ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការខំប្រឹងយកជ័យជម្នះលើក្រុមរដ្ឋឥស្លាមនឹងមិនអាចទទួលបានជោគជ័យទេ ដរាបណាគ្មានកិច្ចព្រៀមព្រៀងនយោបាយមួយនៅក្នុងប្រទេសស៊ីរីនោះ។ លោកប្រធានាធិបតីបានបន្ថែមថា លោកគ្មានជំនឿទៅលើដំណោះស្រាយមួយដែលទុកប្រធានាធិបតីស៊ីរី លោក Bashar al-Assad ឲ្យនៅកាន់តំណែងនោះទេ។
លោក អូបាម៉ា និយាយថា «ខ្ញុំស្រម៉ៃមិនឃើញឡើយ ដែលថា គេអាចបញ្ឈប់សង្គ្រាមស៊ីវិលនៅទីនោះបាន នៅពេលដែលប្រជាពលរដ្ឋច្រើនលើសលប់នៅក្នុងប្រទេសស៊ីរចាត់ទុកលោក Assad ថាជាជនផ្តាច់ការដ៏សាហាវ យង់ឃ្នងនោះ»។ លោកអូបាម៉ា បន្ថែមថា «លោក Assad មិនអាចទទួលបានភាពស្របច្បាប់ឡើងវិញបានទេ ហើយប្រសិនបើគាត់ពិតជានៅតែកាន់អំណាចតទៅទៀត មិនថាប្រទេសដែលមានអំណាចពីខាងក្រៅធ្វើអ្វីនោះទេ គឺនឹងនៅតែមានប្រជាពលរដ្ឋស៊ីរីមួយភាគធំនៅតែវាយប្រយុទ្ធគ្នាដដែល»។
លោក អូបាម៉ា បានថ្លែងដូច្នេះ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅខាងក្រៅសន្និសីទស្តីពីតំបន់អាស៊ីបាស៊ីហ្វិកដែលគេធ្វើឡើងក្នុងប្រទេសហ្វីលីពីន។
សហគមន៍អន្តរជាតិបានធ្វើការងារអស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីស្វែងរកមធ្យោបាយមួយ ឈានទៅបញ្ចប់ការវាយប្រយុទ្ធគ្នាក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ មនុស្សយ៉ាងតិចអស់២៥ម៉ឺននាក់ហើយ៕