ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្គាណា​សន្យា​ថា​ លោក​នឹង​មិន​ឱ្យ​ប្រទេស​ហ្គាណា​អស់​សង្ឈឹម​នោះ​ទេ


លោក​ប្រធានាធិបតី​ហ្គាណា Nana Akufo-Addo ស្ថិត​ក្នុង​ពិធី​ស្បង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ក្នុង​ក្រុង​អាក្រា កាលពី​ថ្ងៃទី៧ ខែមករា ឆ្នា២០១៧។
លោក​ប្រធានាធិបតី​ហ្គាណា Nana Akufo-Addo ស្ថិត​ក្នុង​ពិធី​ស្បង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ក្នុង​ក្រុង​អាក្រា កាលពី​ថ្ងៃទី៧ ខែមករា ឆ្នា២០១៧។

ការ​រំពឹង​ទុក​មាន​ច្រើន​ក្នុង​តួនាទី​ជា​ប្រធាន​របស់​ប្រទេស​ហ្គាណា​ លោក ​Nana Akuro-Addo ​ឥឡូវ​នេះ​បាន​ស្បថ​ចូល​កាន់​តំណែង។​ ប្រជាពលរដ្ឋ​ហ្គាណា​ចង់​បញ្ចប់​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។

លោក Nana Akufo-Addo​ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពីថ្ងៃ​សៅរ៍​នៅ​ចំពោះ​មុខ​សភា​ និង​ប្រធានាធិបតី​មក​ពី​ប្រទេស​នានា​នៅ​លើ​ទ្វីប​អាហ្រ្វិក​ ឥស្សរជននិង​ប្រជាពលរដ្ឋ​ហ្គាណា​រាប់ពាន់​នាក់​នៅ​ទីលាន ​Black Star។ ពិធី​ស្បថ​កាន់​តំណែង​នេះ​មាន​ភាព​ស្រស់​ស្អាត ​ដោយសារប្រជាពលរដ្ឋ​ហ្គាណា​ជា​ច្រើន​នាក់​បាន​តុបតែង​ខ្លួន​ និង​ស្លៀកពាក់​ប្រពៃណី​ធ្វើ​ពី​ក្រណាត់​ត្បាញ​ដ៏​ស្រស់​ និង​មាន​ប្រជាប្រិយ​ពីភាគ​ខាង​ត្បូង​ប្រទេស​ហ្គាណា និង​ធ្វើ​ពី​ក្រណាត់​ត្បាញ​បែប​ធូរ​លុង​ Fugu ​មក​ពី​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ។

ប៉ុន្តែ​កិច្ចការ​ដ៏​ពិបាក​នៅ​រង់ចាំ​ប្រធានាធិបតី​ថ្មី ​ដែល​ត្រូវ​ប្រឈម​ជាមួយ​នឹង​សេដ្ឋកិច្ច​ទន់​ខ្សោយ​ ដោយ​មាន​ប្រាក់​បំណុល​ដែល​ចេះ​តែ​កើន​ឡើង​ អតិផរណា​ខ្ពស់ ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញ ​និង​ការ​ធ្លាក់​តម្លៃ​ប្រាក់ Cedi ជា​លំដាប់។ នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី ​លោក​ប្រធានាធិបតី ​Akufo-Addo បាន​សន្យា​ថា នឹង​មាន​ភាព​ចម្រុង​ចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​ហ្គាណា​ទាំង​អស់។

«យើង​ត្រូវ​តែ​បង្កើត​ទ្រព្យសម្បត្តិ​ និង​ស្តារ​សុភមង្គល​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​ឡើង​វិញ។ យើង​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​នៅ​ពេល​ដែល​យើង​មាន​ប្រជាជន​ដែល​មាន​ការ​អប់រំ​ និង​ជំនាញ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​សេដ្ឋកិច្ច​សាកល។ យើង​ត្រូវ​តែ​ពង្រីក​ការ​យល់ដឹង​របស់​យើង​ ហើយ​ចាប់​យក​វិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា​ជា​ឧបករណ៍​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​របស់​យើង។ យើង​នឹង​ផ្តល់​ទស្សនៈ​ និង​ទិសដៅ​ ហើយ​បញ្ចាំង​ពន្លឺ​តាម​ម៌ាគា​សហគ្រិន​ និង​កសិករ​របស់​យើង។ ជា​ការ​ពិត​ណាស់​ យើង​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ឯកជន​ដ៏​រស់​រវើក​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន ​និង​បង្កើត​ការងារ»។

ប្រជាពលរដ្ឋ​ហ្គាណា​វ័យ​ក្មេង​មួយ​ចំនួន​គឺ​ជា​អ្នក​មាន​ការ​រំពឹង​ទុក​ខ្ពស់​ចំពោះ​ក្តី​សង្ឈឹម​ពី​រដ្ឋាភិបាល​លោក ​Akufo-Addo ​មួយ​នេះ។ Salifu Fatau ​ជា​អ្នក​លក់​ម្នាក់​និយាយ​ថា​ការងារ​ត្រូវ​តែ​ជា​អាទិភាព​ខ្ពស់​ជាង​គេ។

«សម្រាប់​មនុស្ស​វ័យ​ក្មេង​ យើង​ត្រូវ​ការ​ការងារ​ និង​ប្រាក់​ខែ​ល្អ។ យើង​កំពុង​មើល​គាត់​ដើម្បី​មើល​លទ្ធផល​នោះ​ថា​តើ​គាត់​អាច​បង្កើត​ការងារ​ច្រើន​សម្រាប់​យើង​ជា​យុវជន​ដែរ​ឬ​យ៉ាង​ណា។ ពេល​នេះ ​លោក​បាន​ផ្តល់​ការ​សន្យា​ឲ្យ​យើង​ ដូច្នេះ​យើង​រង់ចាំ​មើល​ពាក្យ​សម្តី​របស់​គាត់»។

អ្នកស្រី Fadilatu Ahmed ដែល​ជា​ជាង​គំនូរ​ម្នាក់​និយាយ​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​សេដ្ឋកិច្ច។

«ខ្ញុំ​កំពុង​រំពឹង​ថា​រដ្ឋាភិបាល​ ឬ​ប្រធានាធិបតី​ថ្មី​របស់​យើង​ធ្វើ​ការ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ពីព្រោះ​ថា​នោះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​លោក។ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​គឺ​មិន​ល្អ​ទាល់​តែ​សោះ​ ប្រសិន​បើ​អ្នក​មើល​ទៅ​លើ​តម្លៃ​នៃ​ប្រាក់​របស់​យើង​គឺ​វា​មាន​តម្លៃ​ថោក​ខ្លាំង​ណាស់។ វិបត្តិ​ថាមពល​ ការ​ដាច់​ចរន្ត​អគ្គិសនី ​គឺ​គ្រប់គ្រាន់​ហើយ។ យើង​ជួប​អស់​ហើយ»។

Faustina Dogbevi សង្ឃឹម​ថា​ការ​ចំណាយ​លើ​ការ​សិក្សា​នឹង​មាន​តម្លៃ​ទាប។

«ខ្ញុំ​ចង់​ឲ្យ​ការ​ចំណាយ​ទៅ​លើ​ការ​អប់រំ​យ៉ាង​ហោច​ណាស់​ទាប​ជាង​នេះ​បន្តិច​ ដូច្នេះ​ព្រជាពលរដ្ឋ​អាច​បញ្ជូន​កូនស្រី​របស់​ពួក​គេ​ទៅ​សាលា​រៀន​ និង​អាច​បង់ថ្លៃ​សាលា​រៀន​បាន»។

ការ​កាន់​តំណែង​របស់​ប្រធានាធិបតី​មុន​គឺ លោក​ John Maham​ នាំ​ឲ្យ​មាន​រឿង​អាស្រូវ​អំពើ​ពុករលួយ​ និង​ការ​ការពារ​ជាក់ស្តែង​លើ​មន្រ្តី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់។ ប្រធានាធិបតី​ថ្មី​បាន​ព្រមាន​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក្រោម​រដ្ឋាភិបាល​របស់​លោក។

«ខ្ញុំ​នឹង​ការពារ​កញ្ចប់​ថវិកា​សាធារណៈ​ដោយ​ទាមទារ​ឲ្យ​មាន​តម្លៃ​ទឹក​ប្រាក់នៅ​ក្នុង​ប្រតិបត្តិការ​ជា​សាធារណៈ​ទាំងអស់។ សេវា​សាធារណៈ​គឺ​គ្រាន់​តែ​ជា​សេវា ​ហើយ​ មិនមែន​ជា​កន្លែង​សម្រាប់​រក​ប្រាក់​នោះ​ទេ។ ប្រាក់​នឹង​ត្រូវ​គេ​រក​បាន​នៅ​ក្នុង​វិស័យ​ឯកជន​មិនមែន​នៅ​ក្នុង​វិស័យ​សាធារណៈ​នោះ​ទេ។ វិធានការ​នឹង​ត្រូវ​ដាក់​ចេញ​ដើម្បី​ធានា​ចំពោះ​បញ្ហា​នេះ»។

ទន្ទឹម​នឹង​នោះដែរ ​នៅ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ប្រធានាធិបតី​លោក​ Akufo-Addo​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ការប្រើប្រាស់​ពាក្យ​សម្តី​ខ្លះ​ពី​សុន្ទរកថា​របស់​អតីត​ប្រធានាធិបតី​របស់​អាមេរិក​លោក​ George ​W.Bush​ ថា​ជា​សម្តី​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សុន្ទរកថា​កាន់​តំណែង​របស់​លោក។ នាយក​ផ្នែក​ទំនាក់ទំនង​របស់​លោក​ប្រធានាធិបតី​បាន​ចេញ​សេចក្តីប្រកាស​សុំ​ទោស។

ប្រែ​សម្រួល​ដោយ​ ផន បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG