ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ថ្មី៖ ស្រ្តីកម្ពុជានៅតែប្រឈមអំពើហិង្សាផ្អែកលើយេនឌ័រ ការរំលោភបំពាន និងការបៀតបៀន


អ្នកចូលរួមម្នាក់កំពុងអានរបាយកាណ៍ក្នុងពិធីចេញរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកចូលរួមម្នាក់កំពុងអានរបាយកាណ៍ក្នុងពិធីចេញរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​ស្រ្តី​បាន​រក​ឃើញ​ថា​ បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​ស្រ្តី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ CEDAW ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២២​ ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

របាយ​ការណ៍​ស្តីពី​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ CEDAW ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២២​ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូ​ ឆ្នាំ ​២០២៣​ ឱ្យ​ដឹង​ថា​ អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទាំង​ផ្ទាល់​និង​តាម​ប្រព័ន្ធ​អនឡាញ​មក​លើ​ស្រ្តី ​និង​កុមារ ​ព្រម​ទាំង​ការ​បៀត​បៀន​លើ​ស្រ្តី​ជា​កម្មករ​និយោជិត ​និង​ស្រ្តី​ក្នុង​វិស័យ​ផ្សេង​ទៀត​នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​មួយ។​ របាយ​ការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ ក្រុម​ជន​ជាតិ​ភាគ​តិច​ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ស្រ្តី​មាន​ពិការ​ភាព​ក៏​ធ្លាប់​ឆ្លង​កាត់​អំពើ​ហិង្សា​នៅ​ក្នុង​កម្រិត​ខ្ពស់ ហើយ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ខ្លាំង​ក្លា​ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌​ និង​សំណង​ប៉ះប៉ូវ​ការ​ខូច​ខាត​ផ្សេងៗ។​

របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​គ្រប់​រូបភាព​លើ​ស្រ្តី​ (NGO-CEDAW) ​ដែល​មាន​កម្រាស់​ ៦៤ ​ទំព័រ​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​គួរ​ឱ្យ​ព្រួយ​បារម្ភ​រហូត​ដល់​ ១១% ​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ដែល​មាន​អាយុ​ចាប់​ពី​ ១២​ ដល់​ ១៧​ឆ្នាំ។​ ស្រ្តី​ក៏​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល ​និង​ងាយ​រង​គ្រោះ​ដោយ​ការ​គំរាម​កំហែង​បញ្ចេញ​រូប​អាស​អាភាស​តាម​អនឡាញ​ដោយ​ក្រុម​អ្នក​ផ្តល់​កម្ចី​តាម​អនឡាញ។ ​ ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​សម្ភាស​កម្មករ​រោង​ចក្រ​ចំនួន​ ១.១០០ ​នាក់ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពួកគេ​ចំនួន​ ៩៣,៦៥% ​ធ្លាប់​បាន​ឮ ​និង​ឃើញ​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើការ»។​

បើ​តាម​របាយ​ការណ៍​នេះ​ ​ករណី​អំពើ​ហិង្សា​ដែល​កើត​មាន​លើ​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ ​អំពើ​ហិង្សា​ផ្លូវ​ចិត្ត​ អំពើ​ហិង្សា​ផ្លូវ​ភេទ ​និង​អំពើ​ហិង្សា​សេដ្ឋកិច្ច។

បើ​តាម​របាយ​ការណ៍​ដែល​យោង​ព័ត៌មាន​ពី​អង្គការ​បន្ទាយ​ស្រី ​ស្ត្រី​នៅ​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ​ក្នុង​ការ​ស្វែង​រក​សេវា​ប្រឹក្សា ​និង​ការ​គាំទ្រ​តាម​រយៈ​ប្រព័ន្ធ​តុលាការ ​ដោយ​ស្ត្រី​ជា​ជន​រង​គ្រោះ​អះអាង​ថា​ ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​របស់​ពួក​គេ និង​មាន​ភាព​យឺត​យ៉ាវ​ផង​ដែរ។​

វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្នុងពិធីចេញរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្នុងពិធីចេញរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

របាយ​ការណ៍​ស្តីពី​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ CEDAW ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «នៅ​ក្នុង​ការ​ស្វែង​រក​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ផ្លូវ​ការ​ ស្រ្តី​ទាំង​នោះ​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ផ្សេង​ទៀត ​រួម​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​ចំណេះ​ដឹង​របស់​ពួក​គាត់​មាន​កម្រិត​ទាក់ទង​នឹង​ច្បាប់ ​និង​នីតិវិធី​ ទាក់​ទង​នឹង​អំពើ​ហិង្សា ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ម្នា​ផ្សេង​ទៀត​ និង​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ខ្លួន​ឯង​ អំឡុង​ពេល​ដំណើរ​ការ​នីតិវិធី​តុលាការ​ដែល​អូស​បន្លាយ​ពេល​វេលា​យូរ»។​

ថ្លែង​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​នៃ​របាយ​ការណ៍​ស្តីពី​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ CEDAW ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២២ ​អ្នកស្រី ​ជឹម ចាន់នាង ​អគ្គ​លេខាធិការ​នៃ​អង្គការ​NGO-CEDAW ​បាន​លើក​ឡើង​ថា​ រៀង​រាល់​ ៤ ​ឆ្នាំ​ រដ្ឋាភិបាល​តែង​តែ​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ​ក្នុង​ការ​ដាក់​នូវ​របាយ​ការណ៍​អំពី​ការ​អនុវត្ត​អនុ​សញ្ញា​ CEDAW​ នៅ​កម្ពុជា​ ហើយ​តែង​ទទួល​បាន​អនុសាសន៍​ផ្សេងៗ ​ដើម្បី​ពង្រឹង​បញ្ហា​ដែល​អនុវត្ត​នៅ​ក្នុង​អនុសញ្ញា​នោះ។ ​អ្នកស្រី​បន្ត​ថា​ ការ​ចង​ក្រង​ជា​របាយ​ការណ៍​នេះ​ គឺ​ដើម្បី​បង្ក​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​អនុសាសន៍​នានា​របស់​គណៈ​កម្មការ​ CEDAW​ នៃ​អង្គការ​សហ​ប្រជា​ជាតិ។​

អ្នកស្រី​ថ្លែង​ថា៖​ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ គឺ​យើង​អាច​រួម​ចំណែក​ជា​មួយ​រដ្ឋាភិបាល​យើង​បាន​ក្នុង​ការ​ចង​ក្រង​នូវ​បញ្ហា​សំខាន់ ​និង​អាទិភាព​ដែល​កើត​មាន​ឡើង​រៀង​រាល់​ឆ្នាំ។ ​អ៊ីចឹង​រាជ​រដ្ឋាភិបាល​យើង​ក៏​ងាយ​ស្រួល​នៅ​ក្នុង​ការ​ចាប់​នូវ​អាទិភាព​ ដើម្បី​អនុវត្ត​អនុសាសន៍​របស់​គណៈ​កម្មការ​ CEDAW​ ផង​ ហើយ​នឹង​ត្រៀម​ខ្លួន​ដើម្បី​រៀប​ចំ​របាយ​ការណ៍​របស់​លោក​ទៅ​គណៈ​កម្មការ​ CEDAW​ ផង។ ​អ៊ីចឹង​គោល​បំណង​សំខាន់​របស់​យើង​ គឺ​យើង​ធ្វើ​ការ​ចង​ក្រង​ជា​ឯកសារ​នៃ​ការ​រំលោភ​សិទ្ធិ​ស្រ្តី ​ឬ​ក៏​បញ្ហា​ប្រឈម​របស់​ស្ត្រី​ចម្បងៗ​ហ្នឹង​ទុក​រៀង​រាល់​ឆ្នាំ»។​

អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​គឺ​ជា​ពាក្យ​ដែល​មាន​ន័យ​ទូលំ​ទូលាយ​ ដែល​រាប់​បញ្ចូល​ទាំង​ការ​រំលោភ​សេព​សន្ថវៈ ​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ ការ​បៀត​បៀន​ផ្លូវ​ភេទ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ​និង​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋ។ ​កុមារី ​និង​ស្ត្រី​ជា​ច្រើន ​រួម​ទាំង​បុគ្គល​ដែល​ជា​ជន​មិន​កំណត់​អត្ត​សញ្ញាណ​ភេទ​ និង​អ្នក​ប្ដូរ​ភេទ​នៅ​កម្ពុជា ​មិន​ត្រឹម​តែ​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ក្នុង​ទម្រង់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ប្រឈម​នឹង​ឧបសគ្គ​ធំៗ​ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌​និង​សេវា​នានា ​មិន​ថា​ តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ផ្លូវការ​ ឬ​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។ ​នេះ​បើ​តាម​របាយ​ការណ៍។​

អ្នកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃអង្គការ NGO-CEDAW កំពុងថ្លែងនៅក្នុងពិធីចេញរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃអង្គការ NGO-CEDAW កំពុងថ្លែងនៅក្នុងពិធីចេញរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កញ្ញា ​អយ ម៉ារីនី ​ប្រធាន​គម្រោង​អង្គការ​នារី​ដើម្បី​សន្តិភាព​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​កើត​មាន​ឡើង​ក្នុង​គ្រប់​ទម្រង់​ ហើយ​វា​តែង​កើត​ឡើង​មិន​ថា​ ក្នុង​គ្រួសារ ឬ​កន្លែង​ការងារ។​

កញ្ញា​ថ្លែង​ថា៖ ​«ឧទាហរណ៍​ ​ករណី​ដែល​ស្ត្រី​ត្រូវ​បាន​គ្រួសារ​ស្តី​បន្ទោស​ នៅ​ពេល​ដែល​ករណី​គាត់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ ដោយ​សារ​តែ​គ្រួសារ​គាត់​មើល​ឃើញ​ថា​ ស្រ្តី​ដែល​ល្អ​គាត់​គួរ​តែ​នៅ​ក្នុង​ផ្ទះ​ ធ្វើ​កិច្ច​ការ​ងារ​ផ្ទះ។ ​គាត់​អត់​គួរ​ដើរ​ចេញ​ទេ។ ​ អ៊ីចឹង​ប្រសិន​បើ​យើង​មើល​ទាក់​ទង​នឹង​ចំណុច​កន្លែង​នេះ​ វា​ជា​អហិង្សា​ទាក់​ទង​នឹង ៖ ​ទី១ ​រឿង​គ្រប់​រូប​ត្រូវ​មាន​ ប៉ុន្តែ​គាត់​ត្រូវ​បាន​រឹត​ត្បិត។ ​ អ៊ីចឹង​វា​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​គាត់។ ទី​២​ ទាក់​ទង​នឹង​រឿង​សេដ្ឋកិច្ច​ទៀត។ ​ដោយ​សារ​គាត់​អត់​អាច​ចេញ​ទៅ​ខាង​ក្រៅ ​គាត់​ប្រកប​របរ​ដើម្បី​រក​ចំណូល​មក​ផ្គត់​ផ្គង់​ខ្លួន​ឯង​ អ៊ីចឹង​វា​ទាក់​ទង​នឹង​កត្តា​សេដ្ឋកិច្ច ​កត្តា​ជីវភាព​របស់​គាត់»។​

វាគ្មិន​មួយ​រូប​ទៀត​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​ អ្នកស្រី​ អ៊ូ ទេពផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវា​កម្ម​នៅ​កម្ពុជា ​ថ្លែង​ថា​ ​ស្ត្រី​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​តែង​តែ​ត្រូវ​បាន​ស្តី​បន្ទោស​ពី​មនុស្ស​ជុំវិញ​ខ្លួន​ មិន​ថា​នៅ​ក្នុង​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការ​ទេ។ ​អ្នកស្រី​បន្ត​ថា​ កម្មករ​និយោជិត​ដែល​ធ្វើ​ការ​លើ​វិស័យ​ទេសចរណ៍​ ជា​ពិសេស​ធ្វើ​ការ​នៅ​ក្នុង​សណ្ឋាគារ​ តែង​តែ​ទទួល​រង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នោះ។​

អ្នកស្រី​ថ្លែង​ថា៖ ​«នៅ​ពេល​ដែល​គាត់​ចូល​ទៅ​រៀបចំ​បន្ទប់​ ពេល​ខ្លះ​ ភ្ញៀវ​ហ្នឹង​ឱ្យ​គាត់​មក​ចូល​រៀបចំ​បន្ទប់​ ហើយ​គាត់​ត្រូវ​តែ​ធ្វើ​ពីព្រោះ​អូតែល​មួយ​ចំនួន​គេ​អត់​ឱ្យ​ប្រាក់​ខែ​គោល​គាត់​ទេ។​ គេ​ឲ្យ​គាត់​ស៊ី​ភាគរយ​ទៅ​តាម​ចំនួន​បន្ទប់​ដែល​គាត់​រៀប។​ ដូច​ថា​មួយ​បន្ទប់​អ៊ីចឹង​គេ​ឱ្យ​គាត់​ ៣​ដុល្លារ​ទៅ​ ៥​ដុល្លារ​ ទៅ​តាម​ចំនួន​អូតែល​ផ្កាយ​បី​បួន​ប្រាំ។ ​អ៊ីចឹង​នៅ​ពេល​គាត់​ទៅ​ដល់​ ​អតិថិជន​ខ្លះ​អត់​មាន​ស្លៀក​ពាក់​ខោអាវ​ទេ។ ​គាត់​ថា ​អត់​មាន​ស្លៀក​ពាក់​ខោ​អាវ​ទេ​ ហើយ​បើ​គាត់​អត់​ចូល​គាត់​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​អត់​ការងារ​ធ្វើ។​ គាត់​ត្រូវ​តែ​ធ្វើ​ … ដល់​ម៉ោង​រៀបចំ​បន្ទប់​ ហើយ​ជួន​កាល​គាត់​ចូល​ទៅ​ដល់​ក៏​មាន​ការ​លូក​លាន់​រាង​កាយ​គាត់»។

អ្នកស្រី​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ពី​កម្មករ​និយោជិត​នៅ​ក្នុង​វិស័យ​កាត់​ដេរ ​ និង​វិស័យ​ដទៃ​ទៀត​ រួម​មាន​ការ​គាប​សង្កត់​កម្លាំង​ពលកម្ម ​បញ្ហា​សិទ្ធិ​សហជីព ​និង​បញ្ហា​សេដ្ឋកិច្ច​របស់​កម្មករ​រោង​ចក្រ​ផង​ដែរ។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ក្នុង​ពេល​បង្ហាញ​របាយ​ការណ៍​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត ​លើក​ឡើង​ថា​ កុមារ ​និង​ស្ត្រី​ក៏​ទទួល​រង​ការ​បៀត​បៀន​នានា​តាម​ប្រព័ន្ធ​អនឡាញ​ផង​ដែរ ​ដែល​កុមារ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ផ្លូវ​ភេទ​ និង​វីដេអូ​អាសអាភាស​នានា។ ​សម្រាប់​ស្រ្តី​វិញ ​ពួកគេ​ត្រូវ​បាន​ជាប់​អន្ទាក់​បំណុល ​ដោយ​ពួក​គេ​ត្រូវ​បាន​គំរាម​ឱ្យ​ ថតរូបនិង​វីដេអូ​អាក្រាត​កាយ​ ដើម្បី​ទទួល​បាន​កម្ចី​នោះ។​

លោក​ថ្លែង​ថា៖ ​«យើង​រក​ឃើញ​ថា​ ចុង​ក្រោយ​គឺ​ស្ត្រី​គាត់​រង​គ្រោះ​ច្រើន​ជាង​គេ​ទាក់​ទង​នឹង​កម្ចី​អនឡាញ​ នៅ​ពេល​ដែល​ចាប់​ផ្តើម​កម្ចី​អនឡាញ ​គឺ​អ្នក​ឱ្យ​លុយ​ខ្ចី​ហ្នឹង​គឺ​ចាប់​ផ្តើម​ឱ្យ​គាត់​ថត​រូប​ភាព​អាស​អាភាស​មាន​ន័យ​ថា​ អាក្រាត​កាយ​ ដោយ​ការ​ផ្ញើ​ជា​ថ្នូរ​ក្នុង​ការ​ផ្តល់​កម្ចី»។​

អ្នកស្រី ​ស ស៊ីណែត​ អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ច​ការ​នារី​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ​ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​យន្តការ​ជាច្រើន​ក្នុង​ការ​អនុវត្ត​ និង​លើក​កម្ពស់​សមភាព​យេនឌ័រ ​ការ​ទប់​ស្កាត់​ ព្រម​ទាំង​លុប​បំបាត់​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ជាដើម។​

អ្នក​ស្រី​ថ្លែង​ថា៖​ «យើង​បាន​រៀបចំ​ជា​យន្តការ​ក្នុង​ការ​ឆ្លើយ​តប​និង​ទប់​ស្កាត់​ទៅ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​ដូច​ជា​អំពើ​ហិង្សា​លើ​ស្រ្តី​ ដូច​ជា​ការ​រំលោភ​បំពាន​ ហើយ​យន្តការ​នេះ​គឺ​យើង​រៀបចំ​ពី​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ សម្រាប់​ឆ្លើយ​តប​និង​ចូលរួម​ក្នុង​ការ​អនុវត្ត​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​និង​ក្មេង​ស្រី​មិន​ថា​ ក្រុម​គោលដៅ​ណា​ទេ»។​

របាយ​ការណ៍​របស់ ​NGO CEDAW ​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ​ថា ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ​(GBV) ​រដ្ឋាភិបាល​ត្រូវ​ចាត់​នូវ​សកម្ម​ភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ជន​រង​គ្រោះ​ពី​អំពើ​ហិង្សា​ទាំង​អស់​ទទួល​បាន​ការ​កាត់​ក្តី​នៅ​តុលាការ​ ហើយ​បញ្ចប់​ការ​ប្រើ​ប្រាស់​ការ​ផ្សះ​ផ្សារ ​និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ករណី​អំពើ​ហិង្សា។​ សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ជន​ជាតិ​ភាគ​តិច​ត្រូវ​មាន​ការ​ធានា​ឱ្យ​បាន​ជា​បន្ទាន់​ថា​ កុមារ​ទាំង​អស់​ទទួល​បាន​ឯកសារ​ចុះ​បញ្ជី​កំណើត ​និង​ទទួល​បាន​ការ​អប់រំ​នៅ​សាលា​រដ្ឋ។​

ចំណែក​ពលកម្ម​ការងារ​ត្រូវ​អនុម័ត​ជា​បន្ទាន់​នូវ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ​ ១៩០​ ស្តី​ពី​អំពើ​ហិង្សា ​និង​ការ​បៀត​បៀន​នៅ​ក្នុង​ពិភព​ការងារ​ ដើម្បី​ជួយ​ក្នុង​ការ​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​គណៈ​កម្មាធិការ ​CEDAW ​ដែល​ស្នើ​ឱ្យ​មាន​គោល​នយោបាយ​ជាតិ​ដែល​កំណត់​និយម​ន័យ​ និង​ហាម​ឃាត់​រាល់​ទម្រង់​នៃ​ការ​បៀត​បៀន​ផ្លូវ​ភេទ​ដែល​ពាក់​ព័ន្ធ​នឹង​ការងារ៕

XS
SM
MD
LG