ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​របស់​គណបក្ស​កូរ៉េ​ខាង​ជើង​មាន​គម្រោង​ពិភាក្សា«បញ្ហា​ស្បៀង​ជាបន្ទាន់»


រូប​ឯកសារ៖ កសិករ​ស្ទូង​ស្រូវ​នៅ​កសិដ្ឋាន​សហករណ៍ Chongsan នៅ​សង្កាត់ Kangso នៃ​ទីក្រុង Nampho នៃ​ប្រទេស​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០២២។
រូប​ឯកសារ៖ កសិករ​ស្ទូង​ស្រូវ​នៅ​កសិដ្ឋាន​សហករណ៍ Chongsan នៅ​សង្កាត់ Kangso នៃ​ទីក្រុង Nampho នៃ​ប្រទេស​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​មាន​គម្រោង​បើក​សន្និសីទ​នយោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ពិភាក្សា​«បញ្ហា​បន្ទាន់»​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​កសិកម្ម​ដែល​ជា​អាច​ជា​សញ្ញា​ដ៏​អាក្រក់​មួយ​នៃ​អសន្តិសុខ​ម្ហូប​អាហារ​នៅ​ពេល​ដែល​ភាព​ឯកោ​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​កាន់តែ​ខ្លាំង​ឡើង​នៅ​ពេល​មាន​ការ​ជំរុញ​ផ្នែក​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​របស់​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ពួក​សមាជិក​របស់​ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ​ខាង​ជើងបាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ហើយ​បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ប្រជុំ​ពេញ​អង្គ​ដ៏​ធំ​មួយ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ដើម្បី​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​នានា​លើ​វិស័យ​កសិកម្ម​និង​កំណត់​គោលដៅ​ថ្មី។ ទីភ្នាក់ងារ​សារព័ត៌មាន​នោះ​បាន​បញ្ជាក់​ទៀត​ថា​ពួក​សមាជិក​ការិយាល័យ​នយោបាយ​បាន​ទទួល​ស្គាល់​ពី​ចំណុច​របត់​មួយ​ដែល​ត្រូវ​ចាំបាច់ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។

ជំនួប​របស់​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​ចង្អុល​បង្ហាញ​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រុងប្រៀប​រៀបចំ​ក្បួន​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ដែល​អាច​ធ្វើ​នៅ​សប្តាហ៍​នេះ​ដើម្បី​បង្ហាញ​ពី​ការដឹកនាំ​ដ៏​អស្ចារ្យ​របស់​មេដឹកនាំ​កូរ៉េខាង​ជើង លោក​ Kim Jong Un ​ហើយ​នឹង​ការ​រីក​លូតលាស់​នៃ​សមត្ថភាព​នៃ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ដែល​លោក​បាន​ខិតខំ​ជំរុញ​យ៉ាង​ខ្លាំង​ថ្វីបើ​ប្រភព​ធនធាន​មាន​កម្រិត​ហើយ​មាន​បញ្ហា​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក៏ដោយ។

លោក Lee Sung-jun អ្នកនាំ​ពាក្យ​នាយ​អគ្គ​សេនាធិការ​កងទ័ព​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​យោធា​របស់​កូរ៉េ​ខាង​ត្បូង​បាន​តាមដាន​ឃើញ​ការ​កើនឡើង​សកម្មភាព​ដែល​ទាក់ទិន​នឹង​ការ​ហាត់សម​សម្រាប់​ក្បួន​ព្យុហយាត្រា​យោធា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ក៏ប៉ុន្តែ​បាន​បដិសេធ​មិន​មិន​ចែករំលែក​ការវាយតម្លៃ​ចំៗ​ថា​នៅ​ពេល​ណា​ពិធី​នឹង​ធ្វើឡើង។

ថ្វីបើ​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​ក៏ដោយ វា​មិន​មែន​ជា​រឿង​ធម្មតា​សម្រាប់​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​ប្រជុំ​ពេញ​អង្គ​ផ្សេង​គ្នា២​របស់​គណបក្ស​ក្នុង​រយៈពេល២ខែ​នោះ។ វា​ក៏​ជា​រឿង​កម្រ​មួយដែរ​ចំពោះ​កូរ៉េ​ខាង​ជើង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​មួយ​លើ​របៀប​វារៈ​តែ​មួយ​នោះ​គឺ​វិស័យ​កសិកម្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Koo Byoungsam អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ៕

XS
SM
MD
LG