លោកស្ទីវ ចបស៍ (Steve Jobs) នឹងត្រូវគេស្គាល់ជារៀងរហូតថា ជាបុរសដែលបានធ្វើឲ្យបច្ចេកវិជ្ជាមានភាពងាយស្រួលប្រើសម្រាប់មនុស្សគ្រប់គ្នា ទោះគេមិនមែនជាអ្នកជំនាញក៏ដោយ។ លោកជានិមិត្តរូបនៃបច្ចេកវិជ្ជាក្នុងពិភពលោកផ្នែកកំព្យូរទ័រផ្ទាល់ខ្លួន។
«យើងព្យាមយាមផលិតឧបករណ៍ដែលយើងគិតថា មានភាពអស្ចារ្យហើយមនុស្សទូទៅចង់បាន។ ពេលខ្លះយើងគិតត្រូវ ពេលខ្លះយើងគិតខុស» ។
ជាញឹកញាប់លោកបានគិតត្រូវ។ ពីអាល្លឺម៉ង់ដល់ចិន អតិថិជនបន្តចង់បានផលិតផល Apple។ ហ្វ្រាន់សីស លុន (Francis Lun) អ្នកវិភាគបច្ចេកវិជ្ជានៅទីក្រុងហុងកុងថ្លែងថា៖
«លោកស្ទីវ ចបស៍ បានផ្លាស់ប្តូររបៀបយើងទាញយកតន្ត្រី របៀបប្រើប្រដាប់ស្តាប់នៅត្រចៀក និងរបៀបដែលយើងប្រើកុំព្យូទ័រ»។
លោកចបស៍ មិនបានរៀនចប់ថ្នាក់មហាវិទ្យាល័យទេ។ លោក បានកើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយធំដឹងក្តីនៅតំបន់មួយក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលក្រោយមកត្រូវគេស្គាល់ថា ជាតំបន់ ស៊ីលីខូន វ៉ាលី (Silicon Valley) ដែលជាមណ្ឌលឧស្សាហកម្មបច្ចេកវិជ្ជារបស់សហរដ្ឋអាមេរិក។
នៅឆ្នាំ១៩៧៤ នៅកន្លែងចតឡានរបស់លោក លោក ចបស៍ បានចាប់ផ្តើមផលិតកុំព្យូទ័រ អេបផល ទីមួយ ជាមួយមិត្តរបស់លោក។ លោក ឌេវីឌ ខារូល(David Carroll) ជាសាស្រ្តាចារ្យរងនៃសាលាឆ្នៃម៉ូដ ផាសុន (Parsons) បានថ្លែងថា៖
«ការណ៍ដែលលោកចបស៍ បានឆ្នៃម៉ូដពាណិជ្ជកម្មអាមេរិកាំងឡើងវិញតាំងពីលំដាប់លើ ដល់ក្រោមនិងនៅទូទាំងប្រទេស ជារឿងអស្ចារ្យណាស់។ លោកត្រូវគេចាត់ចូលលំដាប់លោក ថមម៉ាសអេឌីសុន (Thomas Edison) និង ហេនរី ហ្វ៉ដ (Henry Ford) ដូច្នេះលោកជាមនុស្សអស្ចារ្យម្នាក់គ្រប់ជំនាន់»។
នាងចាកឃ្លីន សាន់ដឺររីកហ្កូ (Jacqueline Thunder-Rego) ជាពលរដ្ឋម្នាក់រស់នៅសង្កាត់ ប្រ៊ុកឃ្លីន (Brooklyn) នៃទីក្រុងញូវយ៉ក(New York) ថ្លែងថា៖
«ក្រុមហ៊ុន Apple បានផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សទៅនឹងបច្ចេកវិទ្យា»។
រីឯនាង សាល់ម៉ា រ៉ាហ្សា (Salma Raza) ដែលជាទេសចរណ៍ម្នាក់មកពីទីក្រុងឡុងដ៍ ថ្លែងថា៖
«លោកបានបង្កើតឧបករណ៍ ដែលមានផលប៉ះពាល់ខ្លាំងដល់ពេលអនាគត»។
តែនៅឆ្នាំ២០០៤ លោកចបស៍ បានប្រកាសថា លោកកំពុងទទួលការវះកាត់ដើម្បីព្យាបាលជំងឺមហារីកលំពែង។ ៥ឆ្នាំក្រោយមក លោកបានផ្លាស់ប្តូរថ្លើម។
«ប្រមាណ៥ខែមុន ខ្ញុំបានផ្លាស់ប្តូរថ្លើម។ ឥឡូវនេះ ថ្លើមរបស់មនុស្សអាយុជាង២០ឆ្នាំ នៅក្នុងខ្លួនខ្ញុំ»។
វេជ្ជបណ្ឌិតម៉ាធ្យូ វ៉ស្ហ (Mathew Walsh) ជាអគ្គនាយកផ្នែកវះកាត់ទូទៅនៅគ្លីនិក ឃ្លីវលីន (Cleveland)។
«វាជាប្រភេទជំងឺ ដែលមើលមិនជា រីករាលដាល និងធ្វើឲ្យអ្នកជំងឺអស់កម្លាំង»។
លោកចបស៍ បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុនអេបផល នៅខែសីហា ដែលធ្វើឲ្យអតិថិជនខ្លះព្រួយបារម្ភ។
ស្តេហ្វ៉ាន បុត (Stefan Bott) ជាអតិថិជនរបស់ក្រុមហ៊ុនអេបផល ម្នាក់នៅប្រទេសអាល្លឺម៉ង់ លោក ថ្លែងថា៖
«ខ្ញុំគិតថា ពួកគេនឹងមិនបន្តច្នៃប្រឌិតខ្លាំងទៀតទេ ពីព្រោះលោកជាអ្នកច្នៃប្រឌិត»។
តែអ្នកខ្លះទៀត មានទស្សនៈផ្ទុយពីនេះ។
សូរ៉េល រីសម៉ាន់ (Sorel Reisman) ប្រធានអង្គការ IEEE Computer Society ថ្លែងថា៖
«លោកចបស៍ បានបណ្តុះបណ្តាល អ្នកដទៃក្នុងក្រុមហ៊ុន ដូច្នេះខ្ញុំគិតថា ក្រុមហ៊ុននេះនឹងដំណើរការទៅមុខទៀត»។
ការស្លាប់របស់លោកចបស៍ គឺនៅមួយថ្ងៃក្រោយក្រុមហ៊ុនអេបផល បង្ហាញទូរស័ព្ទ I phone ថ្មីរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសអំពីការស្លាប់របស់លោកចបស៍ ក្រុមហ៊ុនអេបផល បានឲ្យដឹងថា ភាពវ័យឆ្លាត សន្ទុះចិត្ត និងកម្លាំងរបស់លោកចបស៍ ជាប្រភពនៃការឆ្នៃប្រឌិត និងធ្វើឲ្យជីវិតយើងមានភាពប្រសើរឡើង៕
ប្រែសម្រួលដោយលី ម៉ូរីវ៉ាន់