លោកប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយថា ភេរវកម្ម និងបញ្ហាប្រទេសកូរ៉េខាងជើងជាបញ្ហាសំខាន់ជាងគេនៅលើរបៀបវារៈនៃសន្និសីទកំពូលពួកមេដឹកនាំនៃក្រុមប្រទេស៧ដែលចាប់ផ្តើមប្រជុំនៅថ្ងៃសុក្រនេះលើកោះ Sicily ដែលជាកោះធំបំផុតនៅក្នុងសមុទ្រមេឌីទេរ៉ាណេ។
ដោយអង្គុយនៅជិតលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ប្រធានាធិបតីអាមេរិកាំងរូបនេះបាននិយាយថា ការប្រជុំនេះនឹងមាន «ការផ្តោតការយកចិត្តទុកដាក់ពិសេសមួយលើបញ្ហាប្រទេសកូរ៉េខាងជើង»។
លោក Trump បាននិយាយថា នៅពេលដែលភេរវកម្មក៏អាចជាកង្វល់ធំមួយសម្រាប់ពួកមេដឹកនាំទាំងនេះនៅក្នុងកិច្ចចរចាពីរថ្ងៃរបស់អស់លោកនៅលើកោះនេះនៃប្រទេសអ៊ីតាលីក៏ដោយ ក៏ការពិសោធន៍អាវុធបរមាណូ និងការអភិវឌ្ឍកាំជ្រួចមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើងជា «បញ្ហាធំមួយ។ វាជាបញ្ហាមួយរបស់ពិភពលោក។ វានឹងអាចត្រូវដោះស្រាយបាននៅចំណុចណាមួយ។ វានឹងត្រូវដោះស្រាយរួច។ លោកអ្នកចាំមើលចុះ»។
ពាណិជ្ជកម្មជាបញ្ហាធំមួយទៀតនៅក្នុងតគំនិតរបស់ពួកសមភាគីរបស់លោក Trump ដែលបានប្រមូលផ្តុំគ្នានៅក្នុងក្រុងសម្រាកកាយ Taormina។
ពួកមេដឹកនាំទាំងនេះសង្ឃឹមថា នឹងអាចបន្ទន់គោលជំហររបស់ Trump អំពីពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ។
លោក Gary Cohn នាយកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងយន្តហោះប្រធានាធិបតី Air Force One នៅពេលធ្វើដំណើរពីប្រទេសប៊ែលហ្ស៊ិកទៅកាន់កោះ Sicily ថា «យើងនឹងមានការពិភាក្សាគ្នាមាំទាំមួយអំពីពាណិជ្ជកម្ មហើយយើងនឹងនិយាយអំពីថាតើសេរី និងបើកចំហរមានន័យបែបណា»៕