គ្មាន​ផ្លូវ​ណា​មួយ» ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​ឯកតោ​ភាគី​នោះ​ទេ ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​តឹងតែង​លើ​ខ្លួន​នោះ៕

XS
SM
MD
LG