អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភជាថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ អំពីការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលដែលលោកប្រធានាធិបតី Donald Trump បានច្រានចោលរឿងនេះថា «ពិតជាគ្មានគ្រោះថ្នាក់»។
អ្នកស្រី Kate Gallego អភិបាលក្រុង Phoenix រដ្ឋ Arizona បានបញ្ជាក់នៅក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC News ថា៖ «យើងបានបើកដំណើរការអាជីវកម្មក្នុងស្រុកលឿនពេក» បន្ទាប់ពីត្រូវបានបិទកាលពីខែមីនា និងមេសាមក។
ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩.០០០ នាក់ នៅក្នុងទីក្រុង Phoenix ដែលមានមនុស្សរស់នៅចំនួន ១ លាន ៧ សែននាក់ អ្នកស្រី Gallego បាននិយាយថា៖ «យើងកំពុងជួបវិបត្តិ»។ អ្នកស្រីបន្ថែមថា កន្លែងធ្វើតេស្តរកជំងឺកូវីដ១៩ «ហួសពីសមត្ថភាពរបស់ខ្លួនអាចធ្វើបាន»។
សហរដ្ឋអាមេរិកមានការឆ្លងថ្មីនៃជំងឺកូវីដ១៩ ជាង ៥ ម៉ឺនករណី ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភាគច្រើននៅតាមបណ្ដារដ្ឋភាគខាងត្បូង។
អាជ្ញាធរនៅតាមតំបន់មួយចំនួនដែលមានករណីឆ្លងថ្មីខ្ពស់ បានដាក់កំហិតរឹតត្បិតសកម្មភាពសង្គមឡើងវិញ ដើម្បីព្យាយាមបញ្ឈប់ការឆ្លងរាតត្បាតនៃជំងឺនេះ។
ទាក់ទិននឹងការកើនឡើងនៃការឆ្លងនេះ លោកប្រធានាធិបតី Donald Trump បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយក្នុងពិធីជប់លៀងនៅសេតវិមានកាលពីយប់ថ្ងៃសៅរ៍ថា ករណីឆ្លងថ្មីចំនួន «៩៩%» គឺ «ពិតជាគ្មានគ្រោះថ្នាក់» នោះទេ។
លោក Trump នៅបន្តប្រមើលមើលថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ ស្នងការទីភ្នាក់ងារម្ហូបអាហារ និងឱសថ លោក Stephen Hahn បានប្រាប់ទូរទស្សន៍ ABC ថា៖ «ខ្ញុំមិនអាចប្រមើលមើលបានទេ ថាវ៉ាក់សាំងនឹងមានពេលណានោះ»៕