នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងថ្លែងសុន្ទរកថានៅពេលឆាប់ៗនេះ នៅសភាសហរដ្ឋអាមេរិក។ នេះបើតាមប្រធានរដ្ឋសភាខាងគណបក្សសា ធារណរដ្ឋលោក Mike Johnson ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលសង្គ្រាមបន្តឡើងរវាងអ៊ីស្រាអែលនិងពួកជនសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Johnson ថ្លែងថា៖ «យើងនៅពេលឆាប់ៗនេះនឹងធ្វើជាម្ចាស់ផ្ទះរៀបចំទទួលនាយករដ្ឋមន្ត្រី Netanyahu នៅឯវិមានសភាអាមេរិក សម្រាប់សម័យប្រជុំរួមមួយរបស់សភា។ លោកបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះនឹងកត់សម្គាល់នូវ «ការបង្ហាញការគាំទ្រដ៏ខ្លាំងដល់ប្រជាពលរដ្ឋអ៊ីស្រាអែល»។
ការអញ្ជើញនេះកើតមានឡើង បន្ទាប់ពីដំណើរថយក្រោយទ្វេដង ដែលធ្វើឱ្យប៉ះពាល់អ៊ីស្រាអែលនៅសប្តាហ៍នេះ គឺការទទួលស្គាល់ដោយប្រទេសនៅអឺរ៉ុបចំនួនបីដល់រដ្ឋប៉ាឡេស្ទីន និងការប្រកាសរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលនឹងស្វះស្វែងរកដីការចាប់ខ្លួនលោក Netanyahu និងពួកមេដឹកនាំហាម៉ាស់អំពីការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមក្នុងជម្លោះនៃតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិកជាអ្នកគាំទ្រមិនងាករេដល់អ៊ីស្រាអែលនៅក្នុងសង្គ្រាមរបស់ខ្លួន ដែលបណ្តាលមកពីការវាយប្រហារឆ្លងកាត់ព្រំដែនដ៏រន្ធត់នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដោយពួកជនសកម្មប្រយុទ្ធហាម៉ាស់។
ក៏ប៉ុន្តែ លោកប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យ បានបង្កើនការដាក់សម្ពាធលើលោក Netanyahu ឱ្យបង្អន់កិច្ចប្រតិបត្តិការរបស់លោក នៅក្នុងតំបន់ហ្កាហ្សា នៅពេលដែលមានការកើនឡើងនូវចំនួនស្លាប់របស់ជនស៊ីវិល ហើយបានគំរាមកំហែងបញ្ឈប់ការផ្គត់ផ្គង់អាវុធ ជាគោលនយោបាយមួយ ដែលជំទាស់ប្រឆាំងដោយគណបក្សសាធារណរដ្ឋ។
សេតវិមានបានសម្តែងនូវការខកចិត្តជាមួយអ៊ីស្រាអែល អំពីកិច្ចប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah នៃតំបន់ហ្កាហ្សា ជាទីកន្លែងដែលមនុស្សជាង១លាននាក់កំពុងជ្រកពួន។
សង្គ្រាមដ៏បង្ហូរឈាមបំផុតនៅតំបន់ហ្កាហ្សាបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានកាលពីពេលមុនរបស់ក្រុមហាម៉ាស់ទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១.១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕
វេទិកាបញ្ចេញមតិ