ប្រជាពលរដ្ឋកូរ៉េខាងជើងរាប់លាននាក់ ដែលក្នុងនោះមានទាំងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ផងដែរ បានទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសសមាជិករដ្ឋសភាប្រហែល ៧០០នាក់ ទោះបីជាការបោះឆ្នោតនេះជាការបោះឆ្នោតបែបគាំទ្រជាជាងការបោះឆ្នោតបែបប្រកួតប្រជែងក៏ដោយ។
អ្នកបោះឆ្នោតមានជម្រើសជ្រើសរើសបេក្ខជនដែលកំណត់ដោយរដ្ឋម្នាក់តែប៉ុណ្ណោះសម្រាប់មួយអាសនៈ។ ពួកគេបោះឆ្នោតដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះបេក្ខជននោះ ហើយក្នុងករណីកម្របំផុត គឺបោះឆ្នោតមិនគាំទ្រ។
ការបោះឆ្នោតនេះ ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង គឺជាការបោះឆ្នោតជ្រើសរើសសមាជិកទាំងអស់របស់រដ្ឋសភា។ គណៈប្រតិភូរបស់រដ្ឋសភានេះមកពីទូទាំងប្រទេស និងមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ បេក្ខជនទាំងនោះត្រូវបានជ្រើសរើសដោយគណបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាច និងដោយគណបក្សសម្ព័ន្ធមិត្តតូចតាចមួយចំនួនតូចទៀត ដែលមានអាសនៈនៅក្នុងរដ្ឋសភា ប៉ុន្តែគណបក្សតូចតាចទាំងនោះមានអំណាចឯករាជ្យតិចតួចបំផុត។
លោក Kim Jong Un គឺជាបេក្ខជនដ៏លេចធ្លោជាងគេជាទីបំផុត។ ទោះបីជាលោកមានអំណាចគ្រប់គ្រងទាំងស្រុងលើគណបក្សកាន់អំណាច លើរដ្ឋាភិបាល និងលើក្រសួងមន្ទីរនានាក៏ដោយ ក៏លោកនៅតែឈរឈ្មោះបោះឆ្នោតជាថ្មីសម្រាប់អាសនៈរបស់លោកប្រចាំទីក្រុងព្យុងយ៉ាង។
អ្នកចេញមកបោះឆ្នោតជាទូទៅត្រូវបានគេរាយការណ៍ថា មានចំនួន ៩៩ ភាគរយ ឬក៏ច្រើនជាងនេះទៀត។ ការបោះឆ្នោតនៅកូរ៉េខាងជើងត្រូវបានចាត់ទុកជាទូទៅថាជាករណីយកិច្ច និងជាកាតព្វកិច្ច ហើយការមិនចេញទៅបោះឆ្នោតគឺមិនមែនជាជម្រើសនោះទេ។
ច្បាប់ប្រទេសកូរ៉េខាងជើងអនុញ្ញាតឲ្យពលរដ្ឋអាចបោះឆ្នោតចាប់ពីអាយុ ១៧ ឆ្នាំឡើងទៅ៕