ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានបញ្ចប់រយៈពេលនៃការពន្យារពេលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មក លោកបានមានប្រសាសន៍ថា៖ «យើងមិនអាច ហើយយើងនឹងមិនធ្វើការទទួលស្គាល់ការអនុវត្តតាមកិច្ចព្រមព្រៀងនេះរបស់អ៊ីរ៉ង់នោះទេ»។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងការពារការសម្រេចចិត្តដូចនេះរបស់លោក Trump ដែលការសម្រេចចិត្តនេះអាចលុបចោលនូវផ្នែកដ៏ចម្បងមួយនៃកេរដំណែលរបស់លោកអតីតប្រធានាធិបតី Barack Obama។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នេះ បាននាំឲ្យមានការផ្អាកដំណើរការសកម្មភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់រយៈពេល ១០ ឆ្នាំ ប៉ុន្តែមិនបានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ក៏ដូចជាបញ្ហាដទៃទៀតនោះទេ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា៖ «យើងត្រូវឲ្យធ្វើឲ្យពួកគេមានការទទួលខុសត្រូវ។ ពួកគេមិនអាចបន្តគាំទ្រអំពើភេរវកម្មនៅជុំវិញពិភពលោកដូចដែលយើងបានឃើញពួកគេកំពុងតែធ្វើនោះទេ។ ពួកគេមិនអាចបន្តធ្វើការសាកល្បងគ្រាប់ផ្លោងមីស៊ីល ដែលអាចធ្វើឲ្យប្រទេសអ៊ីរ៉ង់ក្លាយជាប្រទេសនុយក្លេអ៊ែរមួយនោះទេ»។
ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលសាទរចំពោះចំណាត់ការរបស់លោក Trump ប្រទេសហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ បង្ហាញការព្រួយបារម្ភ។
លោក Sigmar Gabriel រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានថ្លែងថា៖ «នៅក្នុងទ្វីបអឺរ៉ុប ប្រទេសអាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សហការគ្នាគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់នេះ ហើយចង់រក្សាទុកកិច្ចព្រមព្រៀងនេះឲ្យនៅដដែល»។
ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភ គឺមានលើសពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នេះទៅទៀត។
លោក Sigmar Gabriel បានលើកឡើងថា៖ «កិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់បានបង្ហាញជាលើកដំបូងថា ការបញ្ចៀសសង្គ្រាមតាមរយៈការចរចា និងការការពារប្រទេសមួយមិនឲ្យក្លាយជាប្រទេសនុយក្លេអ៊ែរគឺអាចធ្វើទៅបាន។ ការរំលាយកិច្ចព្រមព្រៀងនេះនឹងមានន័យថា ប្រទេសដទៃទៀតនៅលើពិភពលោកនឹងមិនពឹងផ្អែកលើសន្ធិសញ្ញាដូចនេះបានតទៅទៀត។ ដូច្នេះហើយ នេះជាគ្រោះថ្នាក់មួយ ដែលមានលើសពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទៅទៀត»។
លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ «រដ្ឋាភិបាលអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះ មិនមែននិយាយថា «ស្លាប់ទៅប្រទេសអាល្លឺម៉ង់» នោះទេ ប៉ុន្តែនិយាយថា «ស្លាប់ទៅសហរដ្ឋអាមេរិក»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី Trump បានដឹងច្បាស់ថា សេចក្ដីសម្រេចលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ កំពុងត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងតាមដានយ៉ាងដិតដល់។
លោកស្រី Nikki Haley បានបន្ថែមទៀតថា៖ «ការណ៍នេះបានបញ្ជូនសារយ៉ាងច្បាស់លាស់មួយទៅកាន់ប្រទេសកូរ៉េខាងជើង ដែលថា យើងនឹងមិនប្រឡូកខ្លួនជាមួយនឹងកិច្ចព្រមព្រៀងមិនអំណោយផលណាមួយនោះទេ។ ហើយ ប្រសិនបើយើងចូលរួមនៅក្នុងកិច្ចព្រមព្រៀងណាមួយ យើងនឹងធ្វើឲ្យអ្នកទទួលខុសត្រូវ។ យើងនឹងមិនបើកភ្នែកម្ខាង បិទភ្នែកម្ខាង ដោយសារតែយើងបានធ្វើកិច្ចព្រមព្រៀងមួយនោះទេ»។
នាពេលបច្ចុប្បន្ននេះ សភាសហរដ្ឋអាមេរិកអាចពិភាក្សាវែកញែកលើបញ្ហានេះបាន។ ស្របពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យភាគច្រើនបានរិះគន់លើចំណាត់ការនេះរបស់លោកប្រធានាធិបតី Trump សមាជិកគណបក្សសាធារណរដ្ឋល្បីៗនានាយល់ថា នេះជាឱកាសមួយដើម្បីកែសម្រួលកិច្ចព្រមព្រៀងដែលមានចំណុចខ្វះខាតនេះ។
លោកស្រី Susan Collins សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបាននិយាយថា៖ «នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលអ៊ីរ៉ង់មានអ្វីមួយដែលខ្ញុំហៅថាវិថីមួយឆ្ពោះទៅកាន់ការផលិតអាវុធនុយក្លេអ៊ែរ។ ដូច្នេះ យើងត្រូវព្យាយាមដោះស្រាយបញ្ហានេះ ហើយនេះជាអ្វី ដែលខ្ញុំសង្ឃឹមថា សភានឹងធ្វើការលើរឿងនេះ ហើយខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីនឹងធ្វើការពិគ្រោះយោបល់ឲ្យកាន់តែពេញលេញជាងនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដោយសារតែនេះជាកិច្ចព្រមព្រៀងពហុភាគី មិនមែនជាកិច្ចព្រមព្រៀងទ្វេភាគីនោះទេ»។
នៅក្នុងការឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់លោក Trump ប្រធានាធិបតីអ៊ីរ៉ង់បានប្ដេជ្ញាបន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ប៉ុន្តែបានថ្លែងថា ការផលិតគ្រាប់មីស៊ីល និងអាវុធដទៃទៀតនឹងនៅតែបន្ត»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា