ទោះណាជាមានការជំរុញថ្មីមួយដោយរដ្ឋបាលប្រធានាធិបតីស.រ.អា. Donald Trump ក្នុងការឈោងដៃទៅរកទ្វីបអាស៊ីអាគ្នេយ៍ក៍ដោយ ក៏ការស្ទង់មតិថ្មីមួយបង្ហាញឱ្យឃើញថា ការទុកចិត្តដល់ការទាក់ទងគ្នានេះមានកម្រិតទាប។
ដោយមានចំណងជើងថា «តើពលរដ្ឋក្នុងទ្វីបអាស៊ីអាគ្នេយ៍យល់ឃើញបែបណាអំពីរដ្ឋបាល Trump?» ការស្ទង់មតិតាមអ៊ីនធឺណិតបានត្រូវរៀបចំឡើងដោយមជ្ឈមណ្ឌលសិក្សាអំពីសមាគមអាស៊ាននៅឯវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី។ មជ្ឈមណ្ឌលនេះបានទទួលការឆ្លើយតបជាង៣០០កាលពីខែមុនពីមន្ត្រីរដ្ឋាភិបាល សមាជិកសង្គមស៊ីវិល មេដឹកនាំជំនួញ សាស្ត្រាចារ្យសាកលវិទ្យាល័យ និងក្រុមអ្នកកាសែតក្នុងប្រទេសនានានៃសមាគមអាស៊ាន។
ក្រុមអ្នកឆ្លើយតបប្រមាណ៤៣ភាគរយបាននិយាយថារដ្ឋបាល Trump «មិនយកចិត្តទុកដាក់» នឹងអាស៊ីអាគ្នេយ៍ទេ បើប្រៀបធៀបនឹងចំនួន៣៧ភាគរយថារដ្ឋបាលនេះយកចិត្តទុកដាក់នឹងទ្វីបអាស៊ីអាគ្នេយ៍។ ចំនួនប្រមាណ៤៣ភាគរយនៃក្រុមអ្នកឆ្លើយតបបានថ្លែងថាពួកគេរំពឹងថា ការទាក់ទងរបស់ស.រ.អា.ជាមួយតំបន់នោះនឹងចុះថមថយ ហើយថាស.រ.អា.មិនអាច «ពឹងពាក់បានទេ» ក្នុងឋានៈជាសម្ព័ន្ធមិត្តមួយបើប្រៀបធៀបនឹងការស្ទង់មតិកាលពីបួនខែមុននេះ។
រដ្ឋបាល Trump បានខិតខំព្យាយាមបំបាត់កង្វល់ទាំងនេះដោយឈោងដៃទាក់ទងជាមួយប្រទេសមួយចំនួនក្នុងតំបន់នោះ។ កាលពីចុងសប្តាហ៍មុន លោករដ្ឋមន្ត្រីការបរទេស Rex Tillerson បានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង១០ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាលើកដំបូងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ភ្ញៀវទាំងនេះបានចូលរួមក្នុងការពិភាក្សាគ្នាអំពីពាណិជ្ជកម្ម បញ្ហាប្រទេសកូរ៉េខាងជើង និងបញ្ហាក្នុងសមុទ្រចិនខាងត្បូង។ ពួកគេក៏បានទៅមើលការប្រកួតកីឡា Baseball មួយផងដែរ៕