នៅថ្ងៃព្រស្បតិ៍នេះ ស.រ.អាមានរដ្ឋាភិបាលខ្វែងគំនិតគ្នាទៀតជាមួយការស្បថសច្ចាប្រណិធានចូលកាន់តំណែងនៃសមាជិកសភាស.រ.អាថ្មី។
នៅក្រោយរយៈពេលពីរឆ្នាំដែលពួកសាធារណរដ្ឋបានត្រួតត្រាសេតវិមាន ព្រឹទ្ធសភានិងសភាតំណាងរាស្ត្រអាមេរិកាំង ពួកប្រជាធិបតេយ្យនឹងមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំង។ នេះបណ្តាលមកពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីខែវិច្ឆិកា ដែលពួកប្រជាធិបតេយ្យបានចំណេញច្រើនដោយបានទទួលកៅអី ២៣៥ក្នុងបណ្តាអាសនៈ ៤៣៥ក្នុងសភាតំណាងរាស្ត្រអាមេរិកាំងនៅពេលពួកសមាជិកថ្មីៗចូលកាន់តំណែង។ ពួកសាធារណរដ្ឋបានកើនអាសនៈពីរនៅក្នុងព្រឹទ្ធសភាហើយនៅពេលនេះពួកសាធារណរដ្ឋមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាស.រ.អ.គឺ៥៣ទល់នឹង៤៧។
គេរំពឹងថា លោកស្រី Nancy Pelosi សមាជិកាសភាតំណាងរាស្ត្រអាមេរិកាំងមកពីរដ្ឋ California នឹងត្រូវបោះឆ្នោតជ្រើសរើសជាប្រធានសភាតំណាងរាស្ត្រអាមេរិកាំង ដោយលោកស្រីនឹងវិលមកកាន់តំណែងចាស់វិញដែលលោកស្រីបានបម្រើការពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។ លោកស្រីជាស្ត្រីអាមេរិកាំងតែម្នាក់គត់ដែលបានកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិកាំងហើយប្រសិនបើលោកស្រីជាប់ឆ្នោតទៀតនៅលើកនេះលោកស្រីនឹងក្លាយទៅជាឥស្សរជនទីមួយក្នុងរយៈពេលជាង៦០ឆ្នាំដែលបានយកតំណែងនេះមកវិញនៅក្រោយគណបក្សលោកស្រីចាញ់ឆ្នោតហើយ បន្ទាប់មកបានទទួលកៅអីភាគច្រើនវិញនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំង៕