ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង


រូបឯកសារ៖ មេដឹកនាំ​កូវ៉េខាងជើង គីម ជុងអ៊ុន (ឆ្វេង) ចុះហត្ថលេខា​​លើ​ឯកសារ​មួយ​ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូឡ​រវាង​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨។
រូបឯកសារ៖ មេដឹកនាំ​កូវ៉េខាងជើង គីម ជុងអ៊ុន (ឆ្វេង) ចុះហត្ថលេខា​​លើ​ឯកសារ​មួយ​ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូឡ​រវាង​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តាម​ការ​គំរាម​របស់​ខ្លួន​នៅ​ក្នុង​ការ​កម្ទេច​ចោល​នូវ​ការិយាល័យ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង​នៃ​ព្រំដែន។ នេះ​គឺជា​វិធានការ​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​បង្កើន​ភាព​តានតឹង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ជិត​បរិវេណ​ឧស្សាហកម្ម Kaesong ដែល​ជា​កន្លែង​ដែល​ការិយាល័យ​ទំនាក់ទំនង​អន្តរកូរ៉េ​ស្ថិត​នៅ។ ប៉ុន្មាន​នាទី​ក្រោយ​មក ក្រសួង​បង្រួបបង្រួម​កូរ៉​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​អះអាង​ថា អាគារ​ដែល​ត្រូវ​បាន​បំផ្ទុះ​នោះ​គឺ​ជា​អាគារ​ការិយាល័យ​ទំនាក់ទំនង​កូរ៉េ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង​ក៏​បាន​បញ្ជាក់​អះអាង​ផង​ដែរ​ថា អាគារ​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ «ការ​បំផ្ទុះ​ដ៏​អស្ចារ្យ»។

ទោះបីជា​ការ​កម្ទេច​អាគារ​ការិយាល័យ​ទំនាក់ទំនង​នេះ​គឺ​ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​ដោយ ក៏​វិធានការ​នេះ​គឺ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ដោយ​ហេតុ​ថា ការិយាល័យ​នេះ​ត្រូវ​បាន​គេ​សន្មត់​ថា​បាន​បិទ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។ មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​ចាកចេញ​ពី​អាគារ​នោះ​តាំង​ពី​ចុង​ខែ​មករា​មក ដោយសារតែ​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩។

កាល​ពី​មួយ​សប្ដាហ៍​កន្លង​មក មន្ត្រី​កូរ៉េ​ខាង​ជើង​បាន​គំរាម​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នឹង​បំផ្លាញ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការិយាល័យ «គ្មាន​ប្រយោជន៍»។ ការិយាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៨ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជា​ហូរហែរ​ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​ពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ៕

XS
SM
MD
LG