មនុស្សជាច្រើនរយនាក់ដែលបានរត់គេចពីសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េត្រូវបានសម្ភាសសម្រាប់របាយការណ៍នេះ។ អ្នកត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិនិយាយថា ព័ត៌មានដែលប្រមូលបានពីចម្លើយរបស់ពួកគេមានមូលដ្ឋានសមហេតុផលដែលបង្ហាញថាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិកំពុងត្រូវបានប្រព្រឹត្តិនៅក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេសនោះ។
អ្នកនាំពាក្យសិទ្ធមនុស្សរបស់អ.ស.ប. អ្នកស្រី Ravina Shamdasani ប្រាប់វីអូអេថា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិបន្តកើតមានក្នុងប្រព័ន្ធពន្ធនាគារធម្មតា។ អ្នកស្រីនិយាយថា នៅទីនោះមានការធ្វើទារុណកម្មជាប្រព័ន្ធជាច្រើនឬការបំពានផ្លូវកាយនិងផ្លូវចិត្តជាច្រើនទម្រង់ផ្សេងទៀតទៅលើអ្នកដែលជាប់ឃុំ។
អ្នកស្រី Shamdasani ថ្លែងថា៖
«ក្រោយការស៊ើបអង្កេតអស់រយៈពេល៧ឆ្នាំ អង្គការសហប្រជាជាតិបានរកឃើញពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដ៏ឃោរឃៅដែលត្រូវបានប្រពឹត្តិឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រួមមានឃាតកម្ម ទាសភាព ទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ។ យើងបានរកឃើញថា ប្រាំពីរឆ្នាំក្រោយមកមិនមានអ្វីផ្លាស់ប្តូរច្រើនឡើយ។ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិកំពុងបន្ត ហើយមិនមានការទទួលខុសត្រូវទេសម្រាប់ឧក្រិដ្ឋកម្មកន្លងមកដែលត្រូវបានចងក្រង»។
របាយការណ៍១៥ទំព័រ ចងក្រងយ៉ាងពិស្តារនូវការឈឺចាប់ក្នុងទម្រង់ផ្សេងៗនៃទណ្ឌកម្មដែលបានដាក់លើអ្នកទោស រួមមាន ការសម្លាប់រង្គាល ការចាប់រំលោភ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ ការមិនផ្តល់ការថែទាំវេជ្ជសាស្ត្រ និងការបង្អត់អាហារ។ របាយការណ៍នោះបានឲ្យដឹងថាអ្នកទោសនយោបាយគឺរងទោសក្នុងទម្រង់សាហាវបំផុត។
របាយការណ៍នោះកំពុងអំពាវនាវទៅកាន់សហគមន៍អន្តរជាតិឲ្យផ្តល់អាទិភាពសិទ្ធិមនុស្សដល់ប្រជាជនក្នុងកូរ៉េខាងជើងនិងឲ្យរដ្ឋាភិបាលលោកគីម ជុងអ៊ុនទទួលខុសត្រូវលើការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះ។
អ្នកស្រី Shamdasani និយាយថា ការចរចាផ្នែកនយោបាយជាមួយនឹងកូរ៉េខាងជើងគឺផ្តោតលើបញ្ហាមិនពង្រីកអាវុធនុយក្លេអែរ។ អ្នកស្រីនិយាយថា បញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាយកមកពិចារណាបន្ទាប់បន្សំ។
អ្នកស្រី Shamdasani ថ្លែងថា៖
«មានការពិភាក្សាតិចតួចណាស់លើស្ថានភាពសិទ្ធិមនុស្ស។ មានការពិភាក្សាតិចតួចខ្លាំងលើយុត្តិធម៌ និងការទទួលខុសត្រូវសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អ្វីដែលយើងកំពុងនិយាយនោះគឺថា បើសិនជាយើងចង់បានសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ វាអាចធ្វើទៅបានលុះត្រាតែការរំលោភបំពានបែបនោះបញ្ចប់ ហើយលុះត្រាតែជនរងគ្រោះទទួលបានយុត្តិធម៌ ការពិត និងសំណង»។
របាយការណ៍អំពាវនាវឲ្យបញ្ចប់និទណ្ឌភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ របាយការណ៍នោះបានឲ្យដឹងថា ការស៊ើបអង្កេតដែលត្រឹមត្រូវនិងការកាត់ទោសពីបទឧក្រិដ្ឋកម្មអន្តរជាតិដែលបានកើតឡើងក្នុងប្រទេសកូរ៉េខាងជើងត្រូវតែជាអាទិភាពមួយ។ របាយការណ៍នេះក៏បានស្នើផងដែរថាស្ថានភាពធ្ងន់ធ្ងរក្នុងប្រទេសនេះត្រូវតែដោះស្រាយនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិឬតុលាការស្រដៀងនោះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ