ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មាន​នរណា​ម្នាក់​នៅ​លើ​វេទិកា​សាធារណៈ​សម្រាប់​ផ្នែក​ការ​ទូត​អាមេរិក​នោះ​ទេ


លោក Mark Toner ​ អ្នក​នាំពាក្យ​ស្តី​ទី​របស់​ក្រសួង​ការបរទេសអាមេរិក។
លោក Mark Toner ​ អ្នក​នាំពាក្យ​ស្តី​ទី​របស់​ក្រសួង​ការបរទេសអាមេរិក។

​ការ​ខ្វះខាត​សន្និសីទ​​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ជួរ​​រដ្ឋបាល​ថ្មី​នេះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ជើងចាស់​ និង​អ្នក​ដទៃ​ទៀត​ចាត់​ទុក​ថា​​ជា អ្វី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​រៀបចំធ្វើ​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សប្ដាហ៍​ទី​មួយ​ខែ​កុម្ភៈ​នេះ។ នេះ​ជា​ស្ថានភាព​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បាន​ក្លាយ​ជា​ស្ថានភាព​ដដែលៗ​មួយ​ ចាប់តាំង​ពី​ការ​ឡើង​កាន់​ដំណែង​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។

លោក Mark Toner ​ អ្នក​នាំពាក្យ​ស្តី​ទី​របស់​ក្រសួង​ការបរទេស​បាន​ប្រាប់​VOA​ ថា​ ក្រសួង​ការ​បរទេស​នឹង​បន្ត​ឆ្លើយសំណួរ​ និង​ការ​ស្នើ​ពី​បណ្ដាញផ្សព្វផ្សាយ​នានា ប៉ុន្តែក្រសួងនឹង​មិន​រៀប​ចំ​សន្និសីទព័ត៌មានប្រចាំ​ថ្ងៃ​ដែល​មាន​ការ​ថត​កាមេរ៉ា​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ​ទេ ។

លោក​បាន​និយាយ​ថា​ក្រុម​មន្ត្រី «នឹង​រៀបចំ​ធ្វើ​សន្និសីទព័ត៌មាន​ប្រចាំ​ថ្ងៃឡើង​វិញ​នៅ​ក្នុង​ពេល​ឆាប់​បំផុត​តាម​តែអាច​ធ្វើ​ទៅ​បាន»។

សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ចុងក្រោយ​បំផុត​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែ​មករា​ នៅ​ពេល​ដែល​អ្នក​នាំ​ពាក្យ​លោក​ John Kirby​ ដែល​លោកជា​អ្នក​ចាត់​តាំង​ដោយ​ប្រធានាធិបតី​និង​ជា​ឧត្ដម​នាវី​ឯកចូល​និវត្តន៍​មួយ​រូប បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជា​លើក​ចុងក្រោយ​នៅ​តុ​សុន្ទរកថា​របស់​លោក។

ចាប់​តាំង​ពី​ពេល​នោះ​មក​ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ការិយាល័យ​សារព័ត៌មាន​បាន​បន្ត​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អធិប្បាយ​ពី​សំណាក់​អ្នក​សារព័ត៌មាន​តាម​រយៈ​អ៊ីម៉ែល​ឬ​ការ​ជួប​ផ្ទាល់។

ប៉ុន្តែ​ការ​ខ្វះខាត​សន្និសីទព័ត៌មាន​ប្រចាំ​ថ្ងៃ​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ជួររដ្ឋបាល​ថ្មី​នេះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ជើងចាស់​ និង​អ្នក​ដទៃ​ទៀត​ចាត់​ទុក​ថាជា អ្វី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ សន្និសីទ​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​គឺ​ជា «​វេទិកា​ប្រចាំថ្ងៃ​សំខាន់​បំផុត​របស់​អាមេរិក​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​ពិភព​លោក​នានា»។

អតីត​អ្នក​ការទូត​អាមេរិក​លោក ​Brett ​Bruen​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ទំនាក់ទំនង​យុទ្ធសាស្រ្ត ​Global​ Situation ​Room ​បាន​និយាយ​ថា​៖ «ប្រសិន​បើ​យើង​មិន​មាន​វេទិកា​សន្និសីទ​ព័ត៌មាន​នោះ​ទេ​សំឡេង​របស់​យើង​នឹង​អវត្តមាន​ជា​ញឹកញយ​ក្នុងកិច្ច​ពិភាក្សា​សាកល​សំខាន់​ៗ»។

លោក​ Bruen​ ដែល​ជា​អតីត​នាយក​ផ្នែកទំនាក់ទំនង​សាកល​នៅ​សេតវិមាន​បាន​ប្រាប់​VOA​ថា៖ «ប្រទេស​ផ្សេង​ទៀត​បន្ត​បង្កើត​ឲ្យ​មាន​សន្និសីទ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ។ បច្ចាមិត្ត​ដូច​ជា​ ពួក​រដ្ឋ​អ៊ីស្លាម​ កំពុង​ផលិត​វីដេអូ​ព័ត៌មាន​ប្រចាំ​ថ្ងៃ។ អាមេរិក​ក៏​ចាំបាច់​ត្រូវ​មាន​ព័ត៌មាន​ជា​វីដេអូ​ដើម្បី​ប្រជែង​ក្នុង​ផ្នែក​ផ្សព្វផ្សាយ​តប​ទៅ​វិញ។ បើ​គ្មាន​ការ​ផ្តល់​ព័ត៌មាន​នោះ​ទេ​ ឥទ្ធិពល​របស់​យើង​នឹង​ត្រូវ​ថមថយ ហើយគោល​នយោបាយ​របស់​យើង​នឹង​ប្រឈម​នឹងគ្រោះថ្នាក់»។

សេតវិមាន​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​មាន​ការ​ថត​កាមេរ៉ា​ជា​រៀងរាល់​ថ្ងៃ ក្រោម​អធិបតីលោក​ Sean ​Spicer ​អ្នក​នាំ​ពាក្យ​សេតវិមាន។ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការ​ឆ្លើយឆ្លង​ជាមួយ​នឹង​អ្នកសារព័ត៌មាន​នៅ​ទី​នោះ​ និង​បច្ចុប្បន្ន​ជាមួយ​អ្នកសារព័ត៌មានទូទាំង​ប្រទេស​តាមរយៈ ​Skype ​ គឺ​ផ្ដោត​លើ​តែបញ្ហា​ក្នុង​ស្រុក។

សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​ការបរទេស​ផ្ដោត​ទៅ​លើ​បញ្ហា​លើ​ឆាក​អន្តរជាតិ​ ហើយ​ជា​ការ​ពិនិត្យ​ពិច័យ​ស៊ី​ជម្រៅរៀងរាល់​ថ្ងៃទៅ​លើ​វិស័យ​ការទូត​ ជាមួយ​នឹង​ការ​សាកសួរ​ជា​ញឹកញាប់​ដើម្បី​បំភ្លឺ​អំពី​បញ្ហា គោល​នយោបាយ​រដ្ឋបាល ​ដែល​មាន​អ្នក​យល់​តិចតួច។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​អាមេរិក​ជា​ធម្មតា​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ការ​ឆ្លើយឆ្លង​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស​ទៅវិញទៅមក​ជាមួយ​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។

ខណៈ​ពេល​អ្នក​កាសែតប្រចាំ​ភ្នាក់ងារ​សារព័ត៌មានធំៗ ចាប់​ផ្តើម​សួរ​សំណួរ​ពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន​សំខាន់​នៅ​ក្រៅ​ប្រទេស​ ដែល​ជា​ធម្មតា​គឺ​បន្ទាប់​ពី​មាន​ការ​ «អាន»​ ព័ត៌មាន​សង្ខេប​ពី​អ្នក​នាំ​ពាក្យ ​គេ​ក៏​បាន​ទុក​ពេលវេលាសម្រាប់​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​បរទេស​ផង​ដែរ ដែល​ក្នុង​នោះរួមមាន​អ្នក​សារ​ព័ត៌មាន​ដែល​មក​ពី​ប្រទេស​ដែល​មាន​គោលនយោបាយ​មិន​ស្វាគមន៍​ទៅ​ដល់សហរដ្ឋអាមេរិក។

អ្នក​សរសេរ​អត្ថបទ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​និង​គេហទំព័របម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុម​មនុស្ស ឬ​អង្គភាព​ផ្សេងៗ​ ដូច​ជា​បណ្ដាញ​ផ្សព្វផ្សាយ​ និង​គេហទំព័រដែល​តំណាង​ឲ្យ​ជន​អំបូរ​ឃឺដ​ (Kurds)​ ឬ​ប្រជាជន​ប៉ាឡេស្ទីន ​Palestinians​ គឺ​ជា​អ្នក​ដែល​សួរ​សំណួរ​ជា​ញឹកញាប់។

ការ​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​ក្នុង​បន្ទប់​សន្និសីទ​ព័ត៌មាន​និង​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​គេហទំព័រ​ state.govជា​អ្វី​ដែល​ឥឡូវ​នេះ​នៅ​ទំនេរ ខណៈ​ពេល​ដែល​រដ្ឋបាល​ថ្មី​កំពុង​តាក់តែង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន។

លោក​ Rex ​Tillerson​ ​ត្រូវ​បាន​អនុម័តដោយ​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ កាលពីថ្ងៃ​ទី០១ ខែ​កុម្ភៈ​កន្លង​ទៅ។ ប៉ុន្តែ​តំណែង​នានា​នៅ​ក្រោម​ឱវាទ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៅ​ទំនេរ​នៅ​ឡើយ។​ ​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​តែងតាំង​សម្រាប់​មុខ​តំណែង​សំខាន់​បំផុត​ពីរ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ក៏ដូចជាតំណែង​រដ្ឋលេខាធិការ​នៅ​ឡើយ​ទេ។ តំណែងកំពូល​នៃ​អ្នក​ត្រូវ​បាន​គេ​តែងតាំង​ មាន​តែ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ គឺ​លោក​ស្រី Nikki Haley​ ដែល​ជា​អតីត​អភិបាលរដ្ឋ ​South Carolina ប៉ុណ្ណោះ ។ អ្នក​ស្នង​តំណែងលោក​ Kirby ​ដែល​ជា​អ្នក​នាំពាក្យ​កំពូល​ក៏​មិន​ទាន់​ត្រូវ​បាន​ចាត់តាំងដែរ​។

ប្រែ​សម្រួល​ដោយ​ផន ​បុប្ផា

XS
SM
MD
LG