លោក Neil Gorsuch នឹងស្បថចូលកាន់តំណែងជាចៅក្រមនៅក្នុងតុលាការកំពូលសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ គឺក្នុងរយៈពេល ១៤ ខែក្រោយមក បន្ទាប់ពីលោកចៅក្រម Antonin Scalia បានទទួលមរណភាព។
លោកចៅក្រមថ្មីនឹងធ្វើការស្បថដែលច្បាប់តម្រូវឲ្យធ្វើ ចំនួនពីរដងនៅក្នុងពិធីពីរផ្សេងគ្នា។
ការស្បថលើកទីមួយនឹងធ្វើឡើងជាលក្ខណៈឯកជន ដែលរៀបចំដោយលោកប្រធានចៅក្រម John Roberts នៅឯតុលាការកំពូល។ បន្ទាប់មក លោកចៅក្រម Anthony Kennedy នឹងរៀបចំការស្បថមួយលើកទៀតនៅក្នុងពិធីមួយនៅឯសួនច្បារផ្កាកុលាបនៅក្នុងបរិវេណសេតវិមាន ដោយមានលោកប្រធានាធិបតី Donald Trump និងលោកអនុប្រធានាធិបតី Mike Pence ចូលរួមផងដែរ។
លោក Trump បានជ្រើសរើសលោក Gorsuch ឲ្យចូលបំពេញតំណែងចៅក្រមដែលទំនេរនៅក្នុងតុលាការកំពូល កាលពីចុងខែមករា ហើយកាលពីសប្ដាហ៍មុន ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានផ្ដល់សច្ចានុមតិដល់លោក Gorsuch នៅក្នុងសំឡេង ៥៤ លើ ៤៥ សំឡេង។
មិនមានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋរូបណាដែលបោះឆ្នោតប្រឆាំងនឹងលោក Gorsuch នោះទេ។ មានតែសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យតែ ៣ រូបប៉ុណ្ណោះ ដែលគាំទ្រចំពោះការផ្ដល់សច្ចានុមតិដល់លោក Gorsuch៕