សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បី «បង្កើតមាគ៌ាឆ្ពោះទៅមុខមួយ» ក្នុងការធានាឱ្យមាននូវបទឈប់បាញ់មួយស្តីពីសង្គ្រាមក្នុងតំបន់ហ្កាហ្សា ក្រោយពីក្រុមហាម៉ាស់បានឆ្លើយតបលើសំណើពហុដំណាក់កាល ដោយមានការកែប្រែមួយចំនួន។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរមួយចំនួនរបស់ក្រុមហាម៉ាស់មាន«លក្ខណៈសាមញ្ញនិងតិចតួចប៉ុណ្ណោះ» ដែលអាចសម្របសម្រួលបាន ខណៈការផ្លាស់ប្តូរមួយចំនួនទៀតមិនមានលក្ខណៈស្របគ្នា ទៅនឹងសំណើលម្អិតដែលបានលើកឡើងដោយប្រធានាធិបតី Joe Biden ឬក៏ស្របទៅលើខ្លឹមសារដែលត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ។
លោក Sullivan បាននិយាយដោយប្រយ័ត្នប្រយែងថា ការងារចរចាដែលពាក់ព័ន្ធនឹងការពិភាក្សាដោយប្រយោលជាមួយមន្ត្រីប្រទេសអេហ្ស៊ីប និងកាតា អាចចម្រើនទៅមុខដោយប្រើពេលច្រើន។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា សំណើឱ្យមានបទឈប់បាញ់ ជាសំណើមួយរបស់អ៊ីស្រាអែល ហើយលោក Sullivan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលគាំទ្រសំណើនេះ។
ទន្ទឹមនឹងនេះដែរ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅចំនួន ៤៥ នៅទូទាំងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលក៏បានរាយការណ៍ពីប្រតិបត្តិការថ្មើរជើងនិងការវាយប្រហារតាមអាកាសក្នុងតំបន់ទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក៏ដូចជាប្រតិបត្តិការនៅភាគកណ្តាលតំបន់ហ្កាហ្សាផងដែរ៕
អ្នកស្រី Nike Ching ប្រធានការិយាល័យព័ត៌មាន VOA ប្រចាំក្រសួងការបរទេសនិងអ្នកស្រី Kim Lewis ចូលរួមផ្តល់ព័ត៌មានសម្រាប់សេចក្តីរាយការណ៍នេះ។ រីឯព័ត៌មានខ្លះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Reuters និង Agence France-Presse។
វេទិកាបញ្ចេញមតិ