ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរសខ្មែរ​២៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩ នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​មាន​១៩៧​នាក់​ រួម​ទាំង​អាមេរិកាំង២​នាក់


រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/វីអូអេ)

បុរសខ្មែរ២៦នាក់ទៀតបាន​ឆ្លង​កូវីដ១៩ ដោយ​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​ក្នុង​ប្រទេស​កើន​ដល់​១៩៧​នាក់ រួមទាំង​ជនជាតិ​អាមេរិកាំង២នាក់ និង​១៤០​នាក់​បាន​ជាសះស្បើយ។

បុរស​ជនជាតិ​ខ្មែរ​២៦ ​នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា ​បាន​ឆ្លងវីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ក្នុង​ប្រទេស​កម្ពុជា​ កើន​ដល់​១៩៧​នាក់​ រួម​ទាំង​ជនជាតិ​អាមេរិកាំង​២​នាក់​ផង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១​ខែ​កក្កដា​នេះ ​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចុងក្រោយ​បង្អស់​ទាំង​២៦​នាក់​នេះ មាន​២០​នាក់ ​គឺ​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពីប្រទេស​រុស្ស៊ី​ ៥​នាក់​ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អេហ្ស៊ីប និង​១​នាក់​ទៀត ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង។​

បុរស​ខ្មែរ​ទាំង​២៦​នាក់​នេះ មាន​ទី​លំនៅ​ផ្សេងៗ​គ្នា​នៅ​តាម​ខេត្ត​ក្រុង​ចំនួន​៩ ​រួម​មានខេត្ត​ឧត្តរ​មាន​ជ័យ បន្ទាយ​មានជ័យ សៀមរាប ស្វាយរៀង បាត់ដំបង ត្បូងឃ្មុំ កំពង់​ចាម ក្រុង​ព្រះសីហនុ​ និង​រាជធានី​ភ្នំពេញ។​

ភាគច្រើន​នៃ​បុរស​ទាំង​២៦​នាក់​នេះ មាន​អាយុ​២០​ឆ្នាំ​ប្លាយ​ និង​៣០​ឆ្នាំ​ប្លាយ លើកលែងតែ​បុរស​ម្នាក់​វ័យ​ចំណាស់​ជាង​គេ គឺ​អាយុ​៦៥​ឆ្នាំ ដែល​មាន​ទីលំនៅ​នៅ​ជិត​វត្តទួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល។​

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ​ទាំង​១៩៧​នាក់ ​(ស្ត្រី​៤៣​នាក់​និង​បុរស​១៥៤​នាក់)​នេះ មាន​១៤០​នាក់​ បាន​ជាសះស្បើយ​ឡើង​វិញ​ហើយ។ ចំណែក​អ្នក​ជំងឺទាំង​៥៧​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ដោយ​ក្នុង​នោះ​៤៨​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​៧​នាក់​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​២​នាក់​ទៀត​ ដែល​ជា​ជនជាតិ​អាមេរិកាំង​កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ដាច់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា៕

XS
SM
MD
LG