មេដឹកនាំកូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះដឹកនាំក្បួនដង្ហែយោធាដ៏ធំមួយនៅក្នុងទិវាខួបលើកទី៧០នៃការបង្កើតកូរ៉េខាងជើង។
លោក Kim Jong Unមិនបានថ្លែងសុន្ទរកទៅកាន់ហ្វូងមនុស្ស ដែលបានមកជួបជុំគ្នានៅទីលានមានឈ្មោះថា Kim Il Sung Square ទេ។
ពិធីដង្ហែក្បួននេះមានការដាក់បង្ហាញរថពាសដែក កាំជ្រួញមីស៊ីលនិងទាហានម៉ារីនជាច្រើនមកពីគ្រប់វិស័យយោធាទាំងអស់។
ការប្រារព្ធពិធីក្នុងឆ្នាំនេះមិនបានបង្ហាញពីកាំជ្រួញមីស៊ីលដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បំផុតរបស់ប្រទេសឯកោមួយនេះទេ។
ផ្ទុយទៅវិញពិធីបុណ្យក្នុងឆ្នាំនេះបានបញ្ជាក់អំពីការផ្តោតលើយុទ្ធសាស្រ្តពង្រឹងផ្នែកសេដ្ឋកិច្ចរបស់កូរ៉េខាងជើងជំនួសវិញ។ ការដង្ហែក្បួនយោធានេះត្រូវបានធ្វើឡើងនៅចំពេលសំខាន់សម្រាប់កូរ៉េខាងជើង។
កូរ៉េខាងជើងកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក បន្ទាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក Kim និងលោកប្រធានាធិបតី Donald Trump កាលពីខែមិថុនាឆ្នាំនេះនៅប្រទេសសិង្ហបុរី។
មេដឹកនាំទាំងពីរចង់បង្កើតកិច្ចព្រមព្រៀងនានាឲ្យបាននៅមុនចាប់ផ្តើមកិច្ចចរចាជុំថ្មី។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឲ្យកូរ៉េខាងជើងប្តេជ្ញាថា នឹងធ្វើមិនឲ្យមាននុយក្លេអ៊ែរ ខណៈរដ្ឋាភិបាលក្រុងព្យុងយ៉ាងទាមទារការធានាអះអាងផ្នែកសន្តិសុខ និងសម្បទានផ្សេងៗទៀតពីសហរដ្ឋអាមេរិកមុននឹងការបំផ្លាញទីតាំងស្តុកនុយក្លេអ៊ែររបស់ខ្លួន៕