អស់ពេលជាច្រើនថ្ងៃហើយដែលជម្លោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់បានបង្កើនកំហឹងរោលរាល ក្រោយពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើការវាយប្រហារដ៏មហន្តរាយមួយទៅលើដែនដីអ៊ីស្រាអ៊ែលមក។
រហូតមកដល់ពេលនេះ មនុស្សជាង១ពាន់៥រយនាក់ត្រូវបានសម្លាប់ទាំងសងខាង ដោយពុំទាន់ឃើញមានសញ្ញាណាមួយនៃបទឈប់បាញ់គ្នានៅឡើយទេ។
ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ទន្ទឹមនឹងការប្រយុទ្ធគ្នានេះ តម្លៃប្រេងអាចឡើងខ្ពស់ ប្រសិនបើជម្លោះនេះរីករាលដាលឬក្លាយជាចលាចលនយោបាយនោះ។ តំបន់មជ្ឈឹមបូព៌ា ផលិតប្រេងចំនួនប្រមាណ១ភាគ៣នៃការផលិតប្រេងរបស់ពិភពលោកទាំងមូល។
លោក Emmanuel Afimia ស្ថាបនិកក្រុមហ៊ុនពិគ្រោះយោបល់ Enermics ដែលមានមូលដ្ឋានក្នុងទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាបាននិយាយថា ពលរដ្ឋនីហ្សេរីយ៉ា នឹងមានការប៉ះពាល់ដោយសារតម្លៃប្រេងឡើងខ្ពស់ ពីព្រោះរដ្ឋាភិបាលនាពេលថ្មីៗនេះ ទើបបានបញ្ឈប់ការផ្តល់ប្រាក់ឧត្ថម្ភតម្លៃប្រេងឥន្ធនៈ។ លោកថ្លែងដូចនេះថា៖
«ប្រសិនបើសង្វាក់ផ្គត់ផ្គង់ផលិតផលប្រេងសម្រេចមានភាពរអាក់រអួល វានឹងមានផលប៉ះពាល់លើទីផ្សារក្នុងស្រុករបស់នីហ្សេរីយ៉ា ព្រោះដូចអ្នកដឹងហើយថា ប្រាក់ឧបត្ថម្ភសម្រាប់តម្លៃប្រេងលែងមានទៀតហើយ ហើយកម្លាំងទីផ្សារពេលនេះជាអ្នកកំណត់តម្លៃផលិតផលប្រេង។ នីហ្សេរីយ៉ាចាំបាច់ត្រៀមខ្លួនសម្រាប់កំណើនដែលអាចកើតឡើង នៃតម្លៃផលិតផលប្រេងក្នុងស្រុក»។
ប្រទេសអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនមិនមែនជាអ្នកផលិតប្រេងដ៏ធំនោះឡើយ ប៉ុន្តែតម្លៃប្រេងសាកល បានឡើងថ្លៃប្រមាណ៤ភាគរយកាលពីថ្ងៃចន្ទកន្លងទៅ ដែលជាសញ្ញាដំបូងៗបង្ហាញថា តម្លៃប្រេងអាចហក់ឡើងខ្ពស់ខ្លាំងជាងនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រុមអ្នកជំនាញ។
ជាទូទៅការឡើងថ្លៃប្រេង អាចជួយផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសផលិតប្រេងឆៅដ៏សំខាន់មួយក្នុងទ្វីបអាហ្វ្រិក។
លោក Afimia បានពន្យល់ដូចនេះថា បើទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសនីហ្សេរីយ៉ា មិនបានចម្រាញ់ប្រេងដោយខ្លួនឯងទេ ហើយពឹងផ្អែកលើការនាំចូលប្រេងសម្រេចពីក្រៅប្រទេស ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការប្រេងឥន្ធនៈរបស់ខ្លួន។លោកAfimiaថ្លែងបន្តដូចនេះថា៖
«នៅពេលមានសង្គ្រាមឬវិបត្តិណាមួយ វាតែងតែមានតម្រូវការប្រេងឆៅជាខ្លាំង។ នៅពេលដែលតម្លៃប្រេងឆៅឡើងថ្លៃនោះ ប្រទេសនីហ្សេរីយ៉ាមានឱកាសរកចំណូលបានច្រើនពីការលក់ប្រេងឆៅរបស់ខ្លួន ប៉ុន្តែរឿងម្ខាងទៀតនោះ គឺផលិតផលប្រេងសម្រេចដែលអាចប្រើបាន។ ប្រទេសនេះពឹងផ្អែកលើការនាំចូលផលិតផលប្រេងសម្រេច ដូចនេះហើយបើមានការឡើងខ្ពស់នៃតម្លៃផលិតផលប្រេងសម្រេចនោះ អ៊ីចឹងវាអាចប៉ះពាល់ជាស្វ័យប្រវត្តិដល់ប្រទេសនីហ្សេរីយ៉ា ពីព្រោះតម្លៃផលិតផលប្រេងសម្រេច នឹងឡើងថ្លៃក្នុងទីផ្សារក្នុងស្រុក»។
អស់ពេលជាច្រើនខែមកហើយ អាជ្ញាធរនីហ្សេរីយ៉ាបានលុបចោលគោលការណ៍ក្នុងឧស្សាហកម្មប្រេង ដែលអនុញ្ញាតឱ្យផ្នែកឯកជនសំខាន់ៗ នាំចូលប្រេងសម្រេចពីបរទេស។
នេះជាគំនិតមួយក្នុងកំណែទម្រង់សេដ្ឋកិច្ច ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu ដើម្បីបញ្ឈប់ការផ្តល់ប្រាក់ឧត្ថម្ភប្រេងដល់ពលរដ្ឋនីហ្សេរីយ៉ា។
ប៉ុន្តែកាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុនប្រេងជាតិនីហ្សេរីយ៉ា NNPC Limited និយាយថា ការខ្វះខាតការផ្លាស់ប្តូររូបិយបណ្ណបរទេសបានរារាំងដល់ក្រុមហ៊ុនជំនួញឯកជន ហើយថាក្រុមហ៊ុនជាតិ NNPC Ltd ជាថ្មីម្តងទៀត ជាស្ថាប័នតែមួយគត់ដែលអាចនាំចូលផលិតផលប្រេងសម្រេចពីក្រៅប្រទេស។
លោកChukwudi Odoemena ជាស្ថាបនិកនៃបណ្តាញអាហ្វ្រិក Obiama សម្រាប់ការអភិវឌ្ឍ ដែលជាក្រុមអង្គការមិនរកកម្រៃមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការព្រួយបារម្ភរបស់ពលរដ្ឋ។ លោកថ្លែងដូចនេះថា៖
«ក្រុមហ៊ុនប្រេងជាតិ NNPC ក្លាយជាស្ថាប័នតែមួយគត់ក្នុងការនាំប្រេងឥន្ធនៈពីក្រៅប្រទេស ក្រុមហ៊ុននេះស្មានថា បទបញ្ញតិ្តមិនដាក់បម្រាមដែលគេកំពុងនិយាយនេះ លែងមានប្រសិទ្ធភាពទៀតហើយ។ អ្វីដែលកំពុងកើតឡើងគឺថា ពលរដ្ឋនឹងកាន់តែក្រទៅៗ»។
កាលពីខែសីហាកន្លងទៅ អាជ្ញាធរនីហ្សេរីយ៉ា បានសន្យាថានឹងចាប់ផ្តើមដំណើរការរោងចក្រចម្រាញ់ប្រេងទាំង៤របស់រដ្ឋឡើងវិញ នៅត្រឹមដំណាច់ឆ្នាំ២០២៤។
ទម្រាំរហូតដល់ពេលនោះ ពលរដ្ឋនីហ្សេរីយ៉ា នឹងត្រូវប្រឈមចំពោះការចំណាយដើម្បីបង់ថ្លៃប្រេងដោយខ្លួនឯង ស្របពេលដែលមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងជាសាកល៕
អ្នកជំនាញនីហ្សេរីយ៉ាថា ជម្លោះអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ នឹងប៉ះពាល់ដល់ចំណូលប្រេង
Abuja —