លោកស្រី Svetlana Alexievich ជាអ្នកកាសែតជនជាតិបេឡារូស និងជាអ្នកនិពន្ធសៀវភៅស្តីពីផលប៉ះពាល់នៃគ្រោះមហន្តរាយ Chernobyl សង្រ្គាមរបស់សហភាពសូវៀតនៅប្រទេសអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រសូវៀតនិងក្រោយសូវៀត ដែលបានឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រកាលពីឆ្នាំមុន ហើយដែលគណៈកម្មាធិការពានរង្វាន់ណូបែលបានហៅសំណេររបស់លោកស្រីថា «ជានិមិត្តរូបនៃការរងទុក្ខវេទនា និងការជំរុញលើកទឹកចិត្តសម្រាប់សម័យកាលយើង»។
លោកស្រីបាននិយាយជាមួយនាង Yulia Savchenko នៃវីអូអេ នៅទីក្រុងវ៉ាស៊ីនតោន អំពីប្រវត្តិសាស្រ្តប្រកបដោយសោកនាដកម្មនេះ និងការដែលសោកនាដកម្មនៅតែបន្តដក់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងរបបសហភាពសូវៀត។
លោកស្រី Alexievich បានថ្លែងថា ៖ «យើងមានមនោសញ្ចេតនារីករាយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងបានគិតថា របបកុម្មុយនិស្តបានស្លាប់បាត់ទៅហើយ»។
«ប៉ុន្តែដប់ឆ្នាំបានកន្លងផុតទៅ ហើយលោកពូទីនក៏ចូលមកកាន់តំណែង វាច្បាស់ណាស់ថា ដំណើររបបកុម្មុយនិស្តអាចត្រឡប់មកវិញ។ របបកុម្មុយនិស្តតិចឬច្រើន នឹងវិលត្រឡប់មកវិញម្តងហើយម្តងទៀត »។
លោកស្រី Alexievich រៀបរាប់អំពីសៀវភៅរបស់លោកស្រី ដែលផ្អែកលើសក្ខីកម្មរបស់មនុស្ស ដែលបានជួបប្រទះហេតុការណ៍ប្រវត្តិសាស្រ្តប្រកបដោយសោកនាដកម្មនេះដោយផ្ទាល់។
លោកស្រីបាននិយាយថា៖ «គំនិតរបស់ខ្ញុំគឺសរសេរសព្វវចនាធិប្បាយនៃសម័យកាលនោះ»។ «ខ្ញុំបានរកឃើញមនុស្សដែលធ្លាប់បានឃើញលោកលេនីន (Lenin) ស្តាលីន (Stalin) ដែលពួកគាត់គឺជាអ្នករស់នៅក្នុងជំរំ (ពន្ធនាគារ) ជនដែលរស់នៅក្នុងជំរំរបស់ស្តាលីនអស់រយៈពេល ១៧ទៅ២០ ឆ្នាំ ក៏ដូចជាជនដែលបានចូលរួមប្រយុទ្ធក្នុង«មហាសង្រ្គាមស្នេហាជាតិ» [សង្គ្រាមលោកលើកទីពីរ]។ ខ្ញុំសមជាអ្នកដែលត្រូវសរសេររឿងរ៉ាវទាំងអស់នេះនៅក្នុងពេលនេះ។ ខ្ញុំគិតថា នៅទីបញ្ចប់ការពិពណ៌នារបស់ខ្ញុំ គឺនិយាយច្រើនអំពីបុគ្គល និងគំនិតហួសវិស័យនៃអ្វីដែលបានកើតឡើងចំពោះមនុស្សនៅពេលដែលពួកគេចង់កសាងឋានសួគ៌មិនទាន់ពេញលក្ខណៈនៅលើផែនដី»។
គួរកត់សម្គាល់ថា ប្រទេសរុស្ស៊ីមានរបប«សក្តិភូមិ»ច្រើនជាងរបបមូលធននិយមក្នុងឆ្នាំ១៩១៧ នៅពេលដែលចលនា Bolsheviks ដណ្ដើមកាន់កាប់អំណាច ការណ៍នេះ លោកស្រី Alexievich បាននិយាយថា វា គឺជា«រឿងឆោតល្ងង់»ដោយគិតថាប្រទេសនេះអាចផ្លាស់ប្ដូរពីសម័យសង្គមសក្ដិភូមិនិយមទៅជារបបសង្គមនិយម និងរបបកុម្មុយនិស្ត។
លោកស្រីបាននិយាយថា៖ «ប៉ុន្តែដូចដែលយើងបានដឹងហើយថា ចលនា Bolsheviks មានពាក្យស្លោកមួយដែលព្យួរនៅលើជញ្ជាំងជំរំ (ពន្ធនាគារ) ជំនាន់ស្តាលីនថា៖ ជាមួយនឹងកណ្ដាប់ដៃដែក យើងនឹងជំរុញមនុស្សជាតិឲ្យមានសុភមង្គល។ ពួកគេប្រហែលជាគិតថា ពួកគេអាចធ្វើបាន»។
ជាជាងការនាំមកនូវសុភមង្គល សកម្មភាពទាំងនេះបាននាំឱ្យមានឃ្លាមួយដែលលោកស្រី Alexievich បានហៅថា៖ «សមុទ្រឈាម រណ្តៅកប់សាកសពដ៏ធំធេង»។
ឆ្នាំក្រោយនេះ គឺជាខួបលើកទី១០០ ឆ្នាំនៃបដិវត្តន៍ចលនា Bolshevik ដែលបានផ្ដល់កំណើតឲ្យមានសហភាពសូវៀត។ នៅពេលសួរអំពីសារៈសំខាន់នៃខួបលើកនេះលោកស្រី Alexievich បាននិយាយថា៖ «វាគ្មានអ្វីគួរឲ្យមានមោទនភាពនោះទេ»។
«ប៉ុន្តែខ្ញុំចូលចិត្តពាក្យពេចន៍របស់ (អ្នកនិពន្ធVarlam) Shalamov ដែលជាអ្នកធ្លាប់ចំណាយពេល១៥ឆ្នាំនៅក្នុងជំរំពន្ធនាគារជំនាន់ស្តាលីន និងបាននិយាយថា ខ្ញុំគឺជាសាក្សីនៃការចាញ់សង្គ្រាមដែលនាំសុភមង្គលសម្រាប់មនុស្សជាតិ។ វាជាការប៉ុនប៉ងមួយដើម្បីទទួលបានអរិយធម៌ថ្មីផ្សេងមួយ តែជាក់ស្តែង ចុងក្រោយគឺបរាជ័យ។ យើងបរាជ័យក្នុង(ការប៉ុនប៉ង)នេះ ដែលខ្ញុំជឿថា នេះគឺជាមូលហេតុធ្វើឲ្យយើងគិតអំពីវា ថាហេតុអ្វីយើងបរាជ័យ ហេតុអ្វីបានជាមានការបង្ហូរឈាមច្រើនដូច្នេះ ហេតុអ្វីមនុស្សជាច្រើននាក់បានបាត់ខ្លួន ... ហេតុអ្វីបានជាពាក្យសេរីភាព សមភាព ភាតរភាព «នាំឲ្យមានការបង្ហូរឈាមដូចទន្លេដូច្នេះ»។
ប្រែសម្រួលដោយ ផន បុប្ផា