ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​យល់​ថា​គ.ជ.​ប​ដែល​មិន​ចេញ​ពី​បក្ស​ធ្វើការ​បាន​ល្អ​ជាង


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​៩​រូប​ដែល​ត្រូវ​បាន​សភាជាតិ​អណត្តិ​មុន​បោះឆ្នោត​ជ្រើស​ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​៩​រូប​ដែល​ត្រូវ​បាន​សភាជាតិ​អណត្តិ​មុន​បោះឆ្នោត​ជ្រើស​ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង។
ការចរចា​នយោបាយ​កម្ពុជា​បាន​នៅ​ជ្រុំ​ជើង​មួយ​កន្លែង​លើ​នីតិវិធី​ក្នុង​ការជ្រើស​រើស​សមាសភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយ​ ដែល​ធានា​ដល់​ជំនឿ​លើ​ស្ថាប័ន​បោះឆ្នោត​នេះ ​និង​ផ្តល់​នូវ​លទ្ធផល​ឆ្នោត​ដែល​គ្រប់​ភាគី​នយោបាយ​អាច​ទទួល​យក​បាន​ក្នុង​ពេល​អនាគត។​

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ឡើង​នូវ​រូបមន្ត​ពីរ​ខុស​គ្នា​ដែល​ពួកគេ​អះអាង​ថា​ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​ដល់​នយោបាយ​កម្ពុជា។

ប៉ុន្តែ​អ្នក​វិភាគ​ឯក​រាជ្យ​ដូច​ជា​លោក​ ឡៅ ម៉ុងហៃ​បាន​មើល​ឃើញ​ថា ជម្រើស​ដែល​គេ​លើក​ឡើង​នៅ​មិន​ទាន់​ធានា​បាន​ឯករាជ្យ​នៅ​ឡើយ​ទេ។ លោក​ឡៅ ម៉ុង​ហៃ​ស្នើ​ឡើង​ថា​ការ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គួរ​តែ​ត្រូវ​បាន​ជ្រើស​ចេញ​ដោយ​រដ្ឋសភា​ហើយ​សមាសភាព​ទាំង​នោះ​ជាមនុស្ស​ឯករាជ្យ​មិន​មែន​ជា សមាសភាពដែល​កើត​ចេញ​ពី​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​នោះ​ទេ។​

លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​ ​មាន​ប្រសាសន៍​ថា​ប្រសិន​ណា​បើ​សមាសភាព​គ.ជ.ប​ជ្រើស​ចេញ​ពី​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​នោះ ​មិន​អាច​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ឯក​រាជ្យ​ សេរី​ និង​ យុត្តិធម៌​បាន​ទេ។​

លោក​បញ្ជាក់​ថា៖​«ខ្ញុំ​អត់មាន​ជំនឿ​ទេ​មកទល់​សព្វ​ថ្ងៃ​នេះ​គឺ​តាំងពី​ឆ្នាំ​១៩៩៨​មកហ្នឹងដែល​ចេះ​ទុក​ឱ្យ​បក្ស​ជ្រើស​រើស​ហ្នឹង​។​រួច​ឱ្យ​ឯក​រាជ្យ​ពីបក្ស​ ឯក​រាជ្យ​ម្តេច​កើត​បើ​បក្ស​ជាអ្នក​ស្នើ​បេក្ខជន​ហ្នឹង​ទៅ​ វាអត់​មាន​ឯក​រាជ្យ​អ្វី​កើតទេ​»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​៩​រូប​ដែល​ត្រូវ​បាន​សភាជាតិ​អណត្តិ​មុន​បោះឆ្នោត​ជ្រើស​ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ហើយ​បាន​រងការចោទ​ប្រកាន់​ថា​មាន​និន្នាការ​លម្អៀង​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា។​ លទ្ធផល​ឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​នេះ​កាលពីខែ​កក្កដា​ឆ្នាំ​មុន​បាន​នាំ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​មិន​ទទួលស្គាល់​ហើយ​បណ្តាល​ឱ្យ​ជាប់​គាំង​នយោបាយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​១១​ខែ​ហើយ។​

​គណបក្ស​សង្គ្រោះជាតិ​ និង​ គណបក្ស​ប្រជាជន​កម្ពុជា​បានជួប​ចរចា​កាលពី​សប្តាហ៍​មុនប៉ុន្តែ​បាន​ខ្វែង​គំនិត​គ្នា​នៅ​ត្រង់គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឱ្យជ្រើស​រើស​សមាសភាព​គ.ជ.ប​ត្រូវ​ជ្រើស​តាំង​ដោយ​សំឡេង​២ភាគ​៣​នៃ​សមាជិក​សភាជាប់​ឆ្នោត​ទាំង​អស់​ដោយ​សារ​តែ​ស្ថាប័ន​នេះ​គឺ​ជា​ស្ថាប័ន​ដែល​នឹង​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ​ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បាន​ការ​ជ្រើស​រើស​នេះ​ដោយ​សំឡេង​៥០​%​ +​ ១​វិញ​ដែល​ដូច​គ្នា​នឹង​ការ​តែងតាំង​សមាសភាព​គណៈ​រដ្ឋ​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​សភាជាតិ​ដែរ។​

ភាព​ផ្ទុយ​គ្នា​ទាក់​ទឹន​និង​ការ​ជ្រើ​សរើស​សមាសភាព​គជប​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ទាំង​ពីរ​បន្ត​ជាប់​គាំង​ផ្នែក​នយោបាយ​សារ​ជាថ្មី ​ដោយ​សារ​តែ​ការ​ប្រកាន់​តឹងរឹង​រៀង​ៗខ្លួន។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ ណូវែល​ហ្សេឡង់​កាលពី​ថ្ងៃ​អង្គារ​ថា​គណបក្ស​សង្គ្រោះជាតិ​នៅ​តែប្រកាន់​ជំហរ​ឱ្យ​មាន​ការ​ចរចា​តែ​ការ​ចរចា​ទៅ​បាន​លុះ​ត្រា​តែ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​ឱ្យ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គជប​ដោយ​សំឡេង​២ភាគ​៣។​

លោក​និយាយ​ថា៖​«​ ការ​កែទម្រង់​បោះ​ឆ្នោត​មួយ​ដែល​អាច​ជឿទុក​ចិត្តបាន​ថា​ការ​បោះ​ឆ្នោត​លើក​ក្រោយ​និង​មាន​លក្ខណៈ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិធម៌​។ទាល់​តែគ.ជ.ប​ហ្នឹង​មិន​មែន​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​មួយ​ហើយ​បើ​សិន​យក​សំឡេង​៥០%​បូក​១​គ.ជ.ប​ហ្នឹង​នៅ​តែ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល។ ​ដូច្នេះ​ការ​បោះ​ឆ្នោត​អត់​ប្រយោជន៍​ដដែល​ បោះ​ឆ្នោត​ហើយ​ឈ្លោះ​គ្នា​ដដែល​ អញ្ចឹង​ជំហរ​យើង​នៅ​តែ​ទាមទារ​ឱ្យ​មាន​២ភាគ​៣​ដដែល»។​

កាល​ពី​សប្តាហ៍​មុន​ក្រុម​ការ​ងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នាមួយរយៈ​ពេល​ខ្លី។ ក៏ប៉ុន្តែ​មិន​បាន​សម្រេច​លទ្ធផល​ច្រើន​ទេ​ទាក់​ទឹន​នឹង​ការរក​ដំណោះ​ស្រាយ​ដើម្បី​ទំលុះ​ទំលាយ​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​បោះ​ឆ្នោត។​

រហូត​មក​ដល់​ពេល​នេះ​អស់​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ក្រោយ​ពី​ការ​ចរចា​ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​នៅ​បន្ត​បែរ​ខ្នង​ដាក់​គ្នា​ដោយ​សារតែ​មិន​ចុះ​សម្រុង​គ្នា​លើ​នីតិវិធី​មួយនេះ។

វាជាទម្លាប់​មួយ​ក្នុង​ពេល​អតីត​កាល​ចាប់​តាំងពី​ក្រោយ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាសភាព​អ្នក​ដឹកនាំ​មក​ពី​គណបក្ស​ដែលមាន​អាសនៈ​នៅ​ក្នុង​សភាជាតិ​ហើយជាធម្មតា​ការជ្រើសរើស​នេះ​តែងតែ​អនុវត្ត​តាម​នីតិវិធីដែល​គេ​ប្រើ​ក្នុង​ការ​តែងតាំង​រដ្ឋាភិបាល​ដែរ។

លោក​ ឈាង វ៉ុន សមាជិក​ក្រុម​ការងារ​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​លោក​មិន​យល់​ពីការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ទេ​ដែល​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គជប​ដោយ​សំឡេង​២ភាគ​៣​ដោយ​សារ​តែ​ការជ្រើស​តាំងរដ្ឋាភិបាល​រហូត​ដល់​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​សភាជាតិ​ក៏​អនុវត្ត​តាម​រូបមន្ត​៥០​បូក​មួយ​ដែរ។ លោក​បន្ថែមថាគណបក្ស​សង្គ្រោះជាតិ​គ្រាន់​តែ​ចង់​បានឱ្យ​មាន​ការធានា​ឱ្យ​មាន​ការ​បែង​ចែក​អាសនៈ​តែប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖​«ខ្ញុំ​គិត​ជាគំនិត​សម្រាប់​ជាតិ​ពិត​ប្រាកដ​មិន​មែន​២ភាគ​៣ទេ​គឺការ​បែង​ចែក​អាសនៈ​ឱ្យ​សុក្រិត​ ឱ្យ​មាន​សមធម៌​ហើយ​យើង​ទទួល​យក​អាហ្នឹង​ទៅ។​ហើយ​បើ​មិន​ទទួល​យក​ គាត់​មិន​ព្រម​ចូល​ស្រេច​តែ​លោក​។អត់មាន​ជម្រើស​អ្វី​ក្រៅ​ពីហ្នឹង​ទៀត​ទេ។ ​គណបក្ស​ប្រជាជន​គ្មាន​សិទ្ធិ​ណា​ដែល​ធ្វើ​ឱ្យ​ដំណើរ​ការ​រដ្ឋគាំង​ទេ​ហើយ​ឱ្យ​វិល​ទៅ​មុន​ឆ្នាំ​១៩៩៣​ទេ។​និយាយ​ឱ្យ​ពិត​ទៅ​យើង​ឆោត​ល្ងង់​ពេក​ហើយ​ដែល​យើង​ចង់​ឱ្យ​ស្ថាប័ន​រដ្ឋ​គាំង​ហ្នឹង​គឺ​ថា​យើង​ចោល​ម្សៀត​មែន​ទែន»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ត​ពហិការមិនចូល​រួម​ប្រជុំ​សភា​ដោយ​បញ្ជាក់​ថា​លុះ​ត្រា​តែ​លក្ខខណ្ឌ​ចំនួន​៣​ត្រូវ​បាន​ដោះ​ស្រាយ​ដែល​ក្នុង​នោះ​រួម​មាន​៖​ កែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ដោយចាប់​ផ្តើម​ចេញ​ពី​គជប​ ទីពីរ​កែទម្រង់​រដ្ឋសភា​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ត្រូវ​ទទួល​យក​លក្ខខណ្ឌ​បក្ស​ប្រឆាំង​ដែល​មាន​អំណាច​នៅ​ក្នុង​ការ​តាមដាន​និង​មាន​លទ្ធភាព​បំពេញ​ការ​ងារ​ដូច​ជារដ្ឋាភិបាល​ស្រមោល​ និង​ទី​៣​ទាម​ទារ​ឱ្យ​បើក​ទូលាយ​នូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ៕
XS
SM
MD
LG