ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ឆ្លង​កូវីដ១៩​ថ្មី​នៅ​អាមេរិក​​ធ្លាក់​ចុះ​ ខណៈ​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​គ្រោង​បង្កើត​វ៉ាក់សាំង​ជំងឺ​កូវីដ​ទូទៅ​មួយ


ស្ត្រី​ម្នាក់​កំពុង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សាលារៀន​មួយ ក្នុង​ក្រុង Central Falls រដ្ឋ Rhode Island ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។​
ស្ត្រី​ម្នាក់​កំពុង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សាលារៀន​មួយ ក្នុង​ក្រុង Central Falls រដ្ឋ Rhode Island ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។​

ចំនួន​ករណី​ឆ្លង​កូវីដ១៩​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ចុះ​នៅ​ក្រោម​១០០.០០០​ករណី​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​ថ្មីៗ​នេះ ក៏ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គេ​នៅ​មិន​ទាន់​អាច​គ្រប់គ្រង​ស្ថានភាព​ការ​រាតត្បាត​នេះ​បាន​នៅ​ឡើយ​ទេ។

សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​ស្លាប់​និង​ការ​ឆ្លង​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត​ បាន​រក​ឃើញ​ការ​ឆ្លង​ជាង​២​សែន​ករណី​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​មុន ហើយ​តួលេខនេះ​បាន​កើន​ឡើង​ដល់​ប្រហែល​២៥០.០០០​ករណី​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​មករា។ នេះ​បើ​យោង​តាមទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins។

ក៏​ប៉ុន្តែ កាល​ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ចំនួន​ឆ្លង​ថ្មី​បាន​ធ្លាក់​មក​នៅក្រោម​១០០.០០០​ករណី​ក្នុង​មួយ​ថ្ងៃ។

យ៉ាង​ណា​ក៏ដោយ អ្នកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​នៃ​មជ្ឈមណ្ឌលប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC របស់​អាមេរិក បាន​និយាយ​ថា ជំងឺ​កូវីដ១៩វិវត្ត​ថ្មី​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ​និង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ទំនង​នាំ​ឱ្យ​ករណី​ឆ្លង​និង​ស្លាប់​កាន់​តែ​ច្រើន​ឡើង។

ក្នុង​រឿង​ដោយ​ឡែក​មួយ​ទៀត កាសែត The Telegraph បាន​រាយការណ៍​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចក្រភព​អង់គ្លេស កំពុង​ស្រាវជ្រាវ​បង្កើតវ៉ាក់សាំង​ទូទៅ​មួយ​ដែល​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណាវិវត្ត​ថ្មី​ទាំងអស់ ហើយ​វ៉ាក់សាំង​នេះ អាច​មាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត។

កាសែត​អង់គ្លេស​នេះ បាន​រាយការណ៍​ថា អ្នក​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Nottingham ដែល​កំពុង​ធ្វើ​ការ​លើ​វ៉ាក់សាំង​នោះ បានផ្តោត​លើ​ស្នូល​នៃវីរុស​នោះ ដែល​កន្លង​មក​វ៉ាក់សាំង​ផ្សេង​មិន​ផ្តោត​លើ។

ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​មាន​ការឆ្លង​ជំងឺ​កូវីដ​១៩​ទូទាំង​សាកល​លោក​ជាង​១០៨,៥​លាន​ករណី។ សហរដ្ឋ​អាមេរិក​មាន​ការឆ្លង​ច្រើន​ជាង​គេគឺ​២៧,៥លានករណី​ បន្ទាប់​មក​ឥណ្ឌា​មាន​១០,៩​លាន​ករណី​ និង​ប្រេស៊ីល​៩,៨លាន​ករណី៕

XS
SM
MD
LG