លោក Pompeo នឹងផ្សព្វផ្សាយទស្សនវិស័យរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរី និងបើកចំហ ប៉ុន្តែការព្រួយបារម្ភអំពីបញ្ហាកូរ៉េខាងជើងប្រហែលជាចំណុចផ្ដោតខ្លាំងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ។
នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីបូព៌ា លោក Pompeo នឹងជួបជាមួយនឹងសមភាគីទាំង ១៧រូប របស់លោក ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗមួយចំនួននៅក្នុងតំបន់ ដែលក្នុងនោះមានដូចជាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បញ្ហាសន្តិសុខអ៊ីនធឺណិត និងបញ្ហាផ្សេងៗទៀត។
ឆ្លើយទៅនឹងសំណួរដែលសួរថាតើលោក Pompeo នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho នៅក្នុងប្រទេសសិង្ហបុរីដែរឬក៏យ៉ាងណានោះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូបបានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសកូរ៉េខាងជើងក៏ចូលរួមនៅក្នុងវេទិកាថ្នាក់តំបន់អាស៊ាននេះដែរ ក្នុងចំណោមប្រទេសចំនួន២៧។ ដូច្នេះប្រាកដជាមានការពិភាក្សាពីបញ្ហាកូរ៉េខាងជើងដែរ»។
មន្រ្តីរូបនោះបានថ្លែងបន្តថា «នឹងមានការជួបប្រជុំជាមួយភាគីផ្សេងៗនៅឯកិច្ចប្រជុំសំខាន់ៗដូចពេលនេះដែលបានគ្រោងទុក និងមិនបានគ្រោងទុកប៉ុន្តែគ្មានការប្រកាសពីការប្រជុំទ្វេភាគីទេ»។
មន្រ្តីមកពីក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសថា ខ្លួនបានរៀបចំកិច្ចប្រជុំជាមួយលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេស និងភាគីនានាមកពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរ។
លោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរី ប៉ុន្តែមន្រ្តីជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាគ្មានគម្រោងជួបប្រជុំជាមួយនឹងអ៊ីរ៉ង់នោះទេ។
ក្ដីបារម្ភអំពីសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលជាបន្តនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនឡើងបន្ទាប់ពីសារព័ត៌មាន The Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជឿថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងបន្តផលិតមីស៊ីលថ្មីនៅក្នុងរោងចក្រស្រាវជ្រាវដែលកូរ៉េខាងជើងបានប្រើដើម្បីផលិតគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប ដែលអាចមានលទ្ធភាពហោះដល់តំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិកបាន។
មន្រ្តីជាន់ខ្ពស់រូបនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នេះទេ និងបាននិយាយថា លោកនឹងមិនពិភាក្សាអំពីការងារស៊ើបការណ៍សម្ងាត់នេះទេ។
ប្រទេសសិង្ហបុរីគឺជាទីតាំងជំនួបកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងទៅ ដែលមេដឹកទាំងពីរបានស្នើឲ្យធ្វើការរួមគ្នាដើម្បីធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េទាំងមូល។
ប៉ុន្តែក្រុមជំនាញបាននិយាយថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបង្ហាញថាកំពុងបន្តកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួញម៉ីស៊ីលរបស់ខ្លួន ហើយថាភាគីទាំងពីរចាំបាច់ត្រូវពិភាក្សាជាមួយគ្នាបន្តទៀតដើម្បីចាប់ផ្តើមឈានទៅអនុវត្តដំណើរការធ្វើមិនឲ្យមាននុយក្លេអ៊ែរនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា