ជនចំណាកស្រុកជនជាតិលីប៊ីយ៉ាងហោចណាស់ក៏៩៧នាក់ដែរ ត្រូវគេបារម្ភថា បានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានលិចកាលពីថ្ងៃព្រហស្បត៍ខណៈដែលស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅពេលដែលធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប នេះតាមការបញ្ជាក់របស់មន្ត្រីលីប៊ី។
អ្នកនាំពាក្យឆ្មាំការពារដែនសមុទ្រលីប៊ីនិយាយថា ពួកអាជ្ញាធរបានជួយសង្គ្រោះជនចំណាកស្រុក២៣នាក់ដែលស្ថិតនៅចម្ងាយបីបួនគីឡូម៉ែត្រពីផ្ទៃទឹកលីប៊ីបន្ទាប់ពីបានទទួលការហៅទូរស័ព្ទក្នុងគ្រាមានអាសន្នពីទូកដែលកំពុងលិចរបស់ពួកគេនោះ។
លោកAyoub Gassimអ្នកនាំពាក្យបាននិយាយថា នៅពេលដែលឆ្មាំការពារដែនសមុទ្រទៅដល់ ទូកដែលពោរពេញទៅដោយជនចំណាកស្រុកជាតិអាហ្វ្រិក បានលិចទាំងស្រុង។
លោកនិយាយទៀតថា ពួកអ្នករស់រានមានជីវិតទាំងអស់ជាបុរសដែលត្រូវបានរកឃើញបណ្តែតខ្លួននៅលើឧបករណ៍អណ្តែតនៅលើទឹក។ មនុស្សផ្សេងទៀតប្រហែលស្លាប់។
ប្រទេសលីប៊ីចាត់ទុកជាកន្លែងចាប់ផ្តើមដ៏មានប្រជាប្រិយភាពមួយសម្រាប់ជនចំណាកស្រុក ភាគច្រើនមកពីប្រទេសនានានៅតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិកដើម្បីព្យាយាមឲ្យទៅដល់តំបន់អឺរ៉ុប។ ពួកអ្នករត់ពន្ធមនុស្សបានប្រើប្រាស់ទូកដ៏ទ្រុឌទ្រោមដើម្បីដឹកជនចំណាកស្រុករាប់ពាន់នាក់ធ្វើដំណើរយ៉ាងឆ្ងាយ និងប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេនេះ។
មនុស្សដ៏ច្រើនបានលង់ទឹកស្លាប់ដូចជាការភ័យខ្លាចដែលបានកើតមានឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ កំពុងក្លាយជាការធម្មតានៅពេលដែលពួកអ្នករត់ពន្ធមនុស្សព្យាយាមដឹកជញ្ជូនមនុស្សឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបាននៅលើទូកដ៏ទ្រុឌទ្រោមនេះ៕