ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប ​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​នា​ថ្ងៃ​អាទិត្យ​ខាងមុខ


ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់អំណាច​​ ប្រាប់ VOA ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ចំពោះ​ការ​ធ្វើ​ការងារ​របស់​ ​គ.ជ.ប​ ​និង​យល់​ព្រម​ទទួល​យក​រាល់​លទ្ធ​ផល​ដែល​ប្រកាស​ដោយ គ.ជ.ប ។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(គ.ជ.ប)​ ​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ​អាណត្តិ​ទី​៤ ​ជា​ផ្លូវការ​ ​នា​ថ្ងៃ​អាទិត្យ​ខាងមុខ​ ​បន្ទាប់​ពី​ គ.ជ.ប​ ​បាន​បញ្ចប់​ការ​ដោះស្រាយ​បណ្ដឹង​នានា និង​សម្រេច​បិទ​ផ្លូវ​តវ៉ា។​ ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ​នឹង​ធ្វើ​ឡើង​ចំនួន​ពីរ​លើក​ ​គឺ​ពេល​ព្រឹក ​និង​ពេល​យប់​ថ្ងៃ​ទី​២៥​ ​ខែ​មិថុនា។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ គ.ជ.ប។

លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​គ.ជ.ប​ ​បាន​សម្រេច​បិទ​ផ្លូវ​តវ៉ា​ត្រឹម​ថ្ងៃ​ទី​២០​ ​ខែ​មិថុនា​ ​ដោយ​រង់ចាំ​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវការ​នា​ពេល​ខាងមុខ។​

លោក​មាន​ប្រសាសន៍​ថា៖

«នេះ​ជា​ការ​បិទ​ផ្លូវ​តវ៉ា​ ​ហើយ​ជា​ការអនុវត្ត​ទៅ​តាមច្បាប់​ហើយ ទោះបីជា​ សប្បាយ​ចិត្ត ឬក៏​មិន​ទទួល​យក​បែប​ណា ដំណើរ​ការ​នៃ​ទិដ្ឋភាព​ច្បាប់​បាន​បិទ​ផ្លូវ​តវ៉ា​ហើយ។ អញ្ចឹង​នេះ​គឺ​ជា​អ្វី​ដែល​ គ.ជ.ប នឹង​ត្រូវ​ធ្វើការ​បូក​សរុប​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្ស​នយោបាយ​ណា​បាន​ទទួល​ការ​គាំទ្រ​ប៉ុន្មាន»។

រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក ហង្ស ពុទ្ធា​ ​បន្ថែម​ថា​ ​លទ្ធ​ផល​បោះឆ្នោតផ្លូវ​ការ​នឹង​ត្រូវ​ប្រកាស​២​ដង​ក្នុង​ថ្ងៃ​ទី​២៥​ ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​(ទ.ទ.ក)​ ​នា​ម៉ោង​៩ព្រឹក​ម្ដង និង​ម៉ោង​៧​ល្ងាច​ម្ដង​ ​ព្រមទាំង​មាន​ផ្សព្វផ្សាយលើ​គេហទំព័រ​របស់​ គ.ជ.ប ផង​ដែរ។ ក្នុង​ករណី​ដែល​មានការ​តវ៉ា​មិន​សុខ​ចិត្ត​ក្រោយ​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ នោះ គ.ជ.ប នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប ចេញ​កាល​ពី​ថ្ងៃ​ទី២០​ ​ខែ​មិថុនា​ ​បញ្ជាក់​ថា​ ​គ.ជ.ប​ ​បាន​បិទ​បញ្ចប់​ការ​ទទួល​ពាក្យបណ្ដឹង​ ​ទាក់ទង​នឹង​ការ​មិន​សុខចិត្ត​ទៅ​នឹង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​អាណត្តិ​ទី៤ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ ក្នុង​នោះ​ គ.ជ.ប​ ​បាន​ទទួល​ពាក្យបណ្ដឹង​ចំនួន​៦៤​ ​និង​បាន​បញ្ចប់​ការដោះស្រាយ​ត្រឹម​ថ្ងៃទី២០​ ​ខែ​មិថុនា​ ​ដែល​បណ្ដឹង​ទាំង​នោះរួមមាន​ ​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ចំនួន​៤៦​បណ្ដឹង​ ​និង​បណ្ដឹង​សុំ​ផ្ដន្ទាទោស​ចំនួន​១៨​បណ្ដឹង។​ ​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះបន្ថែម​ថា​ ​បណ្ដឹង​ចំនួន ​១៥​ផ្សេងទៀត​ដែល​គណបក្ស​នយោបាយ​បាន​ប្ដឹង​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ ​គ.ជ.ប​ ​បាន​សម្រេច​ធ្វើ​លិខិត​ជូនដំណឹង​ទៅ​កាន់​គណបក្ស​នយោបាយ​ទាំង​នោះវិញ​ ​ដោយ​លើក​ឡើង​ថា បណ្ដឹងទាំង​នោះ​មិន​គ្រប់​ធាតុផ្សំ​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​មក​ ​គ.ជ.ប។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់អំណាច ប្រាប់ VOA ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ចំពោះ​ការ​ធ្វើ​ការងារ​របស់​ ​គ.ជ.ប​ ​និង​យល់​ព្រម​ទទួល​យក​រាល់​លទ្ធ​ផល​ដែល​ប្រកាស​ដោយ គ.ជ.ប ។​

លោក​បញ្ជាក់​ថា៖

«គ.ជ.ប​ ​ជា​យើង​អ្នក​បង្កើត​ ​ហើយ​យើង​បាន​ប្រគល់​ភារកិច្ច​ជូនគាត់​ធ្វើ ហើយ​កន្លងទៅ​យើង​បាន​តាមដាន​សង្កេត​មើល​ឃើញ​ថា​ ​គ.ជ.ប​ ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួនប្រកប​ដោយស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​រួច​ហើយ។​ ​អញ្ចឹង​ទេ​ លទ្ធ​ផល​នៃ​ការ​ងារ​របស់​ ​គ.ជ.ប​ ​ដែលប្រកាស​លទ្ធផល​នា​ពេល​ខាង​មុខ​នេះ យើង​នឹង​ទទួល​ស្គាល់»។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

សម្រាប់​លោក​ស្រី​ ម៉េង​ សុភារី​ ​ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះ​ជាតិ​ លើក​ឡើង​ថា​ ​គ.ជ.ប ​បាន​ច្រាន​ចោល​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​មួយ​ចំនួន និង​បាន​សម្រេច​បិទ​ផ្លូវ​តវ៉ា ដោយគ្មាន​មូលហេតុ​ច្បាស់លាស់។

លោកស្រី​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អស់​ចិត្តនឹង​ការ​សម្រេច​របស់​ ​គ.ជ.ប​ ​តែ​គ្មាន​ជម្រើស​ក្រៅពី​ការ​បង្ខំ​ចិត្តទទួល​យក​លទ្ធ​ផល ​ដែលនឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេលខាង​មុខ។​

លោកស្រី​បញ្ជាក់​ថា៖

«ដោយសារ​តែ​ការ​បិទ​ផ្លូវ​តវ៉ា​អញ្ចឹង​ ​គឺ​យើង​មិន​អាច​តវ៉ា​ទៅ​ណា​បាន​ទៀត​ទេ ក៏​ប៉ុន្តែ​គ្រាន់តែ​ថា​ការ​ដែល​ គ.ជ.ប សម្រេច​អត់​ធ្វើការ​រាប់លើ​សន្លឹក​ឆ្នោត​ផ្សេងៗ​ទៀត​ដែល​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ប្ដឹង​ហ្នឹង គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អស់​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​ហ្នឹង​ ​មាន​ន័យ​ថា​ ​ចាញ់​ដោយ​មិន​អស់​ចិត្ត។ ដូច្នោះ​ហើយ​មាន​តែ​ទទួល​យក​សេចក្ដី​សម្រេច​ហ្នឹង ប៉ុន្តែ​គ្រាន់តែ​ថា​ ​កន្លែង​ដែល​យើង​អាចប្ដឹង​បាន​ អត់​មាន​ស្ថាប័ន​ណាផ្សេង​ទៀត​ទេ មាន​តែ​ប្ដឹង​ទៅ​ប្រជា​ពលរដ្ឋ​ប៉ុណ្ណឹងឯង»។​

លោកស្រី​ ​ម៉េង សុភារី​ ​បន្ថែម​ថា​ ​ពាក្យ​បណ្ដឹង​ភាគ​ច្រើនប្ដឹង​ពាក់ព័ន្ធ​នឹង​ប្រភេទ​គំនូស​ដែល​ប្រជា​ពលរដ្ឋគូស​លើ​សន្លឹក​ឆ្នោត​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ ​គ.ជ.ប​ ​បាន​ប្រកាស​ ​ប៉ុន្តែ​លោកស្រី​ថា​ ​គំនូសទាំ​ង​នោះ​សុទ្ធ​តែ​ជា​ គំនូស​ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ​និង​អាច​យក​ជា​ការ​បាន។​

លោកស្រី​បានសំណូម​ពរ​ឲ្យ​ ​គ.ជ.ប​ ​មាន​ចំណាត់​ការ​ ​និង​រៀប​ចំ​ឲ្យ​បាន​ហ្មត់​ចត់​ពាក់ព័ន្ធ​នឹង​ការ​កំណត់​យក​ប្រភេទគំនូស​ដែលគូស​ដោយ​ប្រជាពលរដ្ឋ​ ​ដើម្បី​ឲ្យ​ពួកគាត់​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំបាន​ត្រឹម​ត្រូវ។​

បើ​តាម​តួលេខ​ដែល​ចេញ​ដោយ​គ.ជ.ប.​ ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​កាលពី​ដើម​ខែ​មិថុនា​នេះ​ ​មាន​ចំនួន​ជាង​៧លាន​នាក់​ ​ស្មើ​នឹង​ជិត​៩០​ភាគរយ​ ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត ​៨​លាន​នាក់។

គណបក្ស​ប្រជា​ជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បង្ហាញ​លទ្ធផល​ឆ្នោត​បឋម​រៀងៗខ្លួន ដែល​ពួកគេ​ទទួល​បាន​នៅ​តាម​ឃុំ-សង្កាត់​សរុប​ចំនួន១,៦៤៦​ ​ទូទាំង​ប្រទេស។​ ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​ឃុំ-សង្កាត់​ចំនួន​១,១៥៨​ ​ដែល​ថយ​ចុះ​ពី​ ​១,៥៩២​ឃុំ-សង្កាត់ ​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១២។​ ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​ឃុំ​សង្កាត់​ជិត​៥០០​ បើ​ធៀប​នឹង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ដែល​នៅ​ពេល​នោះ គណបក្ស​ប្រឆាំង​នេះ ទទួល​បាន​ត្រឹមតែ​ចំនួន​៤០​ឃុំ-សង្កាត់​ ដោយ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិមនុស្ស​នោះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG