ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​បាញ់កាំជ្រួច​មីស៊ីល​ផ្លោង​កាន់​តែ​ច្រើន​ឡើង


បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ នៅ​ស្ថានីយ៍​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។
បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ នៅ​ស្ថានីយ៍​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ចូល​ក្នុង​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ហើយ​បាន​ព្រមាន​ថា ​ខ្លួន​អាច​ចាត់​វិធានការ​ថ្មី​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​សមយុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​ដែល​បាន​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។

​កូរ៉េខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ខ្លី​ចេញ​ពី​ខេត្ត Hwanghae ខាង​ត្បូង​ក្នុង​ផ្នែក​ខាង​លិច​កូរ៉េ​ខាង​ជើង។ នេះ​តាម​ការ​បញ្ជាក់​របស់​នាយអគ្គសេនាធិការ​កូរ៉េខាង​ត្បូង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។ កាំជ្រួច​មីស៊ីល​នោះ ​បាន​ហោះ​ប្រហែល​៤៥០គីឡូម៉ែត្រ​ហើយ​បាន​ហោះ​កម្ពស់​ប្រហែល​៣៧​គីឡូម៉ែត្រ។

កូរ៉េខាង​ជើង ​បានបាញ់​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ខ្លី​ចំនួន​៤​ដង​មិន​ដល់​២​សប្តាហ៍​ផង ​ដែល​កំពុង​បង្កើន​ការ​មន្ទិលសង្ស័យ​ពី​ការ​ចរចា​ថ្នាក់​ការងារ​ដែល​សហរដ្ឋ​អាមេរិក បាន​សង្ឃឹម​ថា ចាប់​ផ្តើម​កាល​ពី​ខែមុន។

ប៉ុន្មាន​នាទី​មុនការ​បាញ់​សាកល្បង​នៅពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​សមយុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេ​រិក​និង​កូរ៉េខាងត្បូង​ថា «ជា​ការរំលោភ​ជាក់​ស្តែង» ​នៃ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈឹមកូរ៉េ KCNA បាន​ដកស្រង់​សម្តី​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​កូរ៉េខាង​ជើង​មក​ចុះផ្សាយ​ថា «យើងបាន​ព្រមានជាច្រើន​ដងហើយ​ថា សមយុទ្ធ​យោ​ធា​រួម​គ្នា ​នឹង​រាំងខ្ទប់​ការ​ជឿនលឿន​នៅ​ក្នុង​ទំនាក់​រវាង​កូរ៉េខាង​ជើង​និង​សហរដ្ឋ​អាមេរិក​និង​ទំនាក់​ទំនង​អន្តរកូរ៉េ​និង​ធ្វើ​ឲ្យ​យើង​គិត​ឡើង​វិញ​ពី​វិធានការ​ថ្មី​ដ៏​សំខាន់»។

កាល​ពី​ថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង ​បាន​ធ្វើសមយុទ្ធ​យោធា​រួម​គ្នា ខណៈ​ដែល​អំពាវនាវឲ្យ​កូរ៉េខាង​ជើង​ចូល​រួម​ក្នុងការ​ចរចា​នុយក្លេអ៊ែរថ្នាក់​ការងារ៕

XS
SM
MD
LG