កូរ៉េខាងជើងបានបញ្ជាក់ពីការបាញ់បង្ហោះកាំជ្រួចរបស់ខ្លួននៅពេលថ្មីៗនេះដែលជាការសាកល្បងលើកទី២នៃកាំជ្រួចបាល្លីស្ទិកអន្តរទ្វីបថ្មីៗបំផុតធុន Hwasong-18ដោយនិយាយថាការណ៍នេះនឹង«បង្ហាញយ៉ាងច្បាស់»ដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពីជម្រើសយោធាប្រកបដោយគ្រោះថ្នាក់និងមិនប្រយ័ត្នប្រយែងរបស់ខ្លួននៅលើឧបទ្វីប។
មេដឹកនាំកូរ៉េខាងជើង លោកKim Jong Un ដែលមានវត្តមាននៅឯការបាញ់បង្ហោះនៅពេលព្រឹក ក៏បានព្រមានជាមុននៃ«ការវាយប្រហារខាងយោធាកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ រហូតទាល់តែពួកចក្រពត្តិអាមេរិកនិងពួកក្បត់ជាតិអាយ៉ងកូរ៉េខាងត្បូងសារភាពពីការបរាជ័យដ៏ខ្មាស់អៀននៃគោលនយោបាយអារិភាពគ្មានបានការរបស់ពួកគេ»ប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍នោះបានបន្ថែមទៀតថាតំបន់នោះបានស្ថិតក្នុងដំណាក់ការនៃវិបត្តិនុយ ក្លេអ៊ែរហួសពីសម័យសង្គ្រាមត្រជាក់ទៀតដោយលើកឡើងពីការដាក់ពង្រាយនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរនិងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិកនៅកូរ៉េខាងត្បូងនិងផែនការនៃជំនួបរបស់សម្ព័ន្ធភាពក្រុមពិគ្រោះនុយក្លេអ៊ែរឬ NCG នៅសប្តាហ៍ក្រោយ។
ទាំង២នេះជាការតាំងចិត្តដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់រដ្ឋាភិបាលក្រុងសេ អ៊ូលដែលជាផ្នែកមួយនៃការប្រកាសរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាលពីខែមេសាដើម្បីទប់ស្កាត់ជាមុននៅពេលដែលមានការគំរាមកំហែងកើនឡើងពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងហើយនឹងធ្វើការបញ្ជាក់ឡើងវិញដល់សាធារណជនកូរ៉េខាងត្បូងពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារកូរ៉េខាងត្បូងនៅពេលមានគ្រាអាសន្ននុយក្លេ អ៊ែរនៅលើឧបទ្វីបនោះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថាកាំជ្រួចបាល្លីស្ទិក Hwasong-18នេះជាផ្នែកមួយនៃផែនការរយៈពេលយូររបស់កូរ៉េខាងជើងដើម្បីស្ថាបនាកម្លាំងនុយក្លេអ៊ែរដ្ឋមួយដើម្បីរារាំងនិងឆ្លើយតបយ៉ាងខ្លាំងដល់ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរនិងដើម្បីការពារដែលអាចទុកចិត្តបានដល់សន្តិសុខរបស់ខ្លួន។
កាំជ្រួចបាល្លីស្ទិកដែលប្រើឥន្ធនៈរឹងដែលមានបីដំណាក់ការកាលពីថ្ងៃពុធបានហោះតាមគន្លងគ្រាប់ខ្ពស់បំផុតក្នុងរយៈពេល៧៤នាទី៨វិនាទី។ នេះបើតាមបណ្តាញសារព័ត៌មានរដ្ឋ នេះជាការហោះរយៈពេលវែងបំផុតរបស់កាំជ្រួចកូរ៉េខាងជើង។ វាបានហោះកម្ពស់ ៦.៦៤៨,៤គីឡូម៉ែត្រហើយបានធ្លាក់ចូលក្នុងផ្ទៃទឹកដែលមានចម្ងាយ ១.០០១,២គីឡូម៉ែត្រ ចេញពីកន្លែងបាញ់បង្ហោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង៕