បន្ទាប់ពីក្រសួងសុខាភិបាលអះអាងថា មិនមានការផ្ទុះមេរោគអេដស៍ក្នុងខេត្តកណ្តាលនោះ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បង្ហាញពីមន្ទិលសង្ស័យចំពោះជោគជ័យនៃការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ឲ្យបាន ក្នុងរយៈពេលជិត១០ឆ្នាំខាងមុខ។
រដ្ឋាភិបាលកម្ពុជា មានទិសដៅលុបបំបាត់ឲ្យបាន នូវការឆ្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ២០២៥ខាងមុខ។ ក៏ប៉ុន្តែទិសដៅនេះទំនងជាស្ថិតក្រោមការសង្ស័យនៅឡើយ ក្រោយពេលមានករណីផ្ទុះមេរោគអេដស៍នៅក្នុងឃុំរការខេត្តបាត់ដំបង និងករណីសង្ស័យឆ្លងមេរោគអេដស៍ក្នុងឃុំសំបួរមាស ខេត្តកណ្តាលក្នុងខែកុម្ភៈកន្លងទៅ ជាពេលដែលគេបញ្ជាក់ថាមានអ្នកផ្ទុកមេរោគអេដស៍ចំនួន៤នាក់នៅក្នុងភូមិតែមួយ។
កាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញសេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា ករណីសង្ស័យឆ្លងមេរោគអេដស៍ក្នុងឃុំសំបួរមាស ខេត្តកណ្តាលនេះ មិនមែនជាករណីខុសប្រក្រតី ដូចការឆ្លងរាលដាលមេរោគអេដស៍នៅក្នុងខេត្តបាត់ដំបងនោះទេ។ សេចក្តីសន្និដ្ឋានដែលថាមានអ្នកភូមិ៤រូបឆ្លងមេរោគអេដស៍ក្នុងខេត្តកណ្តាល គឺជាលទ្ធផលនៃការធ្វើតេស្តឈាមដោយស្ម័គ្រចិត្តចំនួន២៧៩នាក់។
លោកស្រី កែ សុវណ្ណរ័ត្ន គឺជាប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភាកម្ពុជាបានចេញលិខិត ទទូចឲ្យក្រសួងសុខាភិបាលកម្ពុជាបន្តធ្វើការតាមដាន លើករណីសង្ស័យឆ្លងមេរោគអេដស៍ក្នុងឃុំសំបួរមាស ខេត្តកណ្តាលបន្តទៀត។ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដែលមកពីគណបក្សសង្គ្រោះជាតិរូបនេះ ឲ្យដឹងថា លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង មិនទាន់មានជាការឆ្លើយតបណាមួយ មកលោកស្រីវិញនោះទេ។
យ៉ាងណាក៏ដោយ លោកស្រីលើកឡើងថា ដើម្បីឲ្យមានការសន្និដ្ឋានពីមូលហេតុឲ្យកាន់តែច្បាស់លាស់នោះ លុះត្រាតែប្រជាពលរដ្ឋនៅក្នុងភូមពាម ខេត្តកណ្តាល បានពិនិត្យឈាមរកលទ្ធផលរបស់ខ្លួនគ្រប់ៗគ្នា។
«យើងឃើញថាលទ្ធផលធ្វើតេស្តហ្នឹងបានតែ១ភាគ៤ទេ។ ការធ្វើតេស្តតែពាក់កណ្តាលមិនមែនជាមូលដ្ឋានពិតប្រាកដទេ គឺយើងត្រូវធ្វើតេស្តឲ្យមានលក្ខណៈទូលំទូលាយជាងហ្នឹង ទើបយើងអាចសន្និដ្ឋានបាន។ ពីព្រោះជំងឺអេដស៍វាឆ្លង បើយើងអត់រកឃើញបញ្ហាទាំងអស់ ថាតើវាឆ្លងប៉ុន្មាននាក់ ដើម្បីយើងចាត់វិធានការក្នុងការជួយព្យាបាលគាត់។ ទី២យើងទប់ស្កាត់ ទី៣យើងលើកទឹកចិត្តគាត់»។
លោកស្រីបន្ថែមទៀតថា បើចង់ឲ្យសម្រេចបាននូវការលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ ក៏ដូចជាពង្រឹងវិស័យសុខាភិបាលជារួមនោះ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅនៃប្រព័ន្ធសុខាភិបាលរបស់ខ្លួនឡើងវិញ។
«ដើម្បីឲ្យទៅជាប្រព័ន្ធ ដើម្បីឲ្យកាត់បន្ថយបញ្ហា មិនមែនតែរឿងអេដស៍ទេ បញ្ហាផ្សេងៗច្រើនណាស់ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ព្រោះវិស័យសុខាភិបាលជាវិស័យអាយុជីវិត របស់ប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវធ្វើម៉េចរៀបចំប្រព័ន្ធសុខាភិបាល។ វាបាត់បង់ជំនឿ ប្រជាពលរដ្ឋភាគច្រើនរត់ទៅរកការព្យាបាលដោយខ្លួនឯង ដោយសារភាពយឺតយ៉ាវការផ្តល់សេវា ការមិនគោរពក្រមសីលធម៌របស់គ្រូពេទ្យមួយចំនួន។ សូម្បីតែវេជ្ជបណ្ឌិតមួយចំនួន គ្រួសារគាត់ក៏ចេញទៅមើលក្រៅដែរ»។
ទោះជាយ៉ាងនេះក៏ មន្ត្រីសុខាភិបាលកម្ពុជានៅតែមានជំនឿចិត្ត និងការពារវិធានការដែលនឹងអាចឈានដល់ការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍នាពេលខាងមុខ។
លោក លី ពេញស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ថ្លែងការពារចំណាត់ការណ៍របស់រដ្ឋាភិបាលកម្ពុជា៖
«យើងសង្ឃឹមថានឹងអាចធ្វើបាន ដោយសារថាបច្ចុប្បន្ននេះ អ្នកដែលយើងបានផ្តល់សេវាព្យាបាលហ្នឹងសឹងតែជាង៨០% ហើយយើងហ្នឹងបន្តទៅរកថែម។ នៅមានប្រហែល១ម៉ឺននាក់ទៀតដែលគាត់ផ្ទុកហើយ តែគាត់អត់ដឹង។ យើងត្រូវប្រញាប់ហៅគាត់មកធ្វើតេស្ត មកប្រញាប់ព្យាបាលកុំឲ្យគាត់ឆ្លងតទៅទៀត»។
លោក អ៊ុក ស៊ីថា ប្រធានកម្មវិធីប្រយុទ្ធជំងឺអេដស៍ កាមរោគខេត្តកណ្តាល ដែលធ្វើការផ្ទាល់ជាមួយភូមិពាម សំបួរមាស បញ្ជាក់ប្រាប់ VOA ថា ក្រុមការងារសុខាភិបាល នៅតែបន្តផ្តល់សេវា ប្រឹក្សា និងពិនិត្យឈាមរកមេរោគអេដស៍នេះជាបន្តបន្ទាប់ទៀតផងដែរ ហើយគិតមកត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានអ្នកភូមិប្រមាណ១០០នាក់ផ្សេងទៀតបានមកពិនិត្យឈាមដោយស្ម័គ្រចិត្ត។ ដោយឡែក ជាលទ្ធផលពុំមានរកឃើញអ្នកមានមេរោគអេដស៍ណាមួយនោះទេ។
នៅក្នុងរបាយការណ៍អង្កេតមួយចេញដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាលកម្ពុជាក្នុងខែឩសភាឆ្នាំ២០១៥ឲ្យដឹងថា អត្រានៃការឆ្លងមេរោគអេដស៍ក្នុងចំណោមមនុស្សទូទៅ បានធ្លាក់ចុះពី០.៤៨% នៅឆ្នាំ២០១០ មកត្រឹម០.២៨% ក្នុងឆ្នាំ២០១៤៕