ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស


ព្រះសង្ឃ​មួយ​អង្គ​ការពារ​ព្រះកាយ​ពី​ការ​វាយ​របស់​ក្រុម​ប៉ូលិស​ក្នុង​អំឡុង​បាតុកម្ម​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ​ទី២៤ ខែធ្នូ​នេះ។ អតីត​អ្នក​ភូមិ​បឹងកក់​ប្រមាណ​១០០​នាក់ ដោយ​រួម​មាន​ព្រះសង្ឃ​ផង​ បាន​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ព្រះមុនីវង្ស​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​ថែម​ទៀត​ចំពោះ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​សហគមន៍​បឹងកក់។
ព្រះសង្ឃ​មួយ​អង្គ​ការពារ​ព្រះកាយ​ពី​ការ​វាយ​របស់​ក្រុម​ប៉ូលិស​ក្នុង​អំឡុង​បាតុកម្ម​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ​ទី២៤ ខែធ្នូ​នេះ។ អតីត​អ្នក​ភូមិ​បឹងកក់​ប្រមាណ​១០០​នាក់ ដោយ​រួម​មាន​ព្រះសង្ឃ​ផង​ បាន​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​ព្រះមុនីវង្ស​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​ថែម​ទៀត​ចំពោះ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​សហគមន៍​បឹងកក់។
យ៉ាង​ហោច​ណាស់​មាន​ព្រះសង្ឃ​ចំនួន​៤​អង្គ​ និង​មនុស្ស​ប្រាំនាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ផ្ទួនៗ​ចំនួន​ពីរ​លើក​ ជាមួយ​ក្រុម​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​ក្នុង​ការ​តវ៉ា​អំពី​ទំនាស់​ដីធ្លី​មួយ​ របស់​អតីត​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​ នេះ​បើ​យោង​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​តំណាង​បាតុករ។​

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ជា​អតីត​អ្នក​រស់​នៅ​ក្នុង​សហគមន៍​បឹងកក់​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​ ដែល​បាន​ចូលរួម​ជាមួយ​ព្រះសង្ឃ​ចំនួន​១០០​អង្គ​បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ព្រះមុន្នីវង្ស​ត្រង់​ចំណុច​ ច្រក​ចូល​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​ដល់​ពួក​គាត់។ ​ការ​តវ៉ា​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​ម្ល៉េះ។

បាតុករ​ទាំងនេះ​បាន​យល់ព្រម​ទទួល​យក​សំណង​រួច​ហើយ​នៅពេល​ដែល​មាន​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​សហគមន៍​បឹងកក់​ដោយ​បង្ខំ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។​

ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​និយាយ​ថា​ ទីលំនៅ​ថ្មី​របស់​ពួក​គាត់​នោះ​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ​ ហើយ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ ពួក​គាត់​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ពួក​គាត់​ឡើង​វិញ។​

អ្នកស្រី​សុង ស្រីលាភ​ តំណាង​បាតុករ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះទង្គិច​នេះ​គឺ​បន្ទាប់​ពីការ​ប្រើ​ពាក្យ​សម្តី​មិន​ល្អ ​និង​ការ​រុញ​ច្រាន​ដោយ​កម្លាំង​បាយ​ពី​សំណាក់​ក្រុម​អាជ្ញាធរ។​

‍‍‍‍«ពេល​ដែល​ពួក​យើង​មក​ដល់​ គេ​អត់​មាន​ហៅ​យើង​មក​និយាយ​ស្រួលបួល​ដើម្បី​ដោះស្រាយ​ទេ​ តែ​បែរ​ជា​ដាក់​កម្លាំង​មក​រុញ​ច្រាន​ពួក​យើង​តែ​ម្តង។​ ពេល​នេះ​ពួក​យើង​ឃើញ​ប៉េអ៊ីម​វ៉ាយ​លើ​យុវជន​មួយ​នោះ ​ច្រើន​មែន​ទែន​ អញ្ចឹង​ហើយ​ពួក​ខ្ញុំ​ព្យាយាម​ចូល​ទៅ​ជួយ​ ពួក​ខ្ញុំ​ក៏​ត្រូវ​គេ​វ៉ាយ​ដែរ​ ព្រោះ​ពួក​ខ្ញុំ​រង​ជំនួស។ ​បន្ទាប់​មក​ទៀត​នោះ​ ពួក​ខ្ញុំ​បាន​ឃើញ​កង​កម្លាំង​ប៉េអ៊ីម​ក៏​ចាប់​ផ្តើម​វ៉ាយ​លោក​តែ​ម្តង»។​

អ្នកស្រី​សុង ស្រីលាភ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ឃាត់​ខ្លួន​មួយ​រយៈ​ ជាមួយ​ស្ត្រី​បី​រូប​ផ្សេង​ទៀត​ក្រោយពី​មាន​ការ​ប៉ះ​ទង្គិច​លើក​ទី១។​

ដោយ​ឡែក ​លោក​ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ អះអាង​ផ្សេង​វិញ​ថា​ អំពើ​ហិង្សា​បាន​កើត​ឡើង​ពី​សំណាក់​ក្រុម​បាតុករ​ទៅ​វិញ​ទេ។​

«រឿង​ទង្វើ​របស់​ពួកគាត់​ដែល​ក្លាយ​ជា​អំពើ​ហិង្សា​នេះ​គឺ​ពួក​គាត់​ព្យាយាម​បង្កើត​វា​ តាំង​ពី​ម្សិលមិញ​ម្តង​រួច​មក​ហើយ​ តែ​សមត្ថកិច្ច​របស់​យើង​ព្យាយាម​អត់ធ្មត់​ខ្ពស់​ដើម្បី​បញ្ចៀស​កុំឲ្យ​ក្លាយ​ជា​អំពើ​ហិង្សា​បែប​ហ្នឹង»។​

ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​សហគមន៍​បឹងកក់​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ក្រោយពី​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សម្រេច​ប្រគល់​ដីដែល​មាន​ទំហំ​ជាង​១៣០​ហិចតា​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន ​ដើម្បី​ធ្វើ​ការ​វិនិយោគ​រយៈ​ពេល​៩៩​ឆ្នាំ។ ​លោក​ឡៅ ម៉េងឃីន​ គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច។​

ប្រជា​ពលរដ្ឋ​ចំនួន​ជាង​៤.០០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ ក្នុង​នោះ​មាន​តែ​ជាង​១.០០០​គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​តស៊ូ​ប្រឆាំង​ តវ៉ា​មិន​ព្រមចាកចេញ​ ដោយ​សារ​ពួក​គាត់​បាន​សំណង​តិចតួច​ខុសពី​តម្លៃ​ទីផ្សារ។​

ប្រជា​ពលរដ្ឋ ​ដែល​យល់​ព្រម​ចាក​ចេញ​នាពេល​នោះ​ បាន​ទទួល​សំណង​ចំនួន​ត្រឹមតែ​ ៨.០០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ការ​ប៉ះទង្គិច​នេះ​អាច​បញ្ឆេះ​ឲ្យ​មាន​ការ​តវ៉ា​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត។​

«នេះ​ជា​ករណី​មួយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​បច្ចុប្បន្ន​យើង​ឃើញ​ថា​ ស្ថានភាព​នយោបាយ​កំពុងតែ​មាន​ភាព​តានតឹង។ ​កាលណា​មាន​អ្នក​តវ៉ា​បែបនេះ​ ហើយ​យើង​ប្រើ​អំពើ​ហិង្សា​ វា​ហាក់​ដូចជា​ចាក់​សាំង​បន្ថែម​អញ្ចឹង។ ​ខ្ញុំ​ថា​ រឿងពិត​ប្រាកដ​ អាជ្ញាធរ​ទេ​ដែល​ត្រូវ​យកចិត្ត​ប្រជា​ពលរដ្ឋ ​ពេល​ដែល​មាន​បញ្ហា​អញ្ចឹង។​ អាជ្ញាធរ​គួរតែ​ ព្យាយាម​រក​ដំណោះ​ស្រាយ​ឲ្យ​គាត់​ ដើម្បី​រម្ងាប់​ចិត្ត​គាត់»។​

សូម​បញ្ជាក់​ថា​ ការ​តវ៉ា​បិទ​ផ្លូវ​របស់​អតីត​អ្នក​ភូមិ​បឹងកក់​នៅ​ថ្ងៃ​នេះ​ មាន​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថ​កិច្ច​ចំនួន​២​លើក​គឺ​នៅ​ពេក​ព្រឹក​មួយ​លើក​ នឹង​ពេល​រសៀល​មួយ​លើក។ ​ព្រះសង្ឃ​ចំនួន​បួន​អង្គ​បាន​រង​របួស​ដោយ​មាន​ស្នាម​ជាំ​លើ​ព្រះកាយ​ ស្ត្រី​បួន​នាក់​ក្នុង​ចំណោមក្រុម​បាតុករ​បាន​រង​របួសផង​ដែរ។​

ដោយ​ឡែក​បុរស​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់។​ មិនមាន​របាយ​ការណ៍​ស្តីពី​ការ​ទទួល​រងរបួស​នៅ​ក្នុង​ចំណោម​កម្លាំងមាន​សមត្ថ​កិច្ច​នោះ​ទេ។​

ក្រោយពី​ការ​ប៉ះទង្គិច​នោះ​ បាតុករ​និង​ព្រះសង្ឃ​បាន​រំសាយ​ក្បួន​បាតុកម្ម​ដោយ​ពុំទទួល​បាន​ដំណោះស្រាយ​ណាមួយ​នោះ​ទេ៕
XS
SM
MD
LG