ប្រទេសកូរ៉េខាងជើងបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ចប់ផែន ការបាញ់បង្ហោះកាំជ្រួចឆ្លងទ្វីបចំនួន៤គ្រាប់ចូលក្នុងផ្ទៃទឹកទល់មុខដែនដី Guam របស់សហរដ្ឋអាមេរិក ដែលនេះជាការបង្ករហេតុដោយពាក្យសម្តីធ្វើសង្គ្រាមនៅពេលថ្មីៗបំផុតរវាងរដ្ឋាភិបាលក្រុងព្យូងយ៉ាងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ក្នុងសេចក្តីប្រកាសលម្អិតដែលមិនធ្លាប់មានកាលពីពេលមុន រដ្ឋកុម្មុយនិស្តមិនសេពគប់ប្រទេសណានេះ បាននិយាយថា នៅក្នុងរយៈពេលមួយសប្តាហ៍ មេដឹក នាំកូរ៉េខាងជើង Kim Jong Un នឹងទទួលបានផែនការបាញ់កាំជ្រួចមីស៊ីល Hwasong-12 ឆ្លងកាត់ប្រទេសជប៉ុនចូលក្នុងផ្ទៃទឹកកោះ Guam ដែលស្ថិតនៅចម្ងាយ៣ពាន់៣រយគីឡូម៉ែត្រភាគខាងត្បូង។
បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា កាំជ្រួចមីស៊ីលនឹងធ្លាក់នៅចម្ងាយពី៣០ទៅ៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រកោះ Guam ដែលនៅទីនោះមានពលរដ្ឋ១សែន៦ម៉ឺន៣ពាន់នាក់រស់នៅ ហើយសហរដ្ឋអាមេរិកមានបុគ្គលិកយោធាចំនួន៧ពាន់នាក់នៅឯមូលដ្ឋាននាវាហើយនឹងទីតាំងទ័ពអាកាស។
ឧត្តមសេនីយ Kim Rak Gyom មេបញ្ជាការកងកម្លាំងកាំជ្រួចយុទ្ធសាស្រ្តរបស់កូរ៉េខាងជើងបានប្រាប់ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងថា បន្ទាប់ពីផែនការនោះត្រូវបានប្រគល់ទៅឲ្យ Kim Jong Unមក កងទ័ពនឹងរង់ចាំបញ្ជារបស់ Kim។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជូនសញ្ញាចម្រុះទៅឲ្យមេដឹកនាំពិភពលោកនៅសប្តាហ៍នេះនៅក្នុងការខំប្រឹងប្រែងដើម្បីទប់ការអភិវឌ្ឍអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើងបន្ទាប់ពីការដាក់ទណ្ឌកម្មថ្មីៗនេះដែលបានទទួលការអនុម័តដោយសំឡេងដ៏ច្រើនលើសលុបពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសន្យាធ្វើការវាយប្រហារកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមសង្គ្រាម ដោយមានភ្លើងនិងកំហឹងដែលពិភពលោកមិនដែលឃើញ ហើយលោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក James Mattis បានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រឈមនឹងការវិនាសសាបសូន្យដោយសារសកម្មភាពខាងយោធា។
ក៏ប៉ុន្តែ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានមានប្រសាសន៍ថា «ខ្ញុំគិតថា ពលរដ្ឋអាមេរិកាំង គួរតែបានគេងលក់ស្រួលនៅពេលយប់ហើយមិនព្រួយកង្វល់អំពីវោហាសាស្រ្តក្នុងរយៈពេលបីបួនថ្ងៃនេះទេ»៕